ព័ត៌មានជាតិ

កំណាយស្រាវជ្រាវ បុរាណវិទ្យា នៅទួលដូនប៉ុក រកឃើញគ្រឹះប្រាសាទ សម្ភារប្រើប្រាស់ និងការតាំងទី របស់មនុស្ស កាលពីជាង១០០០ឆ្នាំ

ភ្នំពេញ ៖ អ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា សហការជាមួយ សាកលវិទ្យាល័យហាវ៉ៃ សហរដ្ឋអាមេរិក ធ្វើកំណាយស្រាវជ្រាវ បុរាណវិទ្យា នៅទួលដូនប៉ុក ដែលមានទីតាំងស្ថិត នៅខាងលិចប្រាសាទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កាត់សៀមរាប ខេត្តសៀមរាប បានចាប់ផ្តើមតាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដោយនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។ ក្នុងនោះលទ្ធផលបឋម បានស្រាវជ្រាវរកឃើញបុរាណវិទ្យា នៅទួលដូនប៉ុកនូវគ្រឹះប្រាសាទ សម្ភារប្រើប្រាស់ និងការតាំងទីរបស់មនុស្សកាលពីជាង១០០០ឆ្នាំមកម្ល៉េះ។ នេះបើតាមការផ្សព្វផ្សាយ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃ២០ មករា។

លោក ទិន ទីណា អនុប្រធានមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការស្រាវជ្រាវធ្វើឡើងដើម្បីស្វែងរកភូមិបុរាណ ទីសក្ការបូជា និងសម្ភារប្រើប្រាស់នានា ដែលស្ថិតនៅក្រៅរាជធានីអង្គរ ពិសេសនៅជុំវិញខេត្ត សៀមរាប។ គំហើញថ្មីៗនេះជាប្រយោជន៍ សម្រាប់ការសិក្សាស្រាវជ្រាវ ការយល់ដឹងពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រខ្មែរពីអតីតកាល ដល់បច្ចុប្បន្ន ព្រមទាំងរួមចំណែកការពារបុរាណដ្ឋាន លើតំបន់ដែលកំពុងអភិវឌ្ឍន៍។

លោក ហេង ពិភាល់ បណ្ឌិតបុរាណវិទ្យា នៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវបានឲ្យដឹងថា ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវ បុរាណវិទ្យាចំនួន៥ រណ្តៅ ទំហំ១គុណ២ម៉ែត្រ នៅលើទួលដូនប៉ុកផង និងនៅលើគោកមនុស្សរស់នៅក្បែរ ទួលនេះផង ។ ជាលទ្ធផលរណ្តៅកំណាយនៅទួលដូនប៉ុក បានរកឃើញគ្រឹះប្រាសាទ ធ្វើពីថ្មបាយក្រៀមពីខាងក្រោម និងឥដ្ឋនៅពីខាងលើ ដែលកប់ក្នុងដីជម្រៅជាង១ម៉ែត្រ ដែលមានសសរពេជ្រ ពណ៌ផ្កាឈូក ២ កំណាត់ និងគំនរថ្មភក់នៅក្នុងខ្ទមអ្នកតា។ តាមការសន្និដ្ឋាន ប្រាសាទគោកដូនប៉ុក បានកសាងឡើងក្នុងស.វ.ទី១០ មានអាយុប្រហាក់ប្រហែលទៅ នឹងប្រាសាទបន្ទាយស្រី និងប្រាសាទព្រះឥន្ទ្រកោសីយ៍ ដែលជាទីសក្ការៈ របស់មនុស្សនាសម័យនោះ។

លោកបណ្ឌិតបុរាណវិទ្យារូបនេះបន្តថា តាមរយៈលទ្ធផលកំណាយ ប្រាសាទឥដ្ឋនេះដួលរលំនៅរវាងស.វ.ទី១២ឬ១៣ និងលែងជាកន្លែងប្រារព្ធពិធីសាសនាធំដុំទៀតហើយ ពោលគឺនៅត្រឹមតែជាគោកអ្នកតាប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះ ប្រហែលជួនគ្នានឹងការកសាងវត្តអធ្វានាស.វ.ទី១២ ឬទី១៣ដែរ ដោយមនុស្សបានប្តូរទៅគោរពបូជានៅវត្តអធ្វាវិញ។ ក្រៅពីនោះ ទាំងក្នុងរណ្តៅនៅទួលដូនប៉ុកនិងគោកភូមិ ក៏ឃើញមានបំណែកកុលាលភាជន៍ចិនពីស.វ. ទី១២ដល់ទី១៧ និងភាជន៍ខ្មែរផលិតនៅតំបន់នគររាជ ភ្នំគូលែន និងជើងឯកនៅស.វ. ទី១០និង១៣ មានភាជន៍ផុយ ភាជន៍រឹងមានស្រទាប់រលោង និងគ្មានស្រទាប់រលោង រួមទាំងរបស់ប្រើប្រាស់ផ្សេងៗ។

ទាំងនេះបញ្ជាក់ថា ទីតាំងដែលពួកគាត់រស់នៅសព្វថ្ងៃ (ទួលដូនប៉ុក) ជាភូមិចាស់តពីដូនតានិងមានមនុស្សរស់នៅតគ្នាជាង១០០០ឆ្នាំមកហើយ ពោលគឺតាំងពីស.វ.ទី១០ដែលមានសំណង់ប្រាសាទឥដ្ឋចំនួន១ និងមានគោកភូមិនៅជុំវិញប្រាសាទចំនួន៦។ ចំណែកបំណែកកុលាលភាជន៍បង្ហាញឱ្យដឹងថា វត្តមានមនុស្សរស់នៅទួលដូនប៉ុកមានយ៉ាងតិចដល់ស.វ.ទី១៨។

លោក វិទូ ភិរម្យ បុរាណវិទូនៃមជ្ឈមណ្ឌលអន្តរជាតិស្រាវ ជ្រាវនិងតម្តល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងដែរថា តាមរយៈលទ្ធផលកំណាយនៅទួលដូនប៉ុក គឺបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការរៀបចំភូមិកររបស់មនុស្សសម័យបុរាណ នៅភាគខាង ត្បូងអង្គរ ដែលប្រាសាទគឺជាមជ្ឈមណ្ឌលសំខាន់នៃសហគមន៍មួយ។ ប្រាសាទមានមនុស្សថែរក្សានិងរស់នៅជុំវិញ មានការប្រើប្រាស់សម្ភារផ្សេងៗ ដែលបម្រើជីវភាពប្រចាំថ្ងៃនិងកិច្ចបូជា ។ រីឯបំណែកកុលាលភាជន៍ អាចស្វែងយល់ពីសេដ្ឋកិច្ចនិងការរស់នៅ របស់មនុស្សពីសម័យបុរាណ។ លើសពីនេះ បានដឹងពីចលនាពាណិជ្ជកម្ម និងការប្រើប្រាស់ភាជន៍ នាំចូលមកពីស្រុកចិន ដូចជាក្នុងរាជវង្សម៉េងនិងឆេង (តិចតួច) ភាជន៍បៃតងក្នុងរាជវង្សយួននិងសុង រួមទាំងប្រភេទភាជន៍ រឹងផលិតក្នុងស្រុកផង ។ ល។

លោក ភិរម្យ បន្តថា លទ្ធផលទាំងអស់នេះ នៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ត្បិតនៅជាលទ្ធផលបឋម ហើយក៏មានគម្រោងស្រាវជ្រាវ នាពេលអនាគតដើម្បីស្វែង យល់អំពីទំហំនៃខឿនប្រាសាទ ដែលយើងឃើញ តើវាមានទំហំប៉ុណ្ណា បើប្រៀបធៀបនឹងប្រាសាទផ្សេងៗក្នុងសម័យដំណាលគ្នានោះ? តើនេះជាប្រព័ន្ធនៃការរៀបចំភូមិករ និងប្រាសាទនាស.វ.ទី១០ឬយ៉ាងណា?

បុរាណវិទូខាងលើក៏បានឲ្យដឹងទៀត តាមរយៈកិច្ចសហការ ជាមួយសាកលវិទ្យាល័យហាវ៉ៃ គឺជាឱកាសដ៏ល្អមួយសម្រាប់ផ្សព្វផ្សាយ និងការពារបុរាណដ្ឋាន ដែលស្ថិតនៅភាគខាង ត្បូងអង្គរ ត្បិតតំបន់នេះសព្វថ្ងៃកំពុងអភិវឌ្ឍន៍ខ្លាំង ហើយតម្រូវការប្រើប្រាស់ដីធ្លីក៏ខ្ពស់ ដែលអាចបង្កហានិភ័យខ្ពស់ ដល់បុរាណដ្ឋាន នៅក្នុងតំបន់នេះដែរ ៕

To Top