ព័ត៌មានជាតិ

អភិបាលរាជធានី ឲ្យសាលាឯកជន និងរដ្ឋ អប់រំផ្សព្វផ្សាយ និងទប់ស្កាត់ ការលក់នំ​ចំណីអាហារផ្អែម និងភេសជ្ជៈផ្អែម​​​ ក្នុងបរិវេណ​ សាលារៀន

ភ្នំពេញ៖ លោកឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ​ បានក្រើនរំលឹកជាថ្មី និងជំរុញឲ្យគណៈគ្រប់គ្រង សាលារៀនទាំងឯកជន និងរដ្ឋ ត្រូវមានការអប់រំ ផ្សព្វផ្សាយ និងទប់ស្កាត់ ការលក់នំចំណីអាហារផ្លែម និងភេសជ្ជៈផ្អែម ក្នុងបរិវេណសាលារៀន ដើម្បីបញ្ជៀស នូវបញ្ហាប្រឈម និងហានិភ័យផ្សេងៗដូចជា ការកើតជំងឺដង្កូវស៊ីធ្មេញ, ជំងឺបេះដូង, ជំងឺធាត់ហួសកម្រិត និងជំងឺទឹកនោមផ្អែម លើកុមារ សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី នៃសង្គមជាតិ ។

ថ្លែងក្នុងពិធីសម្ពោធ សាលារអន្តរជាតិ អេដវេន អាកាដេមិក (Advance Academy International School) ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ លោកឃួង ស្រេង បានមានប្រសាសន៍ថា “ការបង្កើតសាលាបង្រៀនឯកជន សាលារអន្តរជាតិ អេដវេន នេះ គឺជាផ្នែកមួយ​ នៃការគាំទ្រគោលនយោបាយ កំណែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការចូលរួមចំណែក លើកកម្ពស់ការផ្តល់សេវាអប់រំ កាន់តែប្រសើរឡើង នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ” ។

លោកអភិបាល រាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា “សាលារៀនឯកជន មានតួអង្គដ៏សំខាន់មួយ ក្នុងចំណោមតួអង្គស្នូលនានា នៅក្នុងការកសាង មូលធនមនុស្ស សម្រាប់ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ” ។

ក្នុងឱកាសនោះ លោកឃួង ស្រេង ក៏បានជម្រុញឲ្យលោកស្រី ជា ស៊ីណា ប្រធានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូទាំងអស់ នៃសាលាអន្តរជាតិ អេដ វេន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវរាល់កម្មវិធីអប់រំ និងនិយាមគរុកោសល្យ របស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសត្រូវអនុវត្តគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ការអប់រំសម្រាប់ទាំងអស់គ្នា និងការជំរុញចលនាអប់រំ ក្នុងសាលាតាមពាក្យស្លោក “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” ឱ្យកាន់តែសកម្មខ្លាំងក្លា និងមានប្រសិទ្ធភាពខ្ពស់។ ផ្តល់សេវាអប់រំ ដោយផ្តោតជាសំខាន់លើ “គុណភាពជាចម្បង” ។

លោកអភិបាល បានបន្ថែមទៀតថា គួរផ្សារភ្ជាប់ការអប់រំសិស្សានុសិស្ស ទៅនឹងមេរៀន ប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ វប្បធម៌សន្តិភាព ការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូររបស់មនុស្សសីលធម៌ សុជីវធម៌ សិល្បៈ កីឡា និងបំនិនជីវិតផ្សេងៗ ដើម្បីឱ្យពួកគេទទួលបាន នូវចំណេះដឹងកាន់តែប្រសើរ និងក្លាយជា​គ្រាប់ពេជ្រពិតប្រាកដ សម្រាប់សង្គមជាតិ។

លោក ឃួង ស្រេង បានបន្ថែមថា គួរបង្កើតកម្មវិធីអប់រំ ផ្សព្វផ្សាយបន្ថែម ពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំង អំពើហឹង្សា, ការជួញដូរស្រ្តី និងកុមារ លុបបំបាត់ការរើសអើងក្នុងសង្គម, ទប់ស្កាត់ការរីក រាលដាល នៃមេរោគអេដស៍-ជំងឺអេដស៍, គ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងការអប់រំពាក់ព័ន្ធនឹង ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាដើម ជាពិសេស “អប់រំ ផ្សព្វផ្សាយ និងទប់ស្កាត់ការលក់ នំចំណីអាហារផ្លែម និងភេសជ្ជៈ ផ្អែមក្នុងបរិវេណសាលារៀន ដូចអ្វីដែលរដ្ឋបាល រាជធានីភ្នំពេញ បានធ្វើការណែនាំ នាពេលកន្លងមក ពីព្រោះ ការទទួលទាននំចំណីផ្អែម និងភេសជ្ជៈផ្អែមខ្លាំង នឹងធ្វើឱ្យក្មួយៗ សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី នៃសង្គមជាតិយើង ត្រូវប្រឈមមុខ នឹងហានិភ័យ ដូចជាជំងឺដង្កូវស៊ីធ្មេញ, ជំងឺបេះដូង, ជំងឺធាត់ហួសកម្រិត និងជំងឺទឹកនោមផ្អែម ជាដើម ហើយប្រសិនបើ ធនធានមនុស្សរបស់យើង មានសុខភាពមិនល្អ នោះសង្គមជាតិ ក៏ត្រូវជួបប្រទះបញ្ហាដែរ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ អំពីបញ្ហានេះទាំងអស់គ្នា” ។

ជាមួយគ្នានោះ លោកស្រី ជា ស៊ីណា ប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ អេដ វេន បានមានប្រសាសន៍ថា ដោយទឹកចិត្តស្រឡាញ់ គាំទ្រវិស័យអប់រំ និងទទួលបានការអនុញ្ញាត ពីក្រសួងពាណិជ្ជកម្ម និងក្រសួងអប់រំផង នៅថ្ងៃទី១៨ វិច្ឆិកា ២០០៨ លោក សេង ឡុង បានបង្កើត សហគ្រាសឯកបុគ្គល ស្មាធឃីដ អ៊ីនធើណេសិនណលស្គល ហើយបើកបម្រើសេវាអប់រំ ឯកជនក្រោមពាណិជ្ជនាម “ស្មាធ-ឃីដ អ៊ិនធើណេសិនណលស្នូល ឬសាលាអន្តរជាតិ ស្មាធ ឃីដ សាខាទី០១ ចាប់ពីថ្ងៃ៧ មករា ឆ្នាំ២០០៩ ដោយមានការគាំទ្រ​ ពីមាតាបិតា និងសិស្សានុសិស្ស យ៉ាងច្រើនរហូតដល់ចំនួន ចុះឈ្មោះសិក្សា កើនដល់ប្រមាណ ៣ ០០០ (បីពាន់) ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ។

សហគ្រាសឯកបុគ្គល “ស្មាធ-ឃីដ អ៊ិនធើណេសិនណលស្គល បានវិវត្តន៍ខ្លួន​ ទៅជាក្រុមហ៊ុនស្មាធ ឃីដ អ៊ិនធើណេសិនណលស្គល ត្រាស់ អេទ្យ Co.Ltd” ហើយពង្រីកសក្តានុពលខ្លួន ពី០១ សាខា រហូតដល់ ០៧សាខា៕ ដោយ៖ ដារាត់

To Top