ព័ត៌មានជាតិ

និស្ស័យខ្ញុំ និង ចិន

កំណាព្យបុរាណចិន មួយបានពោលថា “ទោះខ្ញុំទើបជួបអ្នកលើកទីមួយ ប៉ុន្តែអារម្មណ៍យើង ស្និទ្ធសា្នលប្រៀបដូច ជាសាច់ញាតិនឹងគ្នា” ។ កំណាព្យមួយឃ្លានេះ ប្រើសម្រាប់ពណ៌នា អំពីនិស្ស័យខ្ញុំ និងប្រទេសចិន ពិតជាស័ក្តិសមខ្លាំងណាស់ ។ ជាក់ស្ដែង កាលពីឆ្នាំ២០១៦ ក្រោមបរិបទមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា ប្រទេសកំណើតខ្ញុំ និងចិន ខ្ញុំមានឱកាសកម្រដ៏ប្រពៃ ដោយទទួលបានអាហារូបករណ៍ ពីកម្មវិធីជំនួយបណ្តុះបណ្តាល បរទេសរបស់ចិន ដើម្បីបន្តការសិក្សា ថ្នាក់អនុបណ្ឌិត រដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យ ឈីងហ័រ (Tsinghua University) រដ្ឋធានីប៉េកាំង ។

នេះជាលើកដំបូង ក្នុងឆាកជីវិត ដែលខ្ញុំ បានឈានជើងចូលទឹកដី មហាសាលនេះ ហើយអ្វីដែលនាំឲ្យខ្ញុំភ្ញាក់ផ្អើល និងចាប់អារម្មណ៍បំផុត គឺជីវភាពរស់នៅ និងមុខមាត់ពិត របស់ចិន ដែលមានសភាពខុសប្លែក អំពីអ្វីដែលខ្ញុំធ្លាប់ដឹងឮ និងស្ទើរតែខុសស្រឡះ អំពីទស្សនៈរបស់ប្រជាពលរដ្ឋខ្មែរ មួយចំនួន ដោយចិនបានអភិវឌ្ឍ ដល់ចំណុចនឹកស្មាន មិនដល់ទាំងផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា ប្រព័ន្ធអប់រំ ។ ល។ មិនតែប៉ុណ្ណោះ ប្រជាជនចិនមានសេរីភាពគ្រប់គ្រាន់ ក្នុងការរស់នៅ ប្រកបរបរ ធ្វើអាជីវកម្ម ជាពិសេសខ្ញុំ មើលឃើញថា ជនជាតិចិន ពិតជាបើកចំហរ ចង់បង្កើតមិត្តដោយស្មោះស័្មគ្រ ជាមួយគ្រប់ជាតិសាសន៍ ដែលនេះនាំឲ្យខ្ញុំ មានអារម្មណ៍ស្និទ្ធស្នាល ប្រៀបដូចស្រុកកំណើត ខ្លួនដូច្នេះដែរ ។

