ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ខែមករា ឆ្នាំ២០២០ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦មករានេះបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការ សហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខា លើផែនការ សហប្រតិបត្តិការឆ្នាំ២០២០ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោត សំខាន់លើការលើកកម្ពស់ តួនាទី និងភារកិច្ចកងកម្លាំងនគរបាល ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ៕