ភ្នំពេញ៖ កម្ពុជា-វៀតណាម បានបន្តកិច្ចសហប្រតិបត្តិការ គ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន និងដោះស្រាយបញ្ហាផ្សេងៗ ដោយឈរលើគោលការណ៍ គោរពឯករាជ្យ និងអធិបតេយ្យគ្នាទៅវិញទៅមក។
ការបន្តកិច្ចសហប្រតិបត្តិការនេះ បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃកម្ពុជា និងឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម កាលពីថ្ងៃទី១៨ មករា បានចុះហត្ថលេខារួមគ្នា លើឯកសារផែនការ សហប្រតិបត្តិការឆ្នាំ២០២០ សម្រាប់អនុវត្តបន្ត ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០បានឲ្យដឹងថា “កម្ពុជា-វៀតណាម បន្តកិច្ចសហប្រតិបត្តិការ គ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន និងសហការដោះស្រាយ បញ្ហាផ្សេងៗ ដោយសន្តិវិធី ឈរលើគោលការណ៍ គោរពឯករាជ្យ និងអធិបតេយ្យគ្នា ទៅវិញទៅមក”។
ជាងនេះទៅទៀត កម្ពុជា -វៀតណាម បន្តចាត់វិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើស ធនធានធម្មជាតិផ្សេងៗ នៅតាមបណ្តាខេត្ត ជាប់ព្រំដែន និងនៅតាមតំបន់មួយចំនួន ដែលមានភូមិសាស្រ្តស្មុគស្មាញ និងជំរុញចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់ ។
បន្ថែមពីលើនេះ ទៀត កម្ពុជា-វៀតណាម បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើន តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលសម្រេចបាន ក្នុងឆ្នាំ២០១៩ ដូចជា៖ផ្លាស់ប្តូរព័ត៌មាន, ការពារសុវត្ថិភាព ដំណើរទស្សនកិច្ច ថ្នាក់ដឹកនាំជាន់ខ្ពស់ ,ប្រយុទ្ធប្រឆាំង បទល្មើសឆ្លងដែន, ពិនិត្យព្យាបាលជំងឺ, ការបណ្តុះបណ្តាល ធនធានមនុស្ស ព្រមទាំងជួយគាំទ្រ គ្នាទៅវិញទៅមក ផ្នែកសម្ភារបច្ចេកទេស បម្រើឲ្យការងារ ថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
ទន្ទឹមនេះ ភាគីទាំងពីរក៏បានកត់សម្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ រវាងកងកម្លាំងនគរបាល នៅតាមបណ្តាខេត្ត ជាប់ព្រំដែន នៃប្រទេសទាំងពីរ ដែលបានសហការគ្នា យ៉ាងជិតស្និទ្ធ និងថែរក្សាបរិយាកាស សន្តិសុខតាមខ្សែបន្ទាត់ព្រំដែន បានយ៉ាងល្អប្រសើរ រួមចំណែកបង្កលក្ខខណ្ឌ អំណោយផល ដល់ការប្រកបជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ។
សូមរំលឹកថា សម្តេច ស ខេង បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី១៧ ដល់១៩ខែមករា ឆ្នាំ២០២០ នៅវៀតណាម ដើម្បីធ្វើជាសហប្រធាន
ដឹកនាំកិច្ចប្រជុំ ពិនិត្យវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៩ និងចុះហត្ថលេខា លើផែនការសហប្រតិបត្តិការ ឆ្នាំ២០២០ ជាមួយសមភាគី ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គម និយមវៀតណាម៕ ដោយ៖ អេង ប៊ូឆេង