ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ អនុញ្ញាតឲ្យកម្មករ គោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា តែភ្ជាប់ជាមួយលក្ខខណ្ឌ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតអនុញ្ញាត ឲ្យសហព័ន្ធសហជីពសេរីកម្មករកម្ពុជា ប្រារព្ធពិធីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបគម្រប់១៦ឆ្នាំនៃ ការទទួលមរណៈភាព វីរជនកម្មករ លោក ជា វិជ្ជាដែលត្រូវបានឃាតកសម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ យ៉ាងសាហាវឃោរឃៅ ក្បែររបងវត្តលង្កា ។

កម្មវិធីគោរពវិញ្ញាណក្ខន្ធ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ កន្លែងតម្តល់រូបសំណាកវីរជនកម្មករ លោក ជា វិជ្ជា នៅខាងមុខវត្តលង្កា សួនច្បារខាងលិចវិមានឯករាជ្យ ។

យោងតាមលិខិតរបស់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ផ្ញើមកលោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករកម្ពុជា នៅថ្ងៃទី១៧ មករា បានឲ្យដឹងថា “អនុញ្ញាតឲ្យអ្នកចូលរួម១៥០នាក់ ដើម្បីឲ្យការជួបជុំប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ លោកស្រីត្រូវសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អ និងមិនត្រូវឲ្យមានការចូលរួម ពីបុគ្គលទាំង១១៨រូប ដែលច្បាប់ហាមឃាត់ ការធ្វើសកម្មភាពនយោបាយ” ។

លិខិតបន្តថា ក្នុងករណីឃើញវត្តមានបុគ្គលទាំង១១៨រូប ឬធ្វើការដង្ហែក្បួន ឬធ្វើសកម្មភាពនយោបាយ ខុសពីគោលបំណង នៃការប្រារព្ធពិធីលោកស្រី ទូច សើ ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាបើ ។

សូមបញ្ជាក់ថា បុគ្គលទាំង១១៨រូប ជាអតីតអ្នកនយោបាយ របស់គណបក្សសង្រ្គោះជាតិ ដែលត្រូវច្បាប់ហាមឃាត់ធ្វើនយោបាយ ក្រោយពីបក្សត្រូវបានរំលាយ កាលពីចុងឆ្នាំ២០១៧កន្លងមក ៕

To Top