ព័ត៌មានជាតិ

រឿងនិទានខ្លី ស្តីពី ប្រទេសចិនរបស់ខ្ញុំ

ដោយសារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាពិបាលកម្ពុជា និងប្រជាមានិតនៃប្រជាជនចិនមា នតាំងពីយូរលង់ណាស់ មកហើយរហូតមកដល់ បច្ចុប្បន្ន និងដោយមានការជួយ ទំនុកបំរុងឥតឈប់ឈរ លើគ្រប់វិស័យពី សំណាក់ប្រទេសចិន ទើបធ្វើអោយខ្ញុំមានភ័ព្វសំណាងល្អ បានទៅស្គាល់ប្រទេស មហាអំណាច ដែលមានវប្បធម៌ដ៏ចំណាស់ និងអស្ចារ្យមួយនេះ តាមរយៈការចូលរួម វគ្គបណ្តុះបណ្តាល បានចំនួនពីរលើក។

លើកទី១ ពីថ្ងៃទី២៣ដល់២៨តុលា ឆ្នាំ២០១៧ ខ្ញុំបានទៅចូលរួមវគ្គបណ្តុះបណ្តាលមស្តីពី “ការបង្កើតប្រព័ន្ធសង្រ្គោះសុខភាពបន្ទាន់” ដែលបានប្រព្រឹត្តិទៅនៅ “សកលវិទ្យាល័យមន្ទីរពេទ្យវេជ្ជសាស្ត្រ ឆុងជីង” (Hospital of Chongqing Medical University) នៅខេត្ត ឆុងជីង ។ លើកទី២ចាប់ពីថ្ងៃទី ១ដល់២១សីហា ឆ្នាំ២០១៩ ខ្ញុំបានចូលរួមវគ្គស្តីពី ការផ្លាស់ប្តូរបទពិសោធន៍ ស្តីពី​ប្រព័ន្ធសុខាភិបាល ដែលរៀបចំដោយមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់គណកម្មការ សុខាភិបាលជាតិ និងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុនៃប្រទេសចិន។

កាលពីចុងឆ្នាំ២០១៨ ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានទទួលរថយន្ត មន្ទីរពេទ្យចល័តចំនួន ៤០គ្រឿងដែលសុទ្ធតែ បានបំពាក់ នូវឧបករណ៍និងសម្ភារៈទំនើបៗ និងមានតំលៃថ្លៃជួនដល់គ្រូពេទ្យកម្ពុជា សំរាប់ផ្តល់ដល់ មូលដ្ឋានជូនប្រជាជន។ នេះសុទ្ធតែជា ជំនួយឥតសំណងរបស់ រដ្ឋាភិបាលចិន មកអោយកម្ពុជា។

គោលបំណង នៃវគ្គបណ្តុះបណ្តាល ទាំងពីរ មានដូចជា ១.) ដើម្បីប្លាស់ប្តូរបទពិសោធន៍ នៃប្រព័ន្ធសុខាភិបាល ការគ្រប់គ្រងនិងការការពារ នៃជំងឺឆ្លងនិងជំងឺរ៉ាំរ៉ៃ, ២.) ការជួយសង្គ្រោះសុខភាពបឋមនិងបន្ទាន់ នៅពេលមាន គ្រោះមហន្តរាយធម្មជាតិ, ៣.) ការបង្កើតក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ពេល មានគ្រោះមហន្តរាយកើតឡើង, ៤.) ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងម៉ាស៊ីនវេជ្ជសាស្ត្រនិងសំភារៈផ្សេងៗ នៅលើរថយន្តមន្ទីរពេទ្យចល័តអោយកាន់តែមានប្រសឹទ្ធិភា។, និង ៥.) ការជំរុញនិងលើកទឹកចិត្តមន្ត្រី សុខាភិបាលអោយចូលរួមយ៉ាងសកម្មក្នុងការធ្វើកំណែរទំរង់ វិស័យសុខាភិបាល និងលើកស្ទួយសុខភាព សហគមន៍នៅក្នុងប្រទេសកម្ពុជា។

