ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញផ្តាំថា មុនចេញពីផ្ទះត្រូវបិទកុងតាក់ ព្រោះអគ្គិភ័យកើតឡើង ពីការធ្វេសប្រហែស

ភ្នំពេញ ៖ ខណៈបុណ្យចូលឆ្នាំចិន-វៀតណាម កាន់តែខិតជិតចូលមកដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើនិងណែនាំប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះកុងតាក់ភ្លើង ត្រូវបិទឲ្យអស់ មុននឹងចាកចេញពីគេហដ្ឋាន ព្រោះអគ្គិភ័យភាគច្រើនកើតឡើង ពីអគ្គិសនីនេះតែម្តង ដោយសារតែធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ ។

ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ឲ្យប្រជាពលរដ្ឋ៥១គ្រួសារ និងចែកអំណោយពលរដ្ឋ២៣៣គ្រួសារ នៅតំបន់អភិវឌ្ឍន៍ OCIC ក្នុងឱកាសបុណ្យចូលឆ្នាំចិន ក្នុងបុរីរុងរឿង នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក ឃួង ស្រេង បានមានប្រសាសន៍ថា “ដើមឡើយយើង មានផ្ទះតូចតាចហើយ មានរបង មានអីមិនគត់មុត កាលណាចេញទៅរកស៊ីតែងបារម្ភ ខ្លាចមានចោរចូល ខ្លាចមានអគ្គិភ័យ ឥឡូវមានសោរចាក់ស្រួលបួល ប៉ុន្តែកន្លែងខ្លះខ្ពស់ ត្រូវប្រយ័ត្នអំពីអគ្គិភ័យខ្លះផង ចេញពីផ្ទះ ត្រូវបិទភ្លើងឲ្យអស់ កុំឲ្យមានបញ្ហានេះកើតឡើង ជារើយៗអគ្គិភ័យ ច្រើនតែកើតឡើង នៅរដូវប្រាំង ហើយមូលហេតុអគ្គិសនីនេះឯង” ។

អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា ដូច្នេះកុំទៅបន្ទោសអគ្គិសនីជាអ្នកធ្វើឲ្យឆេះ ប៉ុន្តែមូលហេតុមកពីម្ចាស់ផ្ទះ មានការធ្វេសប្រហែស។

លោក ឃួង ស្រេង បានណែនាំថា “បិទបារ៉ែតភ្លើងតែម្តងផ្ទះដែលចេញហើយ គួរបិទបារ៉ែតតែម្តង ។ កុំគិតថា ទូរទឹកកកស្អុយអី បើកទូចោលទៅ ។ បញ្ហានេះជាពិសោធន៍ ដែលខ្ញុំសង្កេតឃើញថា ក្នុងរាជធានីភ្នំពេញ ភាគច្រើនអគ្គិភ័យឆាប់ឆេះ ដោយសារបញ្ហាដោតឌុយសាកចោល ដែលសូមឲ្យបងប្អូនប្រុងប្រយ័ត្ន” ។

ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា ការចែកប័ណ្ណ ប្រគល់ផ្ទះជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វានេះ ជាការឆ្លុះបញ្ចាំង នៃការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិកាន់កាប់ស្របច្បាប់ របស់ពលរដ្ឋសំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រ រួមទំាងរួមចំណែក ការពង្រឹងយុត្តិធម៌ និងសេ្ថរភាពសង្គម។

ជាមួយគ្នានោះ លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានឲ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុនបានដោះស្រាយផលប៉ះពាល់ ជូនពលរដ្ឋចំនួន៩២.០៦ភាគរយហើយ ខណៈនៅសល់ជាង៧ភាគរយ ឬជាង៨០គ្រួសារទៀត នឹងត្រូវដោះស្រាយបញ្ចប់ នាពេលដ៏ខ្លីខាងមុខ ។

លោកបញ្ជាក់ថា ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា ឲ្យក្លាយទៅជាទីក្រុងទំនើប នៅពេលខាងមុខ ដោយមានទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម អគាររដ្ឋបាល សួនច្បារ ផ្លូវគមនាគមន៍ធំទូលាយ សួនកម្សាន្ត និងអគារលំនៅដ្ឋានប្រណីតៗ ផ្សារទំនើប សម្រាប់ការរស់នៅបែបស៊ីវិល័យ របស់ពលរដ្ឋក្នុងទីក្រុង ។

សូមបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វា គឺជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្រុមហ៊ុន OCIC របស់លោកឧកញ៉ាពុង ឃាវសែ ទទួលបានសិទ្ធិវិនិយោគ ក្នុងទំហំទឹកប្រាក់ ប្រមាណជាង២ពាន់លានដុល្លារ ដោយប្រើរយៈពេលសាងសង់ ប្រមាណជា១៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៦ លើផ្ទៃដី ទំហំ៣៨៧ហិកតា ក្នុងគោលដៅប្រែក្លាយតំបន់នេះ ឲ្យទៅជាទីក្រុងរណបរាជធានីភ្នំពេញ បំពាក់ទៅដោយហេដ្ឋាចរនាសម្ព័ន្ធ រូបវន្ត យ៉ាងសំបូរបែប៕ ដោយ៖ ដារាត់

To Top