ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំការកែសម្រួលបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងវេនការងាររបស់កម្មករ នៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានដំណើរការលើសពី ១វេនជាប្រចាំ ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួង ការកែសម្រួលនេះ ដើម្បីបង្កើនភាពទាក់ទាញ ឧស្សាហកម្មទំនើបដូចជា រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារ ជាដើមនិងបង្កើនការងារ ជូនប្រជាពលរដ្ឋ។ ដោយឡែក រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលធ្វើការលើសពី ១វេនម្តងម្កាល គឺនៅបន្តអនុវត្តបទប្បញ្ញត្តិ ដែលមានជាធរមាន។
ការរៀបចំកែសម្រួលនេះ ត្រូវបានក្រសួងប្រកាសថា នឹងរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគី ស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ខាងមុខ។ សិក្ខាសាលានេះ មានការចូលរួម ពីតំណាងភាគីសហជីពចំនួន១៨រូប តំណាងភាគីនិយោជកចំនួន ១៧រូប និងដៃគូរបស់ក្រសួងចំនួន ១១រូប នេះ។
ជាមួយគ្នានេះ សិក្ខាសាលាក៏ពិភាក្សា លើការពង្រីកវិសាលភាពសេវាកម្ម របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទបុគ្គល ដើម្បីពង្រឹងប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារ និងឆ្លើយតបនឹងតម្រូវការរបស់ភាគី វិវាទព្រមទាំងកាន់តែធានាបាន នូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
ព្រមទាំងការពិភាក្សា ការលុបឈប់នៅថ្ងៃបន្ទាប់ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍ ផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារ និងពង្រឹងភាព ប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជា ទាំងក្នុងតំបន់ និងសកលលោក។
សិក្ខាសាលាពិគ្រោះយោបល់លើកទី១នេះ នឹងផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ ក្នុងការពិនិត្យនិងពិភាក្សា ផ្តល់ធាតុចូលនានា សំដៅការពារផលប្រយោជន៍កម្មករ និយោជិត និងនិយោជក។ ក្រសួងនឹងបន្តសហការ ជាមួយដៃគូពាក់ព័ន្ធ ជាពិសេសអង្គការ ILO រៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងកិច្ចប្រជុំពិគ្រោះយោបល់ ជាលក្ខណៈត្រីភាគីបន្តទៀត ដើម្បីបន្តប្រមូលធាតុ ចូលពីគ្រប់ភាគីពាក់ព័ន្ធ៕