ឆ្លងកាត់វគ្គបណ្តុះបណ្តាលទាំងពីរ លើកនេះ ខ្ញុំពិតជាទទួលបាន នូវចំណេះដឹង និងបទពិសោធន៍ល្អៗ គួរជាទីគាប់ចិត្ត និងមិនអាចបំភ្លេចបានឡើយ។ វគ្គបណ្តុះបណ្តាលទាំងពីរ បានផ្តល់អត្ថប្រយោជន៍ យ៉ាងសំបើម សំរាប់ការអភិវឌ្ឍន៍ រិស័យការងារ នៅអង្គភាពរបស់ខ្ញុំ និងរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍន៍ នៃប្រទេសកម្ពុជាទាំងមូល។ តាមរយៈ បទបង្ហាញ របស់សាស្ត្រាចារ្យល្បីៗ និងអ្នកមានបទពិសោធន៍ល្អៗ និងតាមរយៈទស្សនកិច្ចសិក្សានៅគ្រឹះស្ថានសុខាភិបាលផ្សេងៗ និងតំបន់ទេសចរណ៍ល្បីៗ នៅប្រទេសចិន ខ្ញុំពិតជាមានមោទនភាព ក្រៃលែង ដោយទទួលបាននូវចំណេះដឹងប្លែកៗពីច្រើនវិស័យ រួមទាំងការយល់ដឹងពី វប្បធម៌ប្រពៃណី សាសនា និងប្រវត្តិសាស្ត្រដ៏សែនជក់ចិត្ត។ និយាយជារួមគឺខ្ញុំបានយល់ដឹងពីគោលនយោបាយ និងទស្សនៈវិស័យ ដ៏វែងឆ្ងាយ មានគោលដៅច្បាស់លាស់ និងការអភិវឌ្ឍន៍ គ្រប់វិស័យដែលមានសន្ទុះយ៉ាងលឿនគួរអោយភ្ញាក់ផ្អើល នៃរដ្ឋាភិបាលចិន។

ប្រទេសចិន គឺជាប្រទេសមួយ ដែលមានផ្ទៃដីដ៏សែនធំល្វឹងល្វើយ។ រដ្ឋបាលបាន បែងចែកផ្ទៃដីនៃប្រទេសចិនជា៤ប្រភេទនៃ តំបន់គ្រប់គ្រងគឺ ២២ខេត្ត ៥តំបន់ស្វ័យ័ត ៤ទីក្រុងដែលគ្រប់គ្រងផ្ទាល់ដោយរដ្ឋ (ប៉េកាំង ធានជិន សៀងហៃ និងឆុងជីង) និង២តំបន់រដ្ឋបាលពិសេស (ហុងកុងនិងម៉ាកាវ)។ ប្រទេសចិន មានតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រដ៏ច្រើន ស្អាតៗនិងល្បីៗ ដែលភ្ញៀវទេសចរណ៍ មិនចេះជិនណាយ ក្នុងការទស្សនា។

ចាប់តាំងពីមានកំណែទំរង់ សេដ្ឋកិច្ចនៅឆ្នាំ ១៩៧៨មក ប្រទេសចិន មានប្រាក់ចំណូលលើផលិតផលក្នុងស្រុក កើនឡើងខ្ពស់ខ្លាំង ។ ប្រាក់ចំណូលប្រចាំឆ្នាំ សំរាប់មនុស្សម្នាក់គឺ ៩៥១០ដុល្លារ (GDP per capita: 9519 USD) ។ ជីវិតរំពឹងរស់ជា មធ្យមរបស់ប្រជាជនចិនខ្ពស់ គឺ ៧៧ឆ្នាំ (ឆ្នាំ២០១៨) ។ រីឯអត្រាស្លាប់របស់ ម្តាយបានថយចុះយ៉ាងលឿន (ថយពី៨៩នាក់ឆ្នាំ១៩៩០ មកត្រឹម ១៨,៣នាក់/១០០ ០០០នៃជីវិតកើតរស់ នៅឆ្នាំ២០១៧) និងអត្រាស្លាប់របស់កុមារក្រោម៥ឆ្នាំ ក៏ថយចុះលឿនដែរ (ថយពី៥០នាក់ នៅឆ្នាំ១៩៩១ មកនៅត្រឹម ៦,១នាក់/១០០០ នៃកំណើតរស់ នៅឆ្នាំ២០១៧) ។ រីឯការគ្រប់ដណ្តប់នៃការធានារ៉ាប់រងសុខភាពគឺខ្ពស់ជាង៩៥ភាគរយ ។ ចំណែកឯការចំណាយប្រចាំឆ្នាំ លើវិស័យសុខាភិបាល ( ៦,៣៩% នៅឆ្នាំ២០១៨) គឺតិច តែមានប្រសិទ្ធភាពល្អ។ ប្រជាជនចិន ៩៥ ភាគរយ មានប័ណ្ណធានារ៉ាប់រង លើសុខភាព ដោយរដ្ឋ ។ ដោយសារមានកំណែទំរង់ លើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាពនិងចេរភាព និងកំណើន សេដ្ឋកិច្ចលឿន ទើបធ្វើអោយអត្រាឈឺ និងអត្រាស្លាប់ របស់ ប្រជាពលរដ្ឋមានការថយចុះ គួរកត់សំគាល់ ។ រីឯជីវភាពរស់នៅនិង ជីវិតរំពឹងរស់ ជាមធ្យមរបស់ប្រជាពលរដ្ឋ ក៏កាន់តែប្រសើរឡើង ជាលំដាប់ផងដែរ ។

