ព័ត៌មានជាតិ

សម្តេចក្រឡាហោម ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ដែលរួមចំណែក យ៉ាងសំខាន់ ការចុះផ្សព្វផ្សាយ អប់រំច្បាប់ ស្ដីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០១៩ កន្លងមកនេះ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃ ក្រសួងមហាផ្ទៃ បានថ្លែង កោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះ ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធនានា ដែល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការចុះផ្សព្វផ្សាយអប់រំ ច្បាប់ស្ដីពី សុវត្ថិភាព ចរាចរណ៍ផ្លូវគោកកន្លងមកនេះ ក្នុងនោះក៏មាន ស្ថាបន័បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិង បណ្ដុះបណ្ដាល វិជ្ជាជីវៈផងដែរ ដែលមានក្រុមការងារ សុវត្ថិភាព ចរាចរណ៍ផ្លូវគោកសម្រាប់គាំ ពារកម្មករនិយោជិត តែងតែចុះផ្សព្វផ្សាយអប់រំច្បាប់ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបររថយន្ត ដឹកកម្មករ ពិសេសកម្មករនិយោជិត ក្នុងន័យឱ្យពួកគាត់ទាំង អស់បានយល់ដឹងកាន់តែច្បាស់ អំពីសុវត្ថិភាពក្នុងការធ្វើដំណើរ ពិសេសគឺស្វែងយល់អំពីច្បាប់ ស្តីពី សុវត្ថិភាពចរាចរណ៍ ផ្លូវគោកផងដែរ ដែលនេះគឺជាសកម្មភាព និងការចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅ កម្រិតទាប ស្របទៅតាម អនុសាសន៍របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ” ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមាន គ្រោះថ្នាក់ចរាចរណ៍” ។

សម្ដេចក្រឡាហោម ស ខេង ថ្លែងឡើងបែបនេះ បានធ្វើឡើងក្នុងពិធីប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

គូរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ របសក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិសន្តិសុខសង្គម នៅក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតទៅលើបងប្អូន កម្មករនិយោជិតមានចំនួន ១៥៥៦លើក ដែលមានការថយចុះ ចំនួន ១៥៤លើកស្មើនឹង ៩.៨៩% បើធៀបទៅនឹងឆ្នាំ២០១៨ កន្លងមកនេះ។

យោងតាមរបាយការណ៍ ដែលបានថ្លែងឡើង ដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃ ក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងផងដែរថា មធ្យោបាយធ្វើដំណើរមានកំណើនចំនួន ៣៧% ដែលបច្ចុប្បន្នគឺជាប្រទេសមានយានយន្តសរុប ៥ ៣៣៨ ៣៩៤ គ្រឿង ក្នុងនោះម៉ូតូមានចំនួន ៤៥ ៥៥២ ២៤១ គ្រឿង ស្មើនឹង៨០% និងរថយន្តគ្រប់ ប្រភេទមានចំនួន ៧៨៣ ១៧៣ គ្រឿងស្មើនឹង ១៧% ដោយបានធ្វើឲ្យសកម្មភាពចរាចរណ៍ នៅទូទាំងប្រទេសកាន់តែមានភាពមមាញឹក និងកាន់តែចង្អៀត។ ទន្ទឹមគ្នានេះ យើងសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ ២០១៩ មានការកើនឡើងចំនួន ៨៥៣លើក ស្មើនឹង២៦% ដែលអ្នកស្លាប់កើនឡើង ២២០នាក់ ស្មើនឹង១២% និងអ្នករបួសកើនឡើងចំនួន ១៣៧១នាក់ ស្មើនឹង ២៩% ដែលនេះគឺជាតួលេខមួយគួរឲ្យព្រួយបារម្ភបំផុត។

សម្តេចក្រឡាហោម បានជម្រុញដល់ កម្លាំងសមត្ថកិច្ចចរាចរណ៍ គោក បង្កើនការចុះ អនុវត្តច្បាប់ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងបង្កើនការយក ចិត្តទុកដាក់ ចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរ និងបាន អំពាវនាវ ដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាចូលរួម អនុវត្តច្បាប់ស្ដីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោកឱ្យបាន ទាំងអស់គ្នា ធ្វើយ៉ាងណា ទប់ស្កាត់ ករណីគ្រោះថ្នាក់ចរាចរណ៍អោយមកនៅ កម្រិតទាបបំផុត៕

To Top