ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ: សារព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពជាក់ស្តែងសង្គម អរិយធម៌ វប្បធម៌ ការអភិវឌ្ឍន៍ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ

កែប: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សារព័ត៌មានសំខាន់ខ្លាំងណាស់ សារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពជាក់ស្តែងសង្គម អរិយធម៌ វប្បធម៌ ការអភិវឌ្ឍន៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងពិធី ប្រកាសតែងតាំង ប្រធានមន្ទីរព័ត៌មានថ្មីខេត្តកែប, លោក រស់ ឧត្តុង្គ ត្រូវបានប្រកាស ចូលកាន់មុខតំណែង ជាប្រធានមន្ទីរព័ត៌មានថ្មីខេត្តកែបថ្មី ជំនួសលោក លៀវ ស៊ុនសារី ត្រូវចូលនិវត្តន៍ នឹងត្រូវតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន នាព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកែប។ ក្រោមវត្តមាន លោក ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក សំ សារីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក កែន សត្ថា អភិបាលខេត្តកែប ព្រមទាំង មន្ត្រីពាក់ព័ន្ធទាំងអស់ ប្រមាណ ២៣០រូប។

លោក ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ទៀតថា: នៅក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យ ឬប្រទេសសេរី គឺគេត្រូវការបោះឆ្នោត ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ហើយដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តិទៅបានល្អ ពលរដ្ឋត្រូវការដឹងព័ត៌មាន ថាតើសង្គម ឬបុគ្គលថ្នាក់ដឹកនាំណាម្នាក់បានធ្វើអ្វីខ្លះ? ការដឹកនាំមានចរិតលក្ខណៈបែបណា ? តើប្រជាពលរដ្ឋ អាចជឿទុកចិត្តបានដែរឬអត់?។ ដូច្នេះសារព័ត៌មាន មានតួនាទីសំខាន់ណាស់ សំរាប់ជាស្ពានចម្លងព័ត៌មានពីពលរដ្ឋ ទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំ មកប្រជាពលរដ្ឋវិញ អំពីហេតុការណ៍ ស្ថានភាពសង្គមនៅតាមមូលដ្ឋាននានា សេចក្តីត្រូវការ និងការស្នើសុំជាដើម។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំ ក៏ដូចជាក្រើនរំលឹក ដល់ប្រធានមន្ទីរព័ត៌ទាំងអស់ថា ការងារព័ត៌មាន២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃ ក្នុង១សប្តាហ៍ គ្មានពេលត្រូវឈប់សម្រាកទេ។ ដូច្នេះមន្ត្រី និងប្រធានមន្ទីរព័ត៌មាន ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងបញ្ជាក់ទៀតថា ដើម្បីឲ្យការងារទាំងនេះ ប្រព្រឹត្តទៅរលូន លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ប្រធានមន្ទីរ ត្រូវអនុវត្តនូវចំណុចសំខាន់ចំនួន៣ ទី១- ប្រធានមន្ទីរត្រូវរក្សាទំនាក់ទំនងល្អ ជាមួយស្ថាប័នរដ្ឋ និងឯកជន ក្រុមហ៊ុន មន្ទីរនានា ជុំវិញខេត្តរបស់ខ្លួនឲ្យបានល្អ។ ទី២- ប្រធានមន្ទីរ ត្រូវកំណត់រៀបចំការប្រជុំជាទៀងទាត់ ជាមួយនឹងមន្ត្រីក្រោមឱវាទ ឲ្យបានញឹកញាប់ ហើយបើអាចត្រូវធ្វើការប្រជុំរាល់ព្រឹក ដើម្បីរៀបចំផែនការ ថាតើត្រូវធ្វើអ្វីខ្លះ? តើមានរឿង ឬព្រឹត្តិការណ៍អ្វី ដែលបាននិងកំពុងកើតឡើង ក្នុងខេត្តជាដើម និងទី៣- ប្រធានមន្ទីរត្រូវចេះប្រមូលផ្តុំ សាមគ្គីគ្នា ពិសេសត្រូវចេះគ្រប់គ្រងចាត់ចែង មន្ត្រីធ្វើការឲ្យបានត្រឹមត្រូវ តាមជំនាញរបស់ពួកគេ ដោយមិនចាំបាច់ ទាល់តែប្រធានចេះគ្រប់សព្វនោះទេ។

លោក កែវ សត្ថា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរព័ត៌មានខេត្ត ព្រមទាំងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងខេត្តកែប ដែលរយៈពេលកន្លងមក បានរួមសហការគ្នាខិតខំបំពេញភារកិច្ច បម្រើរដ្ឋ និងប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ។ លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍ទៀតថា ការតែងតាំងផ្លាស់ប្ដូរ មុខតំណែងមន្ត្រីរាជការសាធារណៈ ជាការងារធម្មតាធ្វើឡើង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ នៃមុខតំណែងផ្សេងទៀតរបស់ស្ថាប័នរដ្ឋ តាមតម្រូវការចាំបាច់ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រង សំដៅធ្វើឲ្យមានកំណែទម្រង់ ក្នុងប្រព័ន្ធការងារឲ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសក្របខណ្ឌយុទ្ធសាស្ត្រ ពាក់ព័ន្ធទៅលើវិស័យព័ត៌មាន ឲ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕ ដោយ: វ៉ាន់ឌឿន

To Top