ដោយសារប្រទេសចិន​ មានផ្ទៃដីធំ មហាសាល និងចំនួនប្រជាជន ច្រើនមហិមា ផុតគេក្នុងពិភពលោក និងតែងរងនូវគ្រោះមហន្តរាយធម្មជាតិ ជាយ៉ាងច្រើន បានធ្វើអោយប្រទេសមួយនេះ ប្រឈមនូវបញ្ហាខ្លះៗ ជៀសមិនផុតមួយ ចំនួន កន្លងមក ដូចជា៖
១.) ការចល័តធនធានសុខាភិបាល មិនទាន់បានគ្រប់កន្លែង

២.) ប្រព័ន្ធធានារ៉ាប់រងសុខភាព នៅមិនទាន់មាន ភាពពេញលេញ

៣.) គ្រឹះស្ថានសុខាភិបាលមិនអាច ទាន់ឆ្លើយតបទៅនឹងចំណាប់អារម្មណ៍ របស់សាធារណៈជន

៤.) ការផលិត និងការចែកចាយ ឱសថមិនទាន់បានរៀបរយទាំងស្រុង នៅឡើយ។ ទោះយ៉ាងនេះក្តី ដើម្បីឆ្លើយតបទៅ នឹងបញ្ហាខាងលើ ប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាល នៃប្រទេសចិនបានផ្តួចផ្តើមបង្កើតនូវគោល នយោបាយ ជាយុទ្ធសាស្ត្រថ្មីមួយដែលបានដាក់ អោយអនុវត្តជាធរមានតាំងពីឆ្នាំ២០១៦ ។ ផែនការនេះមានឈ្មោះថា “ផែនការយុទ្ធសាស្ត្រ ដើម្បីប្រទេសចិនមានសុខភាពល្អនៅឆ្នាំ២០៣០” ។

ផែនការយុទ្ធសាស្ត្រនេះ បានដាក់អោយអនុវត្តដោយ ផ្អែកលើគោលដៅចំណុចធំៗ៥យ៉ាង រួមមាន៖

១.) ផ្សព្វផ្សាយពីការរស់ នៅប្រកបដោយផាសុខភាព ល្អដល់ប្រជាជនទូទៅ។ តាមរថភ្លើង តាមរថយន្តក្រុង តាមផ្សាទំនើប ស្ថាប័នរដ្ឋ និងឯកជន និងតាមផ្លូវសាធារណៈ តែងមានការបិតផ្ទាំងសារអប់រំសុខភាព រួមទាំងការផ្សព្វផ្សាយ តាមវិទ្យុនិងទូរទស្សន៍ផងដែរ។

