ភ្នំពេញ៖ លោកស្រី តុង ធីហ្វុង អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានអញ្ជើញ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំមួយចំនួន ដែលសភាវៀតណាម រៀបចំធ្វើនៅក្នុងឆ្នាំ២០២០នេះ មានកិច្ចប្រជុំសមាជិក សភា ស្រ្តីវៀតណាមនិងកម្ពុជា មហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤១ និងកិច្ចប្រជុំអាស៊ាន- អាយប៉ា ជាដើម។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្តេច ហេង សំរិន។
ក្នុងជំនួបពិភាក្សា ការងារទ្វេភាគីជាមួយ សម្ដេច ហេង សំរិន នាព្រឹកថ្ងៃទី១៥ ខែមករា នៅវិមានរដ្ឋសភា អូស្រ្តាលី ក្នុងប្រទេសអូស្រ្តាលី លោកស្រី តុង ធីហ្វុង ក៏បានអញ្ជើញសមាជិសភាកម្ពុជា ចូលរួមកិច្ចប្រជុំ មួយចំនួនទៀតនៅក្នុងឆ្នាំ២០២០ នោះដែរ មានកិច្ចប្រជុំស្តីពីវប្បធម៌ និងអប់រំ សេដ្ឋកិច្ច។
លោកស្រីអនុប្រធានរដ្ឋសភាវៀតណាម បានកោតសរសើរ ចំពោះការរៀបចំកិច្ចប្រជុំ ប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF)របស់សភាកម្ពុជា កាលពីឆ្នាំ២០១៩ មានលក្ខណៈល្អណាស់ គឺល្អទំាងខ្លឹមសារ និងការរៀបចំកិច្ចប្រជុំ។
ជាកិច្ចឆ្លើយតប សម្តេច ហេង សំរិន បានទទួលយកសំណើ របស់ភាគីវៀតណាម ដោយបានប្រគល់ភារកិច្ច ជូនក្រុមការងារ ដើម្បីធ្វើទំនាក់ទំនង ជាមួយភាគីវៀតណាមបន្ត។
សម្តេច បានសម្តែងក្តីរីករាយចំពោះ កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់ ដែលមកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគី ឈានជិតដល់ចំនួន ៥ពាន់លានដុល្លារនោះហើយ។ ចំពោះកិច្ចសហប្រតិបត្តិការ សភាប្រទេសទំាងពីរវិញ មានលក្ខណៈល្អប្រសើរណាស់។ សភាកម្ពុជា និងវៀតណាមបានគំាទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ដូចជាការចូលរួមកិច្ចប្រជុំAPPF ក្នុងប្រទេសអូស្រ្តាលីនេះ ជាដើម៕