ព័ត៌មានជាតិ

ពលរដ្ឋតិចបំផុត២៦នាក់ បាត់បង់ជីវិត ខណៈព្យុះភ្លៀង និងព្រិលបន្តធ្លាក់ចុះបង្ក ជាគ្រោះថ្នាក់ នៅប៉ាគីស្ថាន

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក និងក្រុមមន្ត្រី បាននិយាយ កាលពីថ្ងៃចន្ទថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ហើយព្រិលបន្តធ្លាក់ចុះ បង្កការរំខានដល់ ការធ្វើដំណើរប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ ក្នុងតំបន់ ផ្សេងៗគ្នា របស់ប្រទេសប៉ាគីស្ថាន ខណៈដែលចំនួន អ្នកស្លាប់ ដោយសារគ្រោះថ្នាក់ពីបញ្ហា អាកាសធាតុមានតិចបំផុត ២៦នាក់ហើយ នៅក្នុងអំឡុង ពេល២៤ម៉ោងកន្លងមកនេះ ។

យោងតាមអាជ្ញាធរគ្រប់គ្រង គ្រោះមហន្តរាយខេត្ត (PDMA) ប្រចាំនៅខេត្ត Balochistan បានឲ្យដឹងថា ខេត្ត Balochistan ជាខេត្តមួយរបស់ ប៉ាគីស្ថាន ស្ថិតនៅភាគនីរតី ដែលបានរងគ្រោះដោយព្យុះភ្លៀង និងធ្លាក់ព្រិលយ៉ាងក្រាស់ ដែលជាកន្លែង ដែលមានមនុស្សតិចបំផុត ២៦នាក់បាត់បង់ជីវិត នៅក្នុងឧប្បត្តិហេតុ ផ្សេងៗគ្នា ។

យ៉ាងហោចណាស់ មនុស្ស៥នាក់ ក្នុងនោះរាប់បញ្ចូលទាំងកុមារ បានស្លាប់ និង១០នាក់ផ្សេងទៀតរងរបួស នៅក្នុងតំបន់៣ ដាច់ដោយឡែកពីគ្នា នៅខេត្ត Punjab ភាគខាងកើតប្រទេស ។

កាលពីព្រឹកថ្ងៃអាទិត្យ ខាង PDMA បានស្នើដាក់រដ្ឋស្ថិត ក្នុងគ្រាមានអាសន្ន នៅក្នុងស្រុកចំនួន៧នៃខេត្ត Balochistan ក្រោយពីមានព្យុះភ្លៀង និងព្រិលធ្លាក់ចុះខ្លាំង រំខានដល់ការរស់នៅ ប្រចាំថ្ងៃ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top