ភ្នំពេញ៖ ដើម្បីអោយប្រជាពលរដ្ឋ ងាកមកប្រើប្រាស់ សេវារថយន្តក្រុងសាធារណៈ មិនប្រើប្រាស់សេវាឯកជន ឱ្យកាន់តែប្រសើរឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការកែសំរួលផ្លូវរត់ រថយន្តក្រុងសាធារណៈ ក្នុងទីក្រុងភ្នំពេញ ដោយធ្វើចរាចរ លើផ្លូវអទិភាព សម្រាប់តែរថយន្តក្រុងតែម្តង នៅចំកណ្តាលទ្រូងផ្លូវ ដែលជាគម្រោងទី១ ចាប់ពីចំណុចផ្លូវប្រសព្វ មហាវិថីព្រះមុនីវង្ស និងផ្លូវហ្សាដឺហ្គោល ដល់ច្រមុះជ្រូកស្ទឹងមានជ័យ ។
ក្នុងអង្គប្រជុំ គណៈកម្មាធិការ រៀបចំផ្លូវអាទិភាព រថយន្តក្រុង និងដឹកជញ្ជូនសាធារណៈ (citybus) នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានបញ្ជាក់ថា នេះជាការងារចាំបាច់ សម្រាប់រាជធានីភ្នំពេញ ដោយត្រូវធ្វើយ៉ាងណា ឱ្យរថយន្តក្រុងសាធារណៈ ធ្វើចរាចរណ៍ទៅដោយរលូន មិនមានការកកស្ទះចរាចរណ៍ ។
លោកអភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា “បើការងារនេះ ទទួលបានជោគជ័យហើយនោះ ប្រជាពលរដ្ឋ នឹងងាកមកប្រើប្រាស់ សេវាដឹកជញ្ជូនសាធារណៈ ជាក់ជាមិនខាន។ អ្វីជាគម្រោង ដែលយើងត្រូវអនុវត្ត គឺយើងជ្រើសរើសយកផ្លូវមួយខ្សែ ដោយចាកចេញ ពីផ្លូវប្រសព្វរវាងផ្លូវព្រះមុនីវង្ស និងផ្លូវហ្សាដឺហ្គោលជិតផ្សារធំថ្មី ទៅដល់ច្រមុះជ្រូកស្ទឹងមានជ័យ” ។
លោក ឃួង ស្រេង បានបន្ថែមថា “បើគម្រោងទីមួយ ទៅលើផ្លូវអទិភាពមួយខ្សែនេះ ទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការសិក្សា ទៅលើបណ្ដាញផ្លូវផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឱ្យខ្សែរត់ នៅក្នុងរាជធានីភ្នំពេញ ទទួលបានការគាំទ្រ និងពេញចិត្តពេញថ្លើម ពីប្រជាពលរដ្ឋ។ ការងារនេះអាចសម្រេចបាន គឺត្រូវតែមានការចូលរួម ពីអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចប៉ូលីសពាក់ព័ន្ធ “។
ជាមួយគ្នានោះ លោក អ៊ាង សុខឃីម អភិបាលរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញ បានឲ្យដឹងដែរថា ក្រោយការសិក្សា ក្រុមការងារ យើងមានជម្រើស២ ដើម្បីប្រើប្រាស់ផ្លូវអាទិភាព សម្រាប់រថយន្តក្រុងសាធារណៈ ដោយបែងចែកជា២ ជម្រើស៖ ១ គន្លងផ្លូវអាទិភាព រថយន្តក្រុងនៅចំកណ្តាលទ្រូងផ្លូវ ដែលបង្កភាពងាយស្រួល ដល់ការរៀបចំគំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ។ ប៉ុន្តែត្រូវធ្វើចំណតរង់ចាំ នូវកណ្តាលទ្រូងផ្លូវ។ ២ គន្លងផ្លូវអាទិភាព រថយន្តក្រុងខាងស្តាំ ជាប់ចិញ្ចើមផ្លូវគឺបង្កភាពងាយស្រួល ដល់ការឈប់ចតដាក់ និងទទួលអ្នកដំណើរ កាត់បន្ថយការចំណាយ ប៉ុន្តែមានផលប៉ះពាល់ ដល់សណ្តាប់ធ្នាប់ តាមចិញ្ចើមផ្លូវ និងអាជីវកម្ម របស់ប្រជាពលរដ្ឋ អមសងខាងផ្លូវ។ គម្រោងនេះត្រូវ ស្នើសុំគោលការណ៍ ចំណាយថវិកា ប្រមាណ ៣.៥លានដុល្លារ សម្រាប់អនុវត្តន៍ គម្រោងផ្លូវអទិភាព រថយន្តក្រុង ដែលមានចំងាយ ៥គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វ មហាវិថីព្រះមុនីវង្ស និងផ្លូវហ្សាដឺហ្គោល ដល់ច្រមុះជ្រូកស្ទឹងមានជ័យ ។
ចំពោះគម្រោងនេះ លោក ឃួង ស្រេង ក្នុងប្រជុំបានសម្រេចយកផ្លូវអាទិភាព នៅចំកណ្តាលទ្រូងផ្លូវ និងបានស្នើសុំមន្ទីរជំនាញ និងខណ្ឌពាក់ព័ន្ធទាំង៤ សហការជាមួយ រដ្ឋាករអនុវត្តន៍ គម្រោងនេះ ឱ្យបានជោគជ័យ និងជួយរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវពេលម៉ោងប្រតិបត្តិការ រថយន្តក្រុង គឺពេលព្រឹកចាប់ពីម៉ោង ៦និង៣០នាទី ដល់ម៉ោង៩និង៣០នាទី សំរាប់ ទិសដៅចូលរីធានីភ្នំពេញ ពីស្ទឹងមានជ័យ ដល់ផ្សារថ្មី និងពេលល្ងាច ចាប់ពីម៉ោង៤និង៣០ នាទីដល់ម៉ោង ៧និង៣០នាទី សំរាប់ទិសដៅ ចេញពីរាជធានីភ្នំពេញ (ផ្សារថ្មី ដល់ច្រមុះជ្រូកស្ទឹងមានជ័យ)៕ ដោយ៖ ដារាត់