បទពិសោធន៍រយៈពេល ២ ឆ្នាំនាំមកនូវអនុស្សាវរីយ៍ មានតម្លៃជាច្រើនសម្រាប់ខ្ញុំ ។ អំឡុងពេលទំនេរពីការសិក្សានៅទីនោះ ខ្ញុំបានធ្វើដំណើរទៅ ១៨ ខេត្ត-ក្រុងទូទាំងចិន ដើម្បីសិក្សា ស្វែងយល់កាន់តែច្បាស់ អំពីភាពរីកចម្រើន សក្ដានុពលសេដ្ឋកិច្ច និងវប្បធម៌ប្រពៃណីយ៉ាងសំបូរបែបរបស់ចិន ។ ក្នុងនោះដែរ រឿងរ៉ាវ ដែលដក់ជាប់ ក្នុងអារម្មណ៍ខ្ញុំជានិច្ចកាល គឺដំណើរកំសាន្តកម្មសិក្សារយៈពេលខ្លី ដែលសហការ រៀបចំដោយសាកលវិទ្យាល័យ ឈីងហ័រ សាកលវិទ្យាល័យ Harvard និងសម្ព័ន្ធយុវជន បក្សកម្មុយនីស្តចិន ខេត្ត Zhejiang កាលពីឆ្នាំ២០១៧ ។ កម្មវិធីនេះ មានឈ្មោះថា “យុវជនឆ្នើមពិភពលោក ដើរចូលទីក្រុង Jinhua” ឬជាភាសាអង់គ្លេស “World Outstanding Youth: Jinhua Summer Practice” ដែលមានសិក្ខាកាមជានិស្សិតបរទេសមកពី ៩ ប្រទេស សរុបទាំងអស់ចំនួន ២០រូប។ ក្នុងរយៈពេលជាង ២ សប្ដាហ៍ ខ្ញុំ និងសិក្ខាកាមផ្សេងទៀត បានចុះសិក្សាស្វែងយល់ផ្ទាល់អំពីភូមិ ឃុំ ប្រកបដោយលក្ខណៈពិសេសរបស់ចិន តំបន់ពាណិជ្ជកម្ម អេឡិចត្រូនិច និងការគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិ របស់ទីក្រុង Jinhua រួមជាមួយកម្មវិធីស្វែងយល់ ពីវប្បធម៌ប្រពៃណី តាមរយៈមេរៀនក្បាច់គុណបុរាណចិន របៀបធ្វើអាហារ សម្រន់ប្រពៃណី។ល។ ទាំងអស់នេះ បានធ្វើឲ្យខ្ញុំទទួលបានចំណេះដឹង និងមានមនោសញ្ចេតនា កាន់តែជ្រាលជ្រៅ ចំពោះភាពទាក់ទាញនៃ វប្បធម៌ប្រពៃណី និងប្រវត្តិសាស្រ្តល្អ ចំណានរបស់ចិន។ ទីក្រុង Jinhua មានរដ្ឋបាល ដែលផ្តល់សេវាសាធារណៈល្អប្រសើរ ផែនការអភិវឌ្ឍន៍ និងវិធីសាស្រ្តទាក់ទាញការវិនិយោគ យន្តការលើកទឹកចិត្ត យុវជនបង្កើតមុខរបរថ្មីៗ និងយុទ្ធនាការប្រឆាំង អំពើពុករលួយ យ៉ាងមានប្រសិទ្ធភាព ដែលជាមេរៀនយ៉ាងកម្រសម្រាប់ខ្ញុំ ដើម្បីសិក្សាដកពិសោធន៍យកទៅអភិវឌ្ឍ ស្រុកកំណើតខ្ញុំនាថ្ងៃមុខ ។ ខ្ញុំជឿជាក់ថា ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគ្រប់ជ្រុងជ្រោយ នៃបក្សកម្មុយនីស្តចិន ដែលមានលោកប្រធានាធិបតី Xi Jinping ជាស្នូល ពិតជានឹងនាំមក នូវភាពសុខដុមរមនា និងភាពសម្បូរសប្បាយ ជូនប្រជាជនចិន ទាំងមូលជាក់ជាមិនខាន ។

សុភាសិតចិនមួយឃ្លាពោលថា “មនុស្សរួមដំណើរបីនាក់ គង់តែមានម្នាក់ នឹងក្លាយជាគ្រូខ្ញុំ” ។ នៅក្នុងដំណើរទាំងការសិក្សា និងការរស់នៅរយៈពេល ២ ឆ្នាំនេះ ខ្ញុំបានជួប រាប់អាន និងរៀនសូត្រពីមនុស្សជាច្រើន ទាំងមិត្តភក្តិជនជាតិចិន និងជនបរទេសផ្សេងទៀត ដែលនេះនាំឲ្យខ្ញុំ នឹកគិតអំពីអន្តរភាវូបនីយកម្ម ក្នុងបរិបទប្រទេសចិនសព្វថ្ងៃ ដែលចម្រុះដោយធនធាន មនុស្សប្រកបដោយសមត្ថភាព និងបទពិសោធន៍ល្អជាច្រើន។ វប្បធម៌នៃការប្រាស្រ័យទាក់ទងនេះ ជួយខ្ញុំឲ្យស្គាល់ពិភពលោកកាន់តែទូលំទូលាយ នាំគំនិតត្រិះរិះពិចារណារបស់ខ្ញុំ ឆ្ពោះទៅរកចក្ខុវិស័យវែងឆ្ងាយ ដែលជាទុនមិនអាចកាត់ថ្លៃ និងខ្វះបានក្នុងការអភិវឌ្ឍសមត្ថភាព ផ្ទាល់ខ្លួន និងបានផ្ដល់ ប្រយោជន៍ដល់ខ្ញុំ ទាំងក្នុងកិច្ចការងារបច្ចុប្បន្ន និងថ្ងៃអនាគត ។ យ៉ាងណាមិញ “គ្មានការជួបជុំណាមួយ ដែលមិនបែកគ្នានោះទេ” ការសិក្សាថ្នាក់អនុបណ្ឌិតខ្ញុំត្រូវបានបញ្ចប់នៅឆ្នាំ ២០១៨ ប៉ុន្តែវាមិនមែនជាទីបញ្ចប់នៃសាច់រឿងរវាងខ្ញុំ និងប្រទេសចិន ជាមួយជនជាតិចិនឡើយ។ នៅពាក់កណ្តាលឆ្នាំ២០១៧ ខ្ញុំ និងក្រុមការងារបានខិតខំប្រឹងប្រែងបង្កើតជា “សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន” ដើម្បីផ្ដល់ជាវេទិកាប្រឹក្សា និងសម្របសម្រួល ជូនសិស្សនិស្សិតកម្ពុជា ក្នុងគោលបំណង ដើម្បីទទួលបានឱកាសអាហារូបករណ៍កាន់តែច្រើន និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងដើរតួនាទីជាស្ពាន ក្នុងទំនាក់ទំនងរវាងនិស្សិតខ្មែរទូទាំងប្រទេសចិន និងរវាងនិស្សិតខ្មែរ និងនិស្សិតចិន និងនិស្សិតបរទេសផ្សេងទៀតផងដែរ។ ក្នុងនាមជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមនេះ ខ្ញុំនៅតែបន្តខិតខំធ្វើឱ្យវេទិកានេះ ដំណើរការជាស្ពានមិត្តភាព សម្រាប់យុវជនបានយ៉ាងគាប់ប្រសើរ ក្នុងក្តីសង្ឃឹមរឹតចំណងនិស្ស័យរវាងខ្ញុំ និងចិនឲ្យនៅបន្ត និងកាន់តែស្និទ្ធស្នាល ។

តាមប្រសាសន៍លោកប្រធានាធិបតី Xi Jinping លើកឡើងថា “កម្ពុជា និងចិន គឺជាមិត្តដែកថែបនឹងគ្នា”។

បច្ចុប្បន្នទំនាក់ទំនងប្រពៃណី រវាងប្រទេសទាំងពីរ បាននិងកំពុងស្ថិតក្នុងដំណាក់កាលខ្ពស់មួយ នៃប្រវត្តិសាស្រ្ត ហើយនឹងបន្តវិវត្តន៍ ទៅមុខជាបន្តបន្ទាប់។ កូនឈើមិត្តភាព ផ្ដល់កំណើតដោយសម្ដេចព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុនៗ សព្វថ្ងៃបានរីកលូតលាស់ ជាដើមឈើពេញវ័យ ដែលមានឫសរឹងមាំ និងមែកធាងល្អប្រពៃណាស់។ ទំនុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងស្អិតរមួត នៃប្រជាជាតិទាំងពីរ គឺជាសមិទ្ធផលផ្លែផ្កា ដែលកើតមានតាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំបច្ចុប្បន្ន នៃប្រទេសទាំងពីរ ហើយនឹងនាំមកនូវផល ប្រយោជន៍ជាក់ស្ដែងកាន់ តែច្រើនជូនដល់ប្រជាពលរដ្ឋទាំងពីរប្រទេស។
តាមរយៈកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ យុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ កិច្ចសហការក្នុងវិស័យ ប្រឆាំងអំពើពុករលួយ បានក្លាយជាប្រធានបទសំខាន់ ដែលមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំ ដូច្នេះក្នុងនាមជាមន្រ្តី នៃអង្គភាពប្រឆាំងអំពើពុករលួយ ខ្ញុំរឹតតែមានភាពចាំបាច់ ក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយចិន ក្នុងន័យបន្តផ្លាស់ប្ដូរបទពិសោធន៍ និងសិក្សាទៅវិញទៅមកដើម្បីកិច្ចអភិវឌ្ឍ និងភាពជោគជ័យរួមនៃប្រទេសទាំងពីរ។

                   Mr.Heng Chenhak ហេង ជិនហាក់     អង្គភាពប្រឆាំងអំពើពុករលួយ

អត្ថបទនេះ មកពីការប្រកួតប្រជែងអត្ថបទអំពី “រឿងព្រេងប្រទេសចិនរបស់ខ្ញុំ ” ដែលរៀបចំដោយការិយាល័យទីប្រឹក្សា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិន ប្រចាំនៅប្រទេសកម្ពុជា។

To Top