ភ្នំពេញ៖ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានប្រកាសឲ្យដឹងថា នាយទាហាន នៃកងរាជអាវុធហត្ថ ចំនួន២នាក់ បានប្រើអំពើហិង្សា ទៅលើជនសង្ស័យ ឈ្មោះ ទុយ ស្រស់ ភេទប្រុស នៅបន្ទាយមានជ័យ រហូតដល់ស្លាប់ពិតប្រាកដមែន។
នាយទាហាន នៃកងរាជអាវុធហត្ថ ចំនួន២នាក់ មានឈ្មោះវរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខ ១៩៧៣៩២ មុខងារ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងអនុសេនីយ៍ទោ ឆយ រដ្ឋនា អត្តលេខ ១៩៧៣៩៩ មុខងារជំនួយការ ការិយាល័យប្រឆាំងគ្រឿងញឿន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។
ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្ស និងលោក សៅ សុខា អគ្គមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ចាត់តាំងគណៈកម្មការ ស្រាវជ្រាវជាបន្ទាន់ លើបញ្ហាដែលមានមនុស្សស្លាប់ នៅខេត្តបន្ទាយមានជ័យ ដោយសារ ការធ្វើទារុណកម្ម។ សម្តេចថា ប្រសិនបើមានករណីដូច្នោះមែន អ្នកដែលបានធ្វើឲ្យគេ មានរបួសស្នាម រហូតដល់ស្លាប់ គឺត្រូវតែចាប់មកផ្តន្ទាទោស តាមច្បាប់ឲ្យខានតែបាន ដោយមិនមានការ អត់ឱននោះទេ។
យោងតាមចេញសេចក្ដី ប្រកាសព័ត៌មានរបស់ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២០ បានឲ្យដឹងថា “កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានបង្កើតគណៈកម្មការ ចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់ ជាលទ្ធផល បានរកឃើញការពិតមែន មាននាយទាហាន នៃកងរាជអាវុធហត្ថ ចំនួន២នាក់ បានប្រើអំពើហិង្សា ដោយវាយជនសង្ស័យ ពិតប្រាកដមែន”។
កងរាជអាវុធហត្ថ បន្ដថា ការធ្វេសប្រហែស ក្នុងការអនុវត្តតួនាទី ភារកិច្ចដោយឃាត់ខ្លួន ជនសង្ស័យនៅជាមួយក្រុមក្មេង ដែលកំពុងអប់រំបន្សាបគ្រឿងញៀន និងបណ្តោយឲ្យក្មេង ទាំងនោះវាយធ្វើបាប ជនសង្ស័យ។ ក្រោយពីការបញ្ជូនខ្លួន ទៅកាន់ពន្ធនាគារ តាមដីកាឃុំខ្លួនបណ្តោះអាសន្ន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់ ។
ជាវិធានការ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌ នៃគណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានកសាងសំណុំរឿង នាយទាហាន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចំនួន២នាក់ បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចោទប្រកាន់ តាមច្បាប់៕ ដោយ៖ អេង ប៊ូឆេង