លើកណា ក៏ដូចលើកណាដែរ ខ្ញុំកត់សំគាល់ជាហូរហែរមកថា គណបក្សប្រឆាំង ជ្រុលនិយម នៅកម្ពុជាយើង តែងប្រើស្នៀតដដែលៗ តាំងពីរាប់ទសវត្សរ៍មកហើយៗ ក៍មិនដែល ផ្លាស់ប្តូរនោះឡើយ ។ ស្នៀតរបស់ក្រុមប្រឆាំង ធ្លាប់អនុវត្តនោះគឺ បង្កហេតុ បង្កាត់ភ្លើង ចាក់សាំងលើភ្លើង រហូតក្លាយជាអគ្គិភ័យ ឆេះផ្ទះខ្លួនឯងអស់ ទ្រព្យសម្បត្តិក៏អស់ រីឯខ្លួនក៏ត្រូវបានសមត្ថកិច្ច ចាប់ដាក់ពន្ធនាគារ ឲ្យទទួលទោស ទើបនាំគ្នានឹកនាបួងសួង អង្វរ ក ឲ្យមានការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយ ។ និយាយតាមបែបផ្សេងគឺ «ពេលទឹកដល់ ច្រមុះទើបបន់ព្រះឲ្យជួយ» ។
រឿងចុងក្រោយដែលបញ្ជាក់ថា ក្រុមប្រឆាំងនេះនៅតែអនុវត្តវិធី ចាស់គំរឹលដដែលនោះគឺ សំណុំរឿងលោក កឹម សុខា ។ ពេលត្រូវចោទប្រកាន់ពីបទក្បត់ជាតិ ដែលជាទោស ព្រហ្មទណ្ឌដ៏ធ្ងន់ អាចថារើខ្លួនមិនរួច ឥឡូវនេះ ពួកគេខំបង្វែទៅជារឿងនយោបាយ ហើយងាក មករកការសន្ទនា ដើម្បីបញ្ចប់ទំនាស់ ជាជាងការកាត់ទោស តាមផ្លូវតុលាការទៅវិញ។
ខ្ញុំនៅចាំបានថា លោក កឹម សុខា បាននិយាយយ៉ាងច្បាស់លាស់ ពីផែនការសកម្មភាពរបស់ខ្លួន ក្នុងការផ្តួលរំលំរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន សែន ដោយមានបរទេសនៅ ពីក្រោយខ្នង ។ លោក កឹម សុខា អះអាងយ៉ាងច្បាស់ និងដោយ មោទនភាពថា ” …គាត់មិនមែនចេះតែធ្វើអ្វី តាមគាត់នឹកឃើញ នោះទេ តែគាត់ត្រូវបានបរទេស បញ្ជាពីក្រោយខ្នង…។ ហើយផែនការ ផ្តួលរំលំរដ្ឋាភិបាលនេះ ទៀតសោត ក៍ត្រូវបានរៀបចំដោយបរទេស អស់រយៈពេលជាយូរឆ្នាំមកហើយ ។ លោក កឹម សុខា បានបញ្ជាក់ដោយភាពជឿជាក់ថា បើរៀបចំល្អិតល្អន់ប៉ុណ្ណឹង ហើយផ្តួលរំលំរដ្ឋាភិបាល មិនបានសម្រេចទៀតនោះ មិនដឹងធ្វើយ៉ាងម៉េចទៀតទេ?
ក្រៅពីផែនការតាមខ្សែញាក់ របស់បរទេស លោក កឹម សុខា និងក្រុមប្រឆាំងរបស់ខ្លួន ក៏បានធ្វើសកម្មភាពគឃ្លើន មិនខ្លាចច្បាប់ជាច្រើនទៀត ក្នុងដំណើរជីវិតនយោបាយរបស់ខ្លួន ។ លោក កឹម សុខា បានផ្លាស់ប្តូរខ្លួន ពីអ្នកនយោបាយ ទៅជាប្រធានអង្គការសង្គមស៊ីវិល បន្ទាប់មកក៏ហក់ចូលនយោបាយវិញ ។
លោក កឹម សុខាក៍បានអះអាងយ៉ាងច្បាស់ថា ភាពបត់បែននេះ សុទ្ធសឹងជាផែនការដែលរៀបចំ ដោយបរទេសទាំងអស់ ។ ទាំង នៅជាអ្នកនយោបាយ និងនៅជាប្រធានអង្គការសង្គមស៊ីវិល លោក កឹម សុខា បានតាំងខ្លួនជាអ្នកប្រឆាំងប្តូរផ្តាច់ម្នាក់ដោយ មិនញញើតកោតក្រែងអ្នកណា ទាំងអស់ សូម្បីតែច្បាប់ ពីព្រោះតែគាត់ត្រូវការភាពល្បីល្បាញ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនដើម្បីធ្វើដើមទុន នយោបាយ ។
ខ្ញុំនៅចាំបានថា កាលពីនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា បានធ្វើសកម្មភាព ក្រោមពាក្យស្លោកថា «បើមិនប្រថុយ គឺគ្មានការផ្លាស់ប្តូរទេ»។ ពាក្យស្លោកនេះជាការញុះញង់ផុសកំហឹង ឲ្យប្រជាពលរដ្ឋអោយ ងើបបះបោរប្រឆាំងរដ្ឋាភិបាល ក្រោមលេសថា ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ ។
អ្នកនយោបាយ កូនអុកបរទេសរូប នេះបានប្រើប្រាស់វេទិកាសាធារណៈដើម្បីបញ្ឆេះ កំហឹងពលរដ្ឋឲ្យស្អប់រដ្ឋាភិបាល។ ប៉ុន្តែ លទ្ធផលចុងក្រោយ របស់គណបក្សសិទ្ធិមនុស្ស ដែលជាមរតករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានទទួលលទ្ធផលត្រឹម ៣ កៅអីតែប៉ុណ្ណោះ។
ដោយអស់តម្រិះក្នុងការតស៊ូនយោបាយព្រោះតែលទ្ធផល ដែលទទួលបានខុសឆ្ងាយពីការរំពឹងទុក លោក កឹម សុខា ក៏ត្រូវបានបរទេសបញ្ជាឲ្យទៅចូលរួមជាមួយលោក សម រង្ស៊ី បង្កើតអតីតបក្សសង្គ្រោះជាតិ បើទោះបីជាអ្នកទាំងពីរនេះ មានទស្សនៈខុសគ្នាដូចទឹកនិងប្រេងក៏ដោយ ។ ពេលអតីតបក្សប្រឆាំងបានកៅអីត្រឹម ៥៥ ដែលមិនគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរ រដ្ឋាភិបាល លោក កឹម សុខា ក៏ ត្រូវបានបរទេសប្រើឲ្យរៀបចំផែនការ ផ្តួលរំលំ រដ្ឋាភិបាលដោយប្រើប្រាស់ចលនា បដិវត្តន៍ពណ៌តាមលំនាំបដិវត្តន៍ នៅយូហ្គោស្លាវី និងស៊ែប៊ី ។ នេះហើយជាទោសក្បត់ជាតិយ៉ាងធ្ងន់ធ្ងរដែលលោក កឹម សុខា កំពុងប្រឈមមុខ ។
ដល់ពេលមានទោសធ្ងន់ អាចដឹងខ្លួនថារើខ្លួនមិនរួច ក្រុមប្រឆាំងបាននាំគ្នានិយាយថា នោះជា រឿងនយោបាយ និងសុំឲ្យមានការសន្ទនាតាមបែប នយោបាយដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ ។
ខ្ញុំឆ្ងល់និងលើកជាសំនួរសួរថា ពេលរៀបចំផែនការផ្តួលរំលំ តើលោក កឹម សុខា ឬ ក្រុមប្រឆាំងជ្រុលនិយម ទាំងឡាយមានគិតដល់ការសន្ទនា តាមផ្លូវនយោបាយឬទេ? ពេលកម្លាំងរបស់ខ្លួនកើនឡើង ពួកគេគិតតែនាំគ្នាធ្វើបាតុកម្ម និងកូប្បកម្មផ្តួលរំលំ រដ្ឋាភិបាល តើម្តេចមិនគិត និយាយពីការសន្ទនាផង? ពេលអតីតបក្សប្រឆាំង មិនទាន់ត្រូវបាន រំលាយ ម្តេចក៏មិនគិតពី ការសន្ទនាបង្រួបបង្រួមជាតិ ម្តេចក៏គិតតែញុះញង់បំបែកបំបាក់ដើម្បីផ្តួលរំលំរដ្ឋាភិបាល? ដល់ពេលឥឡូវក្រោយពីដុតភ្លើង ថែមសាំងរហូតឆេះផ្ទះខ្លួនឯងអស់ ហើយខ្លួនត្រូវជាប់ចោទពីបទក្បត់ជាតិឃុបឃិតជាមួយបរទេសទៀត បែរជានាំគ្នា និយាយថា មានតែផ្លូវសន្ទនាខ្មែរ និងខ្មែរទេទើបអាចបញ្ចប់បញ្ហាខ្មែរបាន? ចុះពីមុនម្តេចមិនស្វែងរកការសន្ទនារវាងខ្មែរនិងខ្មែរ ម្តេចក៏បែរជាទៅពឹងបរទេសឲ្យជួយបង្រៀនពីរបៀបផ្តួលរំលំខ្មែរគ្នាឯងធ្វើអ្វី ជាពិសេសការផ្តួលរំលំតាមគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។
ដូច្នេះសំណួរ ទាំងអស់នេះអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់ថា ក្រុមប្រឆាំងជ្រុលនិយមមិនចោលក្បួនសម្តែងល្ខោន លេងប៉ាហ៊ី ឆ្ពិនភ្នែកគេឯងនោះឡើយ។
តាមពិតក្រុមប្រឆាំងនេះក៍ មិនដែលគិតគូរដល់វប្បធម៌សន្ទនាអ្វីទេ គឺពួកគេគិតតែពីរកវិធីផ្តួលរំលំមួយមុខប៉ុណ្ណោះ។ តែដល់ពេលជាប់ចំណងអាច រើខ្លួនមិនរួចទើបស្រែករកការសន្ទនា។ បែបនេះគេហៅថា ពេលទឹកដល់ច្រមុះទើបរកព្រះជួយ។ ប៉ុន្តែ គ្មានព្រះណាអាចជួយមនុស្សពុតត្បុតពោរពេញដោយល្បិចកលបែបនេះបានឡើយ។
យ៉ាងណាមិញ អំពើដែលពួកគេបានសាងអាចនឹងឲ្យផល យ៉ាងសមស្របទៅពួកគេវិញហើយ។ ក្រុមអ្នកបំបែកបំបាក់ខ្មែរ កំពុងរងការបែកបាក់ ខ្ទេចខ្ទីដោយខ្លួនឯង។ ក្រុមអ្នកសាងវប្បធម៌លាបពណ៌ កំពុងត្រូវបានថ្នាំពណ៌ កំពប់ប្រឡាក់ខ្លួនឯងវិញ លាងមិនជ្រះឡើយ ។ ក្រុមអ្នកចង់ផ្តួលរំលំគេអាចនឹង ទទួលទណ្ឌកម្ម តាមរយៈទោសក្បត់ជាតិនៅឯតុលាការ ។ នេះជាកម្មផលដែលពួកគេបានសាង។ រឿងផ្លូវច្បាប់ យើងត្រូវទុកឲ្យអ្នកច្បាប់ដោះស្រាយ ចំណែក រឿងនយោបាយ គឺជារឿងដោយឡែក ដែលមិនអាចឡូកឡំគ្នាបានឡើយ ។ រឿងអាស្រូវរបស់អ្នកនយោបាយ មិនមែនសុទ្ធតែជារឿង នយោបាយទេ ។ តែបើអ្នកនយោបាយ ប្រព្រឹត្តខុសច្បាប់ គឺជារឿងផ្លូវច្បាប់ ។ ខ្ញុំយល់ថា សូមកុំព្យាយាមទាញ រឿងច្បាប់ឲ្យទៅជារឿង នយោបាយឲ្យសោះ។ ពាក្យសន្ទនានយោបាយខ្មែរ និងខ្មែរដែលពួកគេ កំពុងស្រែកទាមទារ ពេលនេះត្រូវបានក្រុមប្រឆាំងដដែលនេះ សម្លាប់បាត់ទៅហើយ៕
ដោយ : អ្នកតាមដាន នយោបាយតុកាហ្វេ