My Chinese story
ចំណងជើង “រំដួលអង្គរដុះលើកំផែងថ្មនិរន្ដន៍”
លំនាំកំណាព្យបទ “កាកគតិ”
ផ្នែកទី១
រំដួលអង្គរ រូបស្រស់បវរ នាភាគនិរតី
ស្ថិតចំកណ្ដាល កំពូលឆើតបី មួយខ្ពស់ផ្សេងខ្លី
ចែងចាំងសូរិយា។
គ្រប់ចរណ៍បា្រថ្នា គយគន់ទស្សនា ប្រាសាទអស្ចារ្យ
គ្រប់គ្នាត្រេកអរ អំណរថ្លែងសារ កេរ្តិ៍ពីដូនតា
ប្រឹងថែរក្សា។
អតិតកម្ពុជា ឆ្លងឥតគណនា ភ្លើងពីសង្រ្គាម
មានតែមិត្តចិន ផ្សេងដកអស់ភ្លាម គ្មានសោះអ្នកយាម
បន្ដចំណងមិត្ត។
តាំងពីអតិត ថែចំណងស្និត ព្រះរតនកោដ្ឋ
បន្ដគ្មានក្រោធ អ៊ីប៉ាយឈៀនមក សម្ដេចតេជោ
កម្ពុជា-ចិន។
សំគាល់៖ ពាក្យថា “អ៊ីប៉ាយឈៀន” ជាភាសាចិន មានន័យថា “មួយរយពាន់”។ ក្នុងន័យនេះ សំដៅ ដល់មិត្តកម្ពុជា-ចិនដែលមានតាំងពីសម្ដេចតា ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ រាប់រយពាន់ឆ្នាំមក បន្ដរហូតដល់សម័យកាលមហាសន្ដិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុត និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
ផ្នែកទី២
មួយខែវាសនា បានទៅសិក្សា ដែនដីចុងហ្គ័រ
អារម្មណ៍ត្រេកអរ ចងចិត្តចាំចរ ទស្សនាប្រាង្គថ្ម
កំផែងមហិមា។
២៤ ឧសភា មន្ដ្រីកម្ពុជា ស្ទើរគ្រប់គ្នីគ្នា
មន្ទីរសាលា ស្រូបយកវិជ្ជា បច្ចេកវិទ្យា
កែច្នៃថែរក្សា។
ឆ្នាំដប់ប្រាំមួយ ថ្ងៃខែតែមួយ បានភ្ជាប់ជីវ៉ា
បានស្គាល់មែនពិត កំផែងអសា្ចរ្យ ចារកំណត់ត្រា
បេតិកភ័ណ្ឌ។
ឈិន ម៉ាទីន ហ្វឹង ជាទីរំពឹង ឆ្លើយឆ្លងបន្ទាន់
គ្រប់ការគ្រប់គ្រា មិនរាតបទាន់ មិនរារួសរាន់
កាលៈទេសៈ។
បរិយាយ៖ កាលពី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ខ្ញុំ និងមន្ដ្រីជាន់ខ្ពស់មកពីអង្គភាពនានា ក្រោម ឳវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាននាយកដ្ឋានកសិ-ឧស្សាហកម្ម នាយកដ្ឋានកិច្ចការ រដ្ឋបាល នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មន្ទីរកសិកម្មខេត្តកំពត សាលាជាតិកសិកម្មព្រែកលៀប សាលាជាតិកសិកម្មកំពង់ចាម សរុបប្រមាណ ៣០នាក់ បានទៅចូលរួមវគ្គ បណ្ដុះបណ្ដាលស្ដីពី “បច្ចេកវិទ្យាកែច្នៃ និងបច្ចេកវិទ្យាថែរក្សាគុណភាពចំណីអាហារ” នៅសាធារណៈរដ្ឋ ប្រជាមានិតចិន រយៈពេល ២៨ថ្ងៃ។ អ្នកសម្របសម្រួលរួមមាន លោក ហ្វឹង ប្រធានអ្នកសម្របសម្រួល លោក ម៉ាទីន និងកញ្ញា ឈិន អ្នកសម្របសម្រួល។ កំឡុងពេលសិក្សា សិក្ខាកាមទាំងអស់ ត្រូវបាននាំទៅដើរ កំសាន្ដទស្សនាមហាកំផែង ដ៏មហិមាផងដែរ។
សំគាល់៖ ពាក្យថា “ចុងហ្គ័រ” ជាភាសាចិន មានន័យថា ប្រទេស ចិន ឬ សំដៅដល់សាធារណៈរដ្ឋប្រជាមានិតចិន។
ផ្នែកទី៣
រំដួលមួយទង បោះពួយជាន់ឆ្លង តគ្រប់ជំនាន់
បន្ដរក្សា ចំណងជាឈ្នាន់ មិត្តភាពរឹងម៉ាំ
កម្ពុជា-ចិន។
វប្បធម៌ដ៏ល្អ ប្រពៃណីថ្ម សេដ្ឋកិច្ចឆ្អៅឆ្អិន
ចម្រើនរុងរឿង ពាណិជ្ជកម្មចិន កម្ពុជានឹង
ប្រាំមួយប៊ីលាន។
កាលនៅសិក្សា គិតចង់ប្រាថ្នា ភាសាច័រធាន
វ័រខ្ញុំនីអ្នក ជាប់ចិត្តជីងធាន គិតប៉ងមីងធាន
ភ្នំពេញ-ប៉េកាំង។
សូមថ្លែងអំណរ គុណដ៏បវរ ប្រមុខរដ្ឋា
តែងតែមេត្តា ករុណាមុទិតា ចំរើនឧបេក្ខា
រដ្ឋាទាំងទ្វេរ។
សំគាល់៖ ពាក្យថា “ច័រធាន” ជាភាសាចិន មានន័យថា “ម្សិលម៉ិញ” ពាក្យថា “វ័រ” ជាភាសាចិនមាន ន័យថា “ខ្ញុំ” ពាក្យថា “នី” ជាភាសាចិនមានន័យថា “អ្នក” ពាក្យថា “ជីងធាន” ជាភាសាចិនមានន័យថា “ថ្ងៃនេះ” ពាក្យថា “មីងធាន” ជាភាសាចិនមានន័យថា “ថ្ងៃស្អែក”។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណ និងដឹងគុណជូនចំពោះប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ឳកាស ដ៏មានតម្លៃនេះ ក្នុងការចូលរួមតាក់តែង និពន្ធកំណាព្យ នេះឡើង ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ដែលខ្ញុំធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាល នៅក្នុងប្រទេសចិន នាពេលកន្លងទៅ។ ត្បិតតែពេលវេលាកន្លងផុតទៅ តែរូបភាពអនុស្សាវរិយ៍នៅតែ ដក់ជាប់ក្នុងអារម្មណ៍ និង ចិត្តគំនិតរបស់ខ្ញុំមិន ដែលភ្លេចឡើយ ហើយនៅតែរក្សា និងបន្ដទំនាក់ទំនង ជាយូរអង្វែងបន្ថែមទៀតឥតងាករេ។
ផុន រិណុ (PHON RENO)
នាយកដ្ឋានកសិ-ឧស្សាហកម្ម ក្រោមឳវាទ
ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា
អត្ថបទនេះមកពីការប្រកួតប្រជែង អត្ថបទអំព “រឿងព្រេងប្រទេសចិនរបស់ខ្ញុំ” ដែលរៀបចំដោយការិយាល័យ ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំ នៅប្រទេសកម្ពុជា