ព័ត៌មានជាតិ

លោក អ៊ូ ច័ន្ទរ័ត្ន បារម្ភវិធានការអាជ្ញាធរ ក្នុងថ្ងៃសវនាការជាសាធារណៈ លើលោក កឹម សុខា ថ្ងៃ១៥មករា

ភ្នំពេញ ៖ ខណៈបាំងតែ២ថ្ងៃទៀតប៉ុណ្ណោះ សវនាការជាសាធារណៈ លើការជំនុំជម្រះក្តីក្បត់ជាតិ លោក កឹម សុខា នឹងចូលមកដល់ ពេលនោះនឹងចាត់វិធានការ ការពារសុវត្ថិភាពនានា នៅចំពោះបរិវេណ នៃសាលាដំបូងរាជធានីភ្នំពេញ ចំពោះការអនុញ្ញាត ឲ្យសាធារណជន ចូលស្តាប់ជាសាធារណៈ ត្រឹមតែ៣០នាក់។ វិធានការណ៍នេះ បានធ្វើឲ្យ លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ បានសម្តែងការព្រួយបារម្ភ។

លោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ថា “សវនាការករណីលោកប្រធាន កឹម សុខា ថ្ងៃទី១៥ មករា ២០២០ នេះ ខ្ញុំមានការព្រួយបារម្ភ ក្នុងការចូលរួមសង្កេតការណ៍ និងគាំទ្រទឹកចិត្ត ដល់ការតស៊ូរបស់លោក។ ខ្ញុំបានឃើញការព្រួយបារម្ភ និងវិធានការណ៍ របស់អាជ្ញាធររាជរដ្ឋាភិបាល ហាក់ដូចជាលើសពីអ្វីដែលអាចកើតឡើង ដែលអាចក្លាយជាការរឹតត្បិត និងធ្វើឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋ” ។

លោកយល់ថា នឹងប៉ះពាល់សិទ្ធិសេរីភាពប្រជាពលរដ្ឋ និងប៉ះពាល់ដល់រូបភាពសន្តិភាព ដែលជាមោទកភាពរបស់រាជរដ្ឋាភិបាល។

លោកបានអំពាវនាវ ដល់អាជ្ញាធរមានការប្រយ័ត្នប្រយែង ក្នុងការអនុវត្តវិធានការណ៍ ចំពោះប្រជាពលរដ្ឋដោយអនុគ្រោះ និងអំពាវនាវដល់ដែលចូលរួម គាំទ្រទឹកចិត្តលោកប្រធាន កឹម សុខា រក្សាឲ្យបាននូវរបៀបរៀបរយ និងអហិង្សា។

បើតាមសេចក្តីរាយការណ៍នៅថ្ងៃ១៥ មករា នេះ កងកម្លាំងមានសមត្ថកិច្ច នឹងដាក់ពង្រាយការពារសន្តិសុខ សណ្តាប់ធ្នាប់ជាច្រើននាក់ផងដែរ ៕

To Top