ព័ត៌មានជាតិ

មន្រ្តីជំនិត លោក កឹម សុខា គាំទ្ររាជរដ្ឋាភិបាល បើកការស៊ើបអង្កេត ករណីមនុស្សស្លាប់ ក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យ របស់លោក កឹម សុខ អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសម្តែងការគាំទ្រ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបញ្ជាឲ្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះស៊ើបអង្កេតករណីមនុស្សស្លាប់ នៅមន្ទីរឃុំឃាំង ខេត្តបន្ទាយមានជ័យ ខណៈករណីនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា ជាការធ្វើទារុណកម្ម ។

តាមរយៈ សង្គមបណ្ដាញសង្គមហ្វេសបុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០នេះ លោកមុត ចន្ថា បាន លើកឡើងថា « ខ្ញុំសូមគាំទ្រដល់ការចេញបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ដែលបញ្ជាឲ្យមានការស៊ើបអង្កេត ចំពោះករណីមនុស្សស្លាប់ក្នុងពេលឃុំឃាំង ដោយសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យ និងរកឲ្យឃើញអ្នកទទួល ខុសត្រូវចំពោះការស្លាប់នេះ ដែលត្រូវបានគេចោទថា មានអំពើទារុណកម្មកើតឡើង ទៅលើជនរងគ្រោះ » ។

សូមរំលឹកថា នៅក្នុងកិច្ចជំនួបប្រចាំឆ្នាំ ជាមួយអ្នកសារព័ត៌មាន កាលពីរាត្រីថ្ងៃទី១៤ មករា ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចបានបញ្ជាទៅ កែវ រ៉េមី ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឲ្យចាត់តាំងគណៈកម្មការ ស្រាវជ្រាវបន្ទាន់លើបញ្ហា ថាមានមនុស្សស្លាប់នៅឯខេត្តបន្ទាយមានជ័យ ដោយសារ ការធ្វើទារុណកម្ម កាលពីថ្ងៃទី១ ដើមខែមករា កន្លងទៅនេះ ទាក់ទងនឹងបញ្ហាដីធ្លីនោះ ។

កាលពីចុងឆ្នាំ២០១៩ កន្លងទៅនេះ មានប្រជាពលរដ្ឋជាង១០០ នាក់ បាននាំគ្នាតវ៉ានៅមុខសាលាខេត្ត បន្ទាយមានជ័យ ដើម្បីទាមទារឱ្យអាជ្ញាធរខេត្ត ចេញទៅជួបពួកគាត់ ពន្យល់អំពីមូលហេតុ ដែលមិនឱ្យពួកគាត់ កាន់កាប់ដីទំនាស់ ប៉ុន្តែពេលនោះអាជ្ញាធរខេត្ត មិនបានចេញជួបក្រុមអ្នកតវ៉ានោះឡើយ ។ បន្ទាប់ពីគ្មាន ដំណោះស្រាយហើយ គេបានឃើញមន្ត្រីកងរាជអាវុធហត្ថខេត្តជាច្រើននាក់ ទៅបង្ក្រាបក្រុមអ្នកតវ៉ាទាំងនោះ និង បានចាប់មនុស្ស ៥ នាក់ យកទៅឃុំខ្លួន ។ អំឡុងពេលសមត្ថកិច្ចឃុំខ្លួននោះ មានពលរដ្ឋម្នាក់បានស្លាប់ ក្រោយពេលបញ្ជូន ទៅពន្ធនាគារខេត្តបានមួយថ្ងៃ និង ៤ នាក់ ផ្សេងទៀត ត្រូវបានដោះលែងវិញ នៅថ្ងៃទី៣ ខែ មករា ។ ជនរងគ្រោះដែលបានស្លាប់នោះ គឺមាន ឈ្មោះ ទុយ ស្រស់ ។

ក្រោយទទួលបទបញ្ជា នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចមួយ កាលពីថ្ងៃទី១៣ ខែមករា បង្កើតគណៈកម្មការ ចំពោះកិច្ចធ្វើអធិការកិច្ចនូវបាតុភាព និងត្រួតពិនិត្យសកម្មភាពការងារ របស់នាយទាហាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការប្រតិបត្តិការតួនាទី ភារកិច្ច ខណៈក្រុមការងារចំពោះកិច្ច បានទៅដល់ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០៕

To Top