ភ្នំពេញ ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសឲ្យមេធាវី ជួយការពាក្តីអ្នកសារព័ត៌មាន លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោសែន បានទទួលយកសំណើការពារក្តីអ្នកសារព័ត៌មាន នៅពេលមានបញ្ហាប្តឹងផ្តល់ណាមួយ ក្នុងការធ្វើការងារតាមវិជ្ជាជីវៈរបស់ខ្លួនត្រឹមត្រូវ ។
ក្នុងជំនួបពិភាក្សាការងារ រវាងក្រសួងព័ត៌មាន ជាមួយក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក គី តិច បានថ្លែងថា ក្រុមមេធាវីលោកបានយល់ព្រម តាមការកំណត់យកការពារក្តី ប៉ុន្តែការពាររឿងក្តីអ្នកសារព័ត៌មានណា ដែលគោរពតាមវិជ្ជាជីវៈ ចំណែកសារព័ត៌មាន មិនបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ នឹងមិនជួយការពាក្តីនោះទេ ។ មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មាន៦៧រូប ហើយនៅតាមបណ្តាខេត្ត-រាជធានីទាំងអស់ ដោយក្នុងមួយខេត្តមាន២ រូប និងមានការិយាល័យនៅទីនោះស្រាប់ ។
មេធាវីបានអះអាងថា ក្រុមមេធាវីបានចាប់ផ្តើមការពារអ្នកសារព័ត៌មាន ចាប់ពីពេលសម្តេចតេជោ ប្រកាស កាលពីថ្ងៃទី១៤ មករា ក្នុងជំនួបជាមួយ អ្នកសារព័ត៌មានលើកទី៤កន្លងមក ដោយថវិការៀបចំការពារក្តីនេះ ជាថវិការរបស់សម្តេចតេជោផ្ទាល់តែម្តង ។
លោកបញ្ជាក់ថា «មេធាវីយើងជួយ ចំពោះអ្នកសារព័ត៌មានប្រកបវិជ្ជាជីវៈត្រឹមត្រូវ ដែលទទួលរងការប្តឹង។ ផ្ទុយទៅវិញ ចំពោះអ្នកសារព័ត៌មាន ដែលមិនប្រកបវិជ្ជាជីវៈត្រឹមត្រូវ គឺសម្តេចមិនផ្តល់មេធាវីជូនទេ។ ករណីនេះ សម្តេចតេជោ បានផ្តល់សិទ្ធិមកឲ្យយើងខ្ញុំថា ជួយ ឬមិនគួរជួយ» ។
ជាមួយគ្នានោះដែរ លោកមេធាវី ក៏បានស្នើក្រសួងព័ត៌មានផ្សព្វផ្សាយ ដល់អ្នកសារព័ត៌មានទាំងអស់ ឲ្យជួយផ្សាយក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែនវិញ ពាក់ព័ន្ធដល់ប្រជាពលរដ្ឋក្រីក្រ នៅជនបទដាច់ស្រយាល ឲ្យបានដឹងពីសេវាមេធាវីស្ម័គ្រ ជាពិសេសនោះ ជួយស្ត្រីក្រីក្រ។
ចំណែកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងដែរថា នៅពេលអ្នកសារព័ត៌មានជួបបញ្ហាផ្លូវច្បាប់ ត្រូវបានទទួលរងការប្តឹង គឺត្រូវឲ្យអ្នកសារព័ត៌មាននោះ ឆ្លងកាត់មកក្រសួងព័ត៌មានពិនិត្យសិន ព្រោះអ្នកសារព័ត៌មានគ្រប់គ្រង ដោយច្បាប់ចុះបញ្ជីត្រឹមត្រូវ ដូច្នេះខាងមេធាវី ក៏ដូចជាក្រសួងនឹងសហការគ្នាផ្តល់សេវា ។
លោករដ្ឋមន្ត្រីក៏បានលើកឡើងថា បើមានអ្នកសារព័ត៌មានខ្លះ គ្រាន់តែមានទូរស័ព្ទអាចឡាយ ឬថតផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុក ហើយតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយពេលជួបបញ្ហាប្តឹងផ្តល់ ក្រុមមេធាវីក៏មិនផ្តល់សេវាជូនដែរ ។
លោកថា ការផ្តល់សេវាមេធាវីនេះដែរ មិនមែនជាការលើកទឹកចិត្ដ ដល់អ្នកសារព័ត៌មាន ឲ្យទៅគំរាមកំហែងឬជេរគេ ជេរសមត្ថកិច្ចទេ ៕ ដោយ៖ស សំណាង