ព័ត៌មានជាតិ

សម្ដេចតេជោ៖ បច្ចុប្បន្នពិភពលោក កំពុងរត់ប្រណាំង សព្វាវុធកាន់តែខ្លាំងបើប្រៀបធៀបជំនាន់ សង្គ្រាមត្រជាក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅកាន់ លោក Goh Si Hou មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសឹង្ហបុរីថា បច្ចុប្បន្ននេះ ពិភពលោក មានការរត់ប្រណាំង សព្វាវុធកាន់តែខ្លាំងឡើង បើប្រៀបធៀបទៅនឹង ជំនាន់សង្គ្រាមត្រជាក់ដូច្នេះការពង្រឹងចំណងមិត្តភាពរវាងកងទ័ពកម្ពុជានិងសិង្ហបុរីិពីតជាមានសារសំខាន់ណាស់។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោក Goh Si Hou បានអះអាងថាលោកធ្លាប់បាន មកកាន់ប្រទេសកម្ពុជា ហើយដំណើរទស្សនកិច្ច ជាផ្លូវការនៅពេលនេះ លោកមានអារម្មណ៍ថា កម្ពុជាមានសុខសន្តិភាព ហើយមានការអភិវឌ្ឍ ហើយការអភិវឌ្ឍន៍នោះសោត គឺជាការអភិវឌ្ឍន៍ រយៈពេល២០ឆ្នាំ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

លោកមានប្រសាសន៍ថា សន្តិភាពដែលទទួលបានមកនេះ គឺបានដោយពិបាក ហើយសន្តិភាពនេះ ស្ថិតនៅជាកត្តាដ៏សំខាន់ របស់កម្ពុជា សម្រាប់រយៈពេលវែង ថែមទៀត។
លោក បានបង្ហាញនូវក្តីរីករាយរីករាយ ដែលបានមកបំពេញទស្សនកិច្ច នៅកម្ពុជា ហើយបានជួបពិភាក្សាការងារ ជាមួយលោក ហ៊ុន ម៉ាណែត ផងដែរ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាព រវាងកងទ័ពនៃប្រទេសទាំងពីរ។

លោកមានប្រសាសន៍បន្តទៀតថា លោក រួមជាមួយនឹងលោក ហ៊ុន ម៉ាណែត នឹងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណាពង្រឹង កិច្ចសហប្រតិបត្តិការ រវាងកងទ័ព នៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ ប្រទេសទាំងពីរ រួមទាំងផលប្រយោជន៍ អាស៊ានផងដែរ។
ជាមួយគ្នានេះផងដែរលោក Goh Si Hou ក៏បានជម្រាបជូន សម្ដេចតេជោផងដែរថា កងទ័ពទាំងពីរកន្លង មកមានកិច្ចសហប្រតិបត្តិការគ្នា យ៉ាងល្អហើយ លោក និងលