កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងលោក អេង ជាសាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលជលផល នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បានឯកភាពគ្នាចុះត្រួតពិនិត្យ លើករណីចាក់ដីរំលោភ ដែនសហគមន៍នេសាទ ព្រែកត្នោត។
ប្រភពព័ត៌មាននានា បានឲ្យដឹងបន្ថែមថា ការចាក់ដីនេះ អាចដំណើរការបានរលូន ដោយសារមានការយកឈ្មោះ មន្រ្តីរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការក្រសួង ដែលមានឥទ្ធិពលមួយ មកបាំងមុខ។ អ្វីដែលគួរឲ្យកត់សម្គាល់ នោះការចាក់ដីរំលោភ យកដែនសហគមន៍នេសាទ ព្រែកត្នោតនេះ មានការប្រើប្រាស់ ឡានពាក់ផ្លាកលេខ ខេមរភូមិន្ទ ផងដែរ។
គូសបញ្ជាក់ ថាខេត្តកំពតមានសហគមន៍ ទេសចរណ៍ចំនួន ៤កន្លែង ដែលកំពុងដំណើរការ នាពេលបច្ចុប្បន្ន មានដូចជា សហគមន៍ទេសចរណ៍ព្រែកត្នោត ( អន្លង់ធំ ) សហគមន៍ទេសចរណ៍ ត្រពាំងសង្កែ សហគមន៍ទេសចរណ៍ កំពង់សាមគ្គី និងសហគមន៍ ទេសចរណ៍បឹងអន្លង់ព្រីង ។ សហគមន៍អេកូទេសចរណ៍ ព្រែកត្នោត មានទីតាំងស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ៕