ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ទទួលស្គាល់ថា អត្រាភាគទាន របបសន្តិសុខសង្គម នៅកម្ពុជា ទាបជាងបណ្ដា ប្រទេសអាស៊ាន

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា បើប្រៀបធៀបរបបសន្តិសុខសង្គម នៅបណ្តាប្រទេសអាស៊ាន ដែលអនុវត្ត តាមប្រព័ន្ធគ្រប់គ្រង ធានារ៉ាប់រងសង្គម ឃើញថាអត្រាភាគទានរបបសន្តិសុខ សង្គមនៅកម្ពុជា នៅតែមានកម្រិតទាប ជាងបណ្តាប្រទេសផ្សេងៗ នៅក្នុងតំបន់ ដែលជាកត្តាដ៏ពិសេសសម្រាប់ការទាក់ទាញ ការវិនិយោគសម្រាប់កម្ពុជា ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក របស់ក្រសួងការងារ ។

ការថ្លែងបែបនេះរបស់លោក អ៊ិត សំហេង បានធ្វើឡើង ក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារតារាអ៊ែរផត ។

លោក អ៊ិត សំហេង បានថ្លែងថា រាជរដ្ឋាភិបាល បានខិតខំជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍនិងពង្រីក ប្រព័ន្ធគាំពារសង្គម ប្រកបដោយសាមគ្គីធម៌ និងសមធម៌សង្គម សម្រាប់ប្រជាពលរដ្ឋ សំដៅបង្ការហានិភ័យហិរញ្ញវត្ថុ ធានាស្ថិរភាព និងចីរភាពប្រាក់ចំណូល និងការងារ លើកកម្ពស់សុខភាពល្អជាសកល និងកាត់បន្ថយវិសមភាពក្នុងសង្គម ។

ក្នុងស្មារតីនេះ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលបានប្រកាស ឱ្យប្រើរួចហើយគ្របដណ្តប់បួនផ្នែក រួមមាន ៖ ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ព្រមទាំងបុគ្គលដែលស្ថិតក្រោមច្បាប់ ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើក្នុងផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍ ។

តាមពិតកន្លងមក ក្រសួងការងារបានដាក់ឱ្យដំណើរការ រួចហើយនូវរបបសន្តិសុខ សង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលចាប់ពីឆ្នាំ២០១៩នេះ របបទាំងពីរនេះនឹងគ្របដណ្តប់ទាំងកម្មករនិយោជិត និងទាំងមន្ត្រីសាធារណៈ ។

លោករដ្ឋមន្ត្រីបានបន្តថាការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមនៃផ្នែកនីមួយៗមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែក ដើម្បីសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ រួមមាន៖

  • ការផ្តល់ការព្យាបាល និងថែទាំវេជ្ជសាស្រ្ត ដោយរួមមានវិធានការការពារសុខភាពរបស់កម្មករនិយោជិត និងសមាជិកគ្រួសាររបស់កម្មករនិយោជិត។ វិធានការបង្ការសុខភាព សុវត្ថិភាព និងអនាម័យការងារ ក៏ត្រូវបានបង្កើតឡើងក្នុងគោលដៅបង្ការគ្រោះថ្នាក់ កន្លែងធ្វើការងារ តាមរយៈកម្មវិធីបង្ការ និងផ្សព្វផ្សាយ។
    *ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការលម្ហែមាតុភាពដែលជាគោលដៅមួយក្នុងការជំរុញនូវវិធានសម្រាប់ការបងើ្កតធនធានមនុស្ស ដែលអាចទ្រទ្រង់បាននូវខឿនសេដ្ឋកិច្ច ក៏ដូចជាការធ្វើឲ្យមានស្ថិរភាពនៃកំណើនសេដ្ឋកិច្ចផងដែរ។
  • ការផ្តល់ធនលាភ សម្រាប់ការបាត់បង់សមត្ថភាពអចិន្រ្តៃយ៍ សម្រាប់កម្មករនិយោជិត ដែលជួបប្រទះនូវហានិភ័យការងារ គឺជាយន្តការមួយក្នុងការទប់ស្កាត់ មិនឲ្យគ្រប់ជនពិការត្រូវធ្លាក់ចូលទៅក្នុងបន្ទាត់ភាពក្រីក្រ ដែលជាបន្ទុកទាំងស្រុង របស់រដ្ឋាភិបាល។
    *ការផ្តល់នូវសេវាស្តានីតិសម្បទាតាមរយៈរបបសន្តិសុខសង្គមក៏ត្រូវបានលើកកម្ពស់សម្រាប់កម្មករនិយោជិតដែលពិការអាចមានឱកាស ក្នុងការធ្វើការងារជាថ្មី ឬអាចប្រកបការងារណាមួយទៅតាមស្ថានភាពពិការភាព ។
    *ការបង្កើតឲ្យមានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន គឺជាការរក្សាបាននូវស្ថិរភាពមួយ នៃចលនាផ្លាស់ប្តូរវិស័យរវាងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈការបង្កើតនូវប្រព័ន្ធ ដែលអាចរក្សាបាននូវអតីតភាពការងារ ។ តាវកាលិកសោធនជរាភាព ក៏ជាយន្តការមួយ ដើម្បីធានានូវនិរន្តរភាពប្រាក់ ចំណូលពេលដែលពួកគាត់ ចូលដល់វ័យចាស់ជរា ដោយមិនពឹងផ្អែកលើការ ឧបត្តម្ភរបស់សមាជិកគ្រួសារ ។
    លោក អ៊ិត សំហេង បានសង្កត់ធ្ងន់ថា «បើប្រៀបធៀបរបបសន្តិសុខសង្គមនៅបណ្តាប្រទេសអាស៊ាន ដែលអនុវត្តតាមប្រព័ន្ធគ្រប់គ្រងធានារ៉ាប់រងសង្គម (Social Insurance/Defined benefit) ឃើញថា អត្រាភាគទានរបបសន្តិសុខសង្គម នៃប្រទេសកម្ពុជានៅតែមានកម្រិតទាបជាង បណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ ដែលជាកត្តាដ៏ពិសេស សម្រាប់ការទាក់ទាញការវិនិយោគ សម្រាប់ប្រទេសកម្ពុជា» ។
    លោកបានបន្ថែមទៀតថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស. ជាសេនាធិការក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមបានអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់វិស័យឯកជននៅឆ្នាំ២០១៦របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់វិស័យសាធារណៈ និងការអនុវត្តការថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិតជាស្រ្តី នៅពេលសម្រាលកូននៅឆ្នាំ២០១៨។
    លោកអ៊ិតសំហេងបានថ្លែងបន្តទៀតថា សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំង ឱ្យកាន់តែច្បាស់អំពីការរីកចម្រើន នៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីឈានទៅរកប្រព័ន្ធមួយដែលមានលក្ខណៈជាសកល និងសង្គតិភាព ដែលរក្សាបាននូវប្រសិទ្ធភាព នៃការអនុវត្តការងារខាងលើជាប់ជាប្រចាំ៕
To Top