ភ្នំពេញ ៖ អង្គការ FOUR PAWS បានរកឃើញថា សត្វឆ្កែចំនួន៣លានក្បាល ត្រូវបានសម្លាប់ ជារៀងរាល់ឆ្នាំ ក្នុងនោះ ការជួញដូរហាក់ មានការអើពើយកចិត្ត ទុកដាក់តិចតួចប៉ុណ្ណោះ ពីសំណាកអាជ្ញាធរ មានសមត្ថកិច្ច បើធៀបទៅនឹង ប្រទេសជិតខាង។
យោងតាមការស្រាវជ្រាវ លើទីផ្សាររបស់អង្គការ FOUR PAWS ចេញផ្សាយថ្មីៗនេះថា ក្នុងរាជធានីភ្នំពេញ ក្រុមអ្នកស៊ើបអង្កេត របស់អង្គការបានទៅកាន់ហាងលក់សាច់ឆ្កែ ចំនួន១១០កន្លែង ។ ក្នុងនោះ ហាងភាគច្រើន ទើបតែចាប់ផ្តើមបើកអំឡុង ពេលពីរឆ្នាំចុងក្រោយប៉ុណ្ណោះ ដោយសារតែមុខរបរជួញដូរ នេះមានការកើនឡើងជាបន្តបន្ទាប់ ។
អង្គការ FOUR PAWS រៀបរាប់ថា «ទោះបីជាមានជីវិតសត្វឆ្កែរហូតដល់ ៣លានក្បាល ត្រូវបានគេសម្លាប់ ក្នុងមួយឆ្នាំៗក៏ដោយ ក៏ការជួញដូរសាច់ឆ្កែដ៏ឃោរឃៅនេះនៅកម្ពុជា ហាក់មានការអើពើយកចិត្តទុកដាក់តិចតួចប៉ុណ្ណោះ បើប្រៀបធៀបនឹងប្រទេស ដែលនៅជិតខាង ដូចជា វៀតណាមដើម»។
អង្គការបន្ដថា សាច់ឆ្កែនៅកម្ពុជាត្រូវបានគេហៅថា «សាច់ពិសេស» ហើយជាទូទៅគេនិយមទទួលទានជាមួយស្រាបៀរ ឬស្រាស ក្នុងឱកាសពិសេសជួបជុំផ្សេងៗ។ មូលហេតុជំរុញឲ្យមានការបរិភោគសាច់ឆ្កែ មានកត្តាជាច្រើន ហើយការបរិភោគសាច់ឆ្កែ និងឆ្មា មនុស្សភាគច្រើនជឿថា សាច់ឆ្កែជាថ្នាំកម្លាំង ជំនួយផ្លូវភេទ និងធ្វើឲ្យរាងកាយកក់ក្តៅ អំឡុងរដូវត្រជាក់នៅកម្ពុជា។
អង្គការ FOUR PAWS ក៏បានបង្ហាញនូវរបាយការណ៍ គួរឲ្យភ្ជាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអ្នកឆ្លើយតបចំនួន ៥៣.៦% បានប្រាប់ថា ក្នុងជីវិតពួកគាត់ធ្លាប់បរិភោគសាច់ឆ្កែ ៧២.៤% ជាបុរស និង៣៤.៨% ជាស្ត្រី។
សូមបញ្ជាក់ថា ចូលរួម និងចែករំលែកសម្រាប់ អ្នកស្រលាញ់សត្វចិញ្ចឹម និងអ្នកមិនចង់ឃើញរូបភាពសត្វឆ្មា និងឆ្កែ ត្រូវបានគេសម្លាប់យកសាច់លក់ យ៉ាងសាហាវព្រៃផ្សៃទេ ដោយចុះហត្ថលេខាលើញត្តិ តាមរយៈវេបសាយដោយចុចត្រង់នេះ http://bit.ly/EndDCMT_KH ៕ ដោយ អេង ប៊ូឆេង