ព័ត៌មានជាតិ

រដ្ឋបាលក្រុងស្វាយរៀង ចុះផ្អាកអាជីវកម្ម ចាក់សាក់៣កន្លែងគ្មានច្បាប់

ស្វាយរៀង ៖ ទីតាំងធ្វើអាជីវកម្មចាក់សាក់៣កន្លែង ក្នុងក្រុងស្វាយរៀង ត្រូវបានលោក សរ សុដានី អភិបាលរងក្រុង តំណាងលោកអភិបាលក្រុងស្វាយរៀង និងក្រុមការងារបានចុះត្រួតពិនិត្យ និងផ្អាកជាបណ្ដោះអាសន្ន ព្រោះមិនមានច្បាប់អនុញ្ញាត ម៉្យាងអាជីវកម្មនេះជាលក្ខណះសិល្បៈ តែវាបានបង្កប់នូវសកម្មភាព អសន្តិសុខផងដែរ ។

ការចុះផ្អាកអាជីវកម្មចាក់សាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅទីតាំង៣កន្លែងផ្សេងគ្នា ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានការចូលរួម ពីអធិការនគរបាលកងរាជអាវុធហត្ថក្រុង មន្ត្រីសាលាក្រុងជាច្រើនផងដែរ។

លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង បានអោយដឹងថា ការចុះត្រួតពិនិត្យកន្លែងចាក់សាក់នេះ គឺមាន៣កន្លែងផ្សេងគ្នា មាននៅសង្កាត់ស្វាយរៀង២កន្លែង និងសង្កាត់ចេក១កន្លែង។ បន្ទាប់ពីលោកបានដឹកនាំក្រុមការងារ ចុះពិនិត្យនិងណែនាំទីតាំង ចាក់សាក់ចំនួនបីកន្លែងរួចមក ក្រុមការងារនឹងរៀបចំលិខិតរដ្ឋបាល ដើម្បីផ្អាកអាជីវកម្មចាក់សាក់នេះជាបណ្តោះអាសន្ន រង់ចាំការសម្រេច ពីលោកអភិបាលក្រុង ស្វាយរៀងផងដែរ។

លោកក៏បានបន្ថែមថា ការអាជីវកម្មទាំងនេះ គឺគ្មានច្បាប់អនុញ្ញាតនោះទេ ម្យ៉ាងវិញទៀត ទោះអាជីវកម្មនេះ ជាលក្ខណៈសិល្បៈក៏ពិតមែន ប៉ុន្តែវាបានបង្កប់ នូវសកម្មភាពអសន្តិសុខជាច្រើន ក្នុងសង្គមរបស់យើងផងដែរ ៕

To Top