ភ្នំពេញ ៖ ក្រោយបញ្ចប់សវនាការ អស់រយៈពេញមួយព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០លើសំណុំរឿងលោក កឹម សុខា ពីបទក្បត់ជាតិជាមួយបរទេស សហមេធាវីការពារក្តី បានលើកឡើងថា សវនាការនេះ មិនបានស៊ីជម្រៅខ្លាំងទេ គ្រាន់តែស្ថិតក្នុងការសួរដេញដោលតែប៉ុណ្ណោះ។
លោក ចាន់ ចេន មេធាវីម្នាក់ក្នុងចំណោម៤នាក់ បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ដំណាក់កាលមួយដេញ ដោលអំពីសមាភាពចូលរួម” ។
លោកថា ក្នុងនោះតឹងរឹងគឺរឿងភស្តុតាង ដោយតុលាការបានដាក់ភស្តុតាងដាក់បន្ទុក។ ចំណែកមេធាវី វិញមានភស្តុតាងដោះបន្ទោស។ ប៉ុន្តែទោះបីជាយ៉ាងណា បន្ទាប់មកសាលាដំបូងក៏បានយល់ព្រមទទួលភស្តុតាងដែលកូនក្តីបានដាក់ ។
ភស្តុតាងមេធាវីដាក់នោះ ត្រូវបានលោក ចាន់ ចេន អះអាងថា គឺជាវិដេអូលោក កឹម សុខា និយាយនៅចំពោះមុខពលរដ្ឋអូស្រ្តាលីកាលពីអតីតកាល មានរយៈពេលជាង១ម៉ោង ប៉ុន្តែមិនទាន់បានចាក់វិដេអូទេ គឺរង់ចាំសប្តាហ៍ក្រោយ។
ចំពោះលោកស្រី ម៉េង សុភារី មេធាវីម្នាក់ទៀត បានឲ្យដឹងដែរថា សម្រាប់លោកកឹម សុខា វិញក៏បានឆ្លើយសំណួរខ្លះៗផងដែរ នៅចំពោះមុខតុលាការ ចំពោះវិដេអូដែលបានលើកមកចោទប្រកាន់លោក ។ដោយលោកថា វិដេអូនេះមិនពេញលេញទេ តែលោកបានទទួលស្គាល់ជាសំឡេង និងរូបភាពរបស់លោកមែន តែលោកស្នើឲ្យមានការចាក់វិដេអូវែងនេះ ។
ទោះបីជាយ៉ាងណាលោកមេធាវី ចាន់ ចេន នៅតែបង្ហាញក្តីសង្ឃឹមចំពោះសំណុំរឿងនេះ ព្រោះរឿងក្តីលោក កឹម សុខា ជារឿងនយោបាយត្រូវតែដោះស្រាយដោយផ្លូវនយោបាយ តាមរយៈការចរចាគ្នា ដោយសារកន្លងមកក៏ធ្លាប់មានករណីស្រដៀងគ្នា ហើយក៏បានដោះស្រាយបញ្ចប់ផងដែរ៕