ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា សម្រេចឲ្យមានការទទួល ទានអាហារជួបជុំគ្នា ជារៀងរាល់ឆ្នាំ រវាងមន្រ្តីនិងពាណិជ្ជករ កម្ពុជា-វៀតណាម មុនបុណ្យចូលឆ្នាំចិន វៀតណាម

ភ្នំពេញ៖ នៅចំពោះមុខ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអោយមាន ការទទួលទានអាហារជួបជុំគ្នា រវាងមន្រ្តីនិងពាណិជ្ជករ កម្ពុជា-វៀតណាម ជារៀងរាល់ឆ្នាំ មុនបុណ្យចូលឆ្នាំរបស់វៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងបង្កើននូវជំនឿទុកចិត្ត នៃប្រទេសទាំងពីរ។ នេះបើយោងតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចតេជោ នាយករដ្ឋមន្រ្តី។

ក្នុងឱកាស អញ្ជើញចូលរួមពិសារអាហារអបអរសាទរ បុណ្យចូលឆ្នាំថ្មី របស់វៀតណាម នៅទី១៧ ខែមករា ឆ្នាំ២០២០ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម ដែលនឹងចូលមកដល់ នាពេលខាងមុខ។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា ការជួបជុំនេះគឺជាការឆ្លុះបញ្ចាំងពីទំនាក់ទំនង រវាងប្រទេសជិតខាងល្អ ការជឿទុកចិត្តគ្នា ទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក ជាពិសេសលើ គ្រប់វិស័យរវាងប្រទេសយើងទាំងពីរ ដែលសម្រេចបាននូវ វឌ្ឍនភាពល្អទាំងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងការទូត។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ថ្លែងអណរគុណ ដល់វិនិយោគិនវៀតណាម ដែលជ្រើសរើសកម្ពុជា ជាកន្លែងវិនិយោគ និងការពង្រីកអាជីវកម្មផ្សេងៗ ស្របទៅតាមគោលការណ៍ របស់រាជរដ្ឋាភិបាល និងការលើកទឹកចិត្ត សម្រាប់ការវិនិយោគ ការធ្វើធុរកិច្ច ដែលមានលក្ខណៈប្រកួតប្រជែង ស្មើភាព ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងការវិនិយោគលើ គ្រប់វិស័យដើម្បីពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ អោយសម្រេចតាមគោលដៅ ដែលបានគ្រោងទុក
ហើយកម្ពុជានៅតែត្រូវការ ការវិនិយោគពីវៀតណាម ជាពិសេសការកែច្នៃផលិតផលកម្ពុជា ទៅកាន់ប្រទេសវៀតណាម។

នេះជាឆ្នាំទីមួយដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជួបជុំជាមួយបងប្អូន អ្នកវិនិយោគវៀតណាម មុនបុណ្យចូលឆ្នាំវៀតណាម មកដល់ ហើយសម្តេច បានសម្រេចអោយមាន ការជួបបែបនេះ នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីពង្រឹងចំណងមិត្តភាព និងបង្កើននូវជំនឿទុកចិត្ត រវាងគ្នានិងគ្នា ជាពិសេស គឺពង្រឹងការជឿទុកចិត្ត រវាងវិនិយោគិនវៀតណាម នៅកម្ពុជា។

នៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិមិត្តវៀតណាម នាពេលខាងមុខ ដែលឈានចូល មកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមជូនពរដល់បងប្អូនវៀតណាម ទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច ។

ពិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក វូ ក្វាងមិញ, ពាណិជ្ជករ អ្នកជំនួញខ្មែរ និងវៀតណាម ព្រមទាំងប្រជាពលរដ្ឋវៀតណាមមួយចំនួនទៀត ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕ដោយ បាន ធារ៉ូ

To Top