ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែស ដែលអាចកើតមានអគ្គិភ័យ បំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ នាឱកាសបុណ្យឆ្នាំចិន-វៀតណាម។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៤-២៧ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេច ស ខេង នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ចូលឆ្នាំចិនខិតជិតចូលមក ដល់ចូលរួមអបអរសាទរ ខណៈបុណ្យនេះពលរដ្ឋខ្មែរ មានសែស្រឡាយចិន តែងតែរៀបចំពិធីសែនពេ្រន ដោយដុត ទៀន ធូប និងគ្រឿងសក្ការៈបូជាផ្សេងៗ ព្រមទាំងធ្វើដំណើរកំសាន្ត សប្បាយទីជិតទីឆ្ងាយ ។
សម្ដេចបញ្ជាក់ថា «ដូច្នេះខ្ញុំសូមបងប្អូនជនរួមជាតិទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែស ដែលអាចកើតមានអគ្គិភ័យ បំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិផ្សេងៗ និង សូមបងប្អូនជនរួមជាតិទាំងអស់ បើកបរយានយន្តធ្វើដំណើរកំសាន្ត ប្រកបដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំងទទួលបានសេចក្តីសប្បាយរីករាយ ក្នុងការជួបជុំក្រុមគ្រួសារ កុំបីខានឡើយ»៕
ដោយ ៖ អេង ប៊ូឆេង