ព័ត៌មានជាតិ

លោកទូតអាមេរិក ៖ ព្រះសីហនុ ប្រែមុខមាត់ ដោយផ្តល់ឱកាសសេដ្ឋកិច្ច តែក៏មានបញ្ហា ប្រឈមធ្ងន់ធ្ងរ

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជាលោក W. Patrick Murphy ក្រៅពីកោតសរសើរ ចំពោះការអភិវឌ្ឍ និងរីកចម្រើន របស់ខេត្តព្រះសីហនុ ដោយបានផ្តល់ឱកាស សេដ្ឋកិច្ចច្រើនហើយ ក៏ថា ខេត្តនេះមានបញ្ហា ប្រឈមធ្ងន់ធ្ងរផងដែរ ។ នេះបើតាមការចុះផ្សាយ របស់ទូតអាមេរិក។

ក្នុងឱកាសទស្សនា នៅទីក្រុងព្រះសីហនុ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយមន្រ្តីមួយចំនួន ដើម្បីពិភាក្សាពីការរីកចម្រើន យ៉ាងឆាប់រហ័សនៃទីក្រុងនេះ។ ដំបូង លោកបានជួប លោក គួច ចំរើន ដែលជាអភិបាលខេត្ត ដើម្បីពិភាក្សាពីសារសំខាន់នៃនីតិរដ្ឋ និងការចូលរួមជាមួយសង្គមស៊ីវិល ដើម្បីធានាការអភិវឌ្ឍ ប្រកបដោយនិរន្តភាព ទាក់ទាញការវិនិយោគល្អៗ និងធានាប្រជាធិបតេយ្យ។

បន្ទាប់មកលោកថែម ទាំងបានជួបលោក ជួន ណារិន ស្នងការនគរបាលដែលកំពុង ប្រឈមនឹងកំណើននៃបទល្មើស ។ ជាមួយគ្នានេះអាមេរិក ធ្វើការជាមួយនគរបាល ដើម្បីការពារកុមារ ចាប់យកមកកាត់ទោសនូវជនគេចខ្លួន ប្រឆាំងនឹងការជួញដូរមនុស្ស គ្រឿងញៀន សត្វព្រៃ និងទំនិញក្លែងក្លាយ។

លោកឯកអគ្គរដ្ឋទូតបាននិយាយថា “ទីក្រុងព្រះសីហនុកំពុង មានការប្រែមុខមាត់ ដោយផ្តល់ឱកាសសេដ្ឋកិច្ចច្រើន តែទន្ទឹមនឹងនោះ ក៏មានផលលំបាកកាន់តែច្រើនផងដែរ ដែលចោទជាបញ្ហាប្រឈមធ្ងន់ធ្ងរ”៕

To Top