២.) កែលំអរសេវាសុខាភិបាលអោយ បានល្អបំផុតតាមររយៈការពង្រឹង គុណភាពសេវាសសុខាភិបាល បង្កើនសមត្ថភាព ធនធានមនុស្ស បង្កើនគ្រឹះស្ថានសុខាភិបាល អោយបានគ្រប់តំបន់ដែលមានប្រជាជនរស់នៅ និងត្រូវបំពាក់ ឧបករណ៍ពេទ្យនៅគ្រប់ មូលដ្ឋានសុខាភិបាលតាមតំរូវការជាក់ស្តែង បង្កើន អត្រាគ្របដណ្តប់សេវាធានារ៉ាប់រងសុខភាព អោយបាន១០០% ផ្តល់សេវាព្យាបាលប្រកបដោយ គុណភាព ប្រសិទ្ធភាព គុណធម៌ខ្ពស់ និងតំលៃទទួលយកបាន ។ ដើម្បីកាត់បន្ថយជំងឺរ៉ាំរ៉ៃ ដែលជាបន្ទុកធ្ងន់របស់រដ្ឋ រដ្ឋាភិបាល បានខិតខំស្រាវជ្រាវរកជំងឺមហារីកគ្រប់ទំរង់ និងជំងឺរ៉ាំរ៉ៃផ្សេងទៀត នៅគ្រប់ទីកន្លែង។ ស្រាវជ្រាវ ពីរបបអាហារប្រចាំថ្ងៃដែលជះឥទ្ធិពលដល់ជំងឺរ៉ាំរ៉ៃ និង វាស់វែងស្ថានភាព អាហារូបត្ថម្ភដើម្បី ស្វែងរក កត្តាកំណត់នៃជំងឺរ៉ាំរ៉ៃ។ អប់រំនិងទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយកំចាត់អោយអស់នូវប្រភពចម្លងជម្ងឺ និងផ្តល់ថ្នាំបង្ការជំងឺគ្រប់ប្រភេទ អោយបាន១០០% និងមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ រដ្ឋបានបង្កើតទីលាននិង សួនច្បារសាធារណៈយ៉ាងច្រើន សំរាប់ទុកអោយប្រជាជន ធ្វើលំហាត់ប្រាណ ព្រមទាំងបំផុសប្រជាជនអោយចូលរួម ការលើកកំពស់សុខភាពតាមរយៈការហាត់ប្រាណដើម្បីសុខភាព។ បារីនិងស្រា ជាកត្តាកំណត់ នៃជំងឺរ៉ាំរ៉ៃ ដូច្នេះ រដ្ឋាភិបាលបានតំឡើងថ្លៃពន្ធលើទំនិញទាំងនេះ ព្រមទាំងកំណត់ បរិមាណនៃការតាំងលក់ និងកំណត់ទីតាំងសំរាប់អ្នកជក់បារី។ បារីគ្រប់ប្រភេទត្រូវតែដាក់រូបភាពនៃសញ្ញាគ្រោះថ្នាក់ នៅលើកញ្ចប់ និងមិនអនុញ្ញាតិអោយសរសេរសារពាណិជ្ជកម្មបារី នៅលើកញ្ចប់ឡើយ។

៣.) អភិវឌ្ឍឧស្សាហ៍កម្មសុខាភិបាលទំនើបៗ និងបំពាក់នូវបច្ចេកវិទ្យា ទំនើប ដូចជាប្រព័ន្ធ៥ជី (5G) ដែលគ្រូពេទ្យឯកទេស អាចធ្វើការវះកាត់អ្នកជំងឺ តាមប្រព័ន្ធផ្កាយរណបបាន។,

៤.) បង្កើតអោយមាន បរិស្ថានប្រកបដោយ ផាសុខភាព (កែលំអរបរិស្ថាន កាត់បន្ថយខ្យល់ពុល) តាមរយៈការបញ្ឈប់ ការប្រើប្រាស់ទោចក្រយាន ដំណើរការដោយប្រេងសាំង ទៅជាទោចក្រយានដើរដោយអាគុយវិញ។ រដ្ឋាភិបាលបាន លើកទឹកចិត្តប្រជាជន អោយប្រើប្រាស់ រថយន្តដើរដោយអាគុយ ដោយមិនយកពន្ធ។ រថយន្តក្រុងនិងរថភ្លើងសុទ្ធតែ ដំណើរការដោយ ចរន្តអគ្គីសនី។ ខ្ញុំបានសង្កេតមើលសព្វ ទីកន្លែងដែលខ្ញុំបាន​ទៅដល់ឃើញថា គ្រប់ផ្លូវថ្នល់ទាំងអស់ សុទ្ធតែត្រូវបានកែលំអរយ៉ាងស្អាត គ្មានសំរាម គ្មានដីហុយ និង គ្មានក្លឹនស្អុយ។ បើមានផ្លូវណា ដែលកំពុងស្ថិតនៅក្រោមការ ជួសជុល ក៏មានការគ្របស្បៃឬផ្ទាំង កៅស៊ូការពារកុំអោយហុយដីដែរ។ នៅតាមដងវិថីគ្រប់ទិសទីសុទ្ធតែ មានដាំដើមឈើនិងដើមផ្កា ទាំងសងខាងផ្លូវដើម្បី ជាសម្រស់ទីក្រុងផងនិងកាត់បន្ថយខ្យល់ ពុលផង។ ផ្លូវភាគច្រើនសុទ្ធតែ មានចែងចែកសំរាប់ អ្នកដើរ អ្នកជិះកង់ អ្នកជិះម៉ូតូ និងសំរាប់រថយន្ត និងមានស្លាកសញ្ញាចរាចរទាំងអស់ គួរជាទីគាប់ចិត្តខ្លាំងណាស់។ ប្រព័ន្ធបង្ហូរទឹកសំណល់ ក៏ដូចគ្នាដែរ ត្រូវបានជួសជុល និងសាងសង់ ប្រកបដោយអនាម័យ សុវត្ថិភាព និងការទទួល ខុសត្រូវខ្ពស់។ ទឹកសំណល់ត្រូវបានព្យា បាលយ៉ាងត្រឹមត្រូវមុន នឹងបង្ហូរចូលប្រព័ន្ធទឹក សាធារណៈ។ នៅតាមគ្រប់ ប្រព័ន្ធបង្ហូរទឹកទាំងឡាយ ខ្ញុំសង្កេតឃើញថាទឹកមានសភាពថ្លាល្អ និងពុំមានក្លិនស្អុយសោះឡើយ។ នៅកន្លែងខ្លះខ្ញុំឃើញមាន គេអង្គុយស្ទូចត្រីទៀតផង។

៥.) កែរលំអរប្រព័ន្ធធានារ៉ាប់រង សុខភាព សង្គមតាមរយៈ ការផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព ជូនដល់ប្រជាជនគ្រប់រូប ដើម្បីទទួលបាន ការព្យាបាល ស្មើភាពគ្នាប្រកបដោយ គុណភាពនិងគុណធម៌។

សរុបសេចក្តីមក ខ្ញុំពិតជាមានមោទនភាពនិងសេចក្តីរំភើបក្រៃលែង ដែលថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា និងប្រទេសចិនមានចំណងមិត្តភាព និងសាមគ្គីភាពរឹងមាំ ដូចបងប្អូន ដែលធ្វើអោយប្រជាជននៃប្រទេសទាំងពីរមានឱកាស រៀនសូត្រពីគ្នាទៅវិញទៅមក និងទទួលបានជំនួយកសាងលើគ្រប់វិស័យសំរាប់កម្ពុជា ពីរដ្ឋាភិបាលចិន។ ម្យ៉ាងវិញទៀតរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងជីវភាពរបស់ ប្រជាជនមានការកើនឡើងច្រើន ដោយសារមានការជួយគាំទ្រល្អពី ប្រទេសចិន។ លើសពីនេះទៀត ប្រជាជននៃប្រទេសទាំងពីរមានវប្បធម៌ សាសនាប្រពៃណី និងអត្តចរិកថ្លៃថ្នូ ស្លូតបូតស្រដៀងគ្នា ទើបធ្វើអោយចំណងមិត្តភាពកាន់តែស្ថិតស្ថេរជាអមតៈ។ ខ្ញុំពិតជាស្រឡាញ់អ្នកដឹកនាំនៃប្រទេសទាំងពីរខ្លាំងណាស់ និងស្រឡាញ់ប្រទេសចិន និងចង់មានឱកាសម្តងហើយម្តងទៀតទៅសិក្សារៀនសូត្រអោយបានកាន់ច្រើននៅប្រទេសចិន។

ឃុន ម៉ៅ៖ មន្ទីរសុខាភិបាលខេត្តកំពត ក្រសួងសុខាភិបាលកម្ពុជា

អត្ថបទនេះមកពីការប្រកួតប្រជែងអត្ថបទអំពី “រឿងព្រេងប្រទេសចិនរបស់ខ្ញុំ” ដែលរៀបចំដោយការិយាល័យ ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិន ប្រចាំនៅប្រទេសកម្ពុជា

To Top