ព័ត៌មានជាតិ

សមាគមសហព័ន្ធ ស្វាយកម្ពុជា៖ក្រោយ ឈ្មួញចិនស្គាល់ស្វាយកែវរមៀត ជារបស់ខ្មែរបានចូលមកទិញផ្ទាល់ រំលងវៀតណាមនិងថៃ

ភ្នំពេញ៖ លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជាបានឲ្យដឹងថាស្ថានការណ៍២ឆ្នាំចុងក្រោយនេះ នៅពេលដែលឈ្មួញចិនកាន់តែស្គាល់ច្បាស់ថា ស្វាយកែវរមៀតគឺជារបស់ខ្មែរ ចិនបានចូលមកទិញផ្ទាល់ ដោយរំលងវៀតណាម និងថៃព្រមទាំងជួលចំការធ្វើខ្លួនឯងថែមទៀតផង។

លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគមសហព័ន្ធស្វាយកម្ពុជាបានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងនៅថ្ងៃទី១៥មករានេះថា”ទោះបីជាមាន ការខាតបង់យ៉ាងណាក៏យើងឃើញថាចិននៅតែបន្តធ្វើនិងទិញផ្លែស្វាយពីកម្ពុជាដោយដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម និងប្រទេសថៃដើម្បីទៅដល់ប្រទេសពួកគេ។ បើគិតត្រឹមឆ្នាំ២០១០ ដល់ឆ្នាំ២០១៧ នៅពេលដែលចិននៅបន្តទិញតាមរយៈវៀតណាម និងថៃ យើងឃើញថាផ្លែស្វាយកែវរមៀត មានតម្លៃថ្លៃនៅក្នុងខែតុលា ធ្នូ និងមករា ជាក់ស្តែងតម្លៃស្វាយខៀវ គឺមានតម្លៃ លើស ពី១៥០០រៀលក្នុងមួយគីឡូក្រាម និងពេលខ្លះតម្លៃរបស់ស្វាយខៀវអាចឡើងទៅដល់តម្លៃ៣៥០០រៀលក្នុងមួយគីឡូក្រាមទៀតផង”។

លោក អ៊ិន ឆៃវ៉ាន បានបន្តថា ចាប់ពីឆ្នាំ២០១៨ ដល់២០២០ យើងឃើញថានៅពេលដែលឈ្មួញចិនចូលមកទិញដល់កម្ពុជាផ្ទាល់ដោយរំលងឈ្មួញវៀតណាម និងថៃ តម្លៃស្វាយខៀវកាន់តែប្រែប្រួលខ្លាំង គឺខែដែលធ្លាប់លក់បានថ្លៃប្រែទៅជាថោកទៅវិញ។ ប្រទេសចិនគឺជាទីផ្សារដ៏ធំ ចិនត្រូវការផ្លែស្វាយស្រស់ ចំនួន៥០ម៉ឺនតោនក្នុងមួយឆ្នាំពីកម្ពុជា នៅពេលឈ្មួញចិនចុះទិញផ្ទាល់ពីកសិករ ចិនបែងចែកកម្លាំងជា៣ក្រុម ១.ក្រុមចិនផ្ទាល់ទិញថ្លៃ ២.ក្រុមបណ្តាញចិន(អាចជាវៀតណាម អាចជាថៃ និងអាចជាខ្មែរ) ទិញតម្លៃថោកជាងចិន៥០០រៀលទៅ៧០០រៀលក្នុងមួយគីឡូក្រាម នៅពេលតម្លៃធ្លាក់ចុះក្រុមទី១ និងក្រុមទី២រត់ចោលចំការ រីឯក្រុមទី៣ ក៏ចូលមកដល់ អាចជាក្រុមឈ្មួញវៀតណាម និងថៃ(ក្រុមថ្មី) ពួកទាំងនោះគឺមកប្រមូលទិញថោកជាងក្រុមទី២ចាប់ពី៥០០រៀលទៅ៧០០រៀលក្នុងមួយគីឡូក្រាមដើម្បីយកទៅលក់ឲ្យក្រុមទី១ នៅក្នុងប្រទេសរបស់ពួកគេ។

ដើម្បីការពារតម្លៃទិញលក់ឲ្យមានស្ថេរភាពល្អសមាគមសហព័ន្ធស្វាយកម្ពុជាគ្រោងបង្កើតកន្លែងប្រមូលផ្តុំកសិផលស្វាយនៅតាមតំបន់គោលដៅ ដោយសហការទិញលក់ដោយផ្ទាល់ជាមួយកសិករនិងចែកចាញទៅកាន់ទីផ្សារ។ កន្លែងប្រមូលផ្តុំគឺឃ្លាំងវេចខ្ចប់ទៅកាន់ទីផ្សារ និងជាកន្លែងសិប្បកម្មកែច្នៃនៅក្នុងតំបន់ដើម្បីជួយដល់កសិករ។
លោកបញ្ជាក់បន្ថែមថាសមាគមសហព័ន្ធស្វាយកម្ពុជាត្រូវការទុនវិនិយោគដោយផ្ទាល់សម្រាប់បង្កើតកន្លែងប្រមូលផ្តុំតាមខេត្តគោលដៅចំនួនចំនួន៥ ខេត្តកំពង់ស្ពឺ កំពត កែប តាកែវ និងកំពង់ឆ្នាំង ដើម្បីជួយដល់បងប្អូនកសិករ។

អ្វីដែលជាការព្រួយបារម្ភនោះសមាគមសហព័ន្ធស្វាយកម្ពុជារកឃើញថា រហូតមកដល់ថ្ងៃនេះស្វាយធ្លាក់ថ្លៃ ៤០០ទៅ៥០០រៀលក្នុងមួយគីឡូក្រាមតម្លៃក្នុងចំការ។រោងចក្រក្នុងស្រុកចំនួន៣៦ ពួកគេដាក់តម្លៃទិញទម្លាក់រាល់ថ្ងៃ ពួកគេបានភ្ជាប់ព័ត៌មានគ្នាតាមរយៈបណ្តាញWechat។តាមការចុះសិក្សារបស់សមាគមជាមួយរោងចក្រចំនួន៦ក្នុងខេត្តកំពង់ស្ពឺបានឲ្យដឹងថា បើរោងចក្រទិញផ្លែស្វាយយកទៅកែច្នៃ តម្លៃចន្លោះពី ១០០០រៀល ទៅ១៤០០រៀលក្នុងមួយគីឡូក្រាម ពេញមួយឆ្នាំក៏រោងចក្រនៅតែចំណេញដែរ៕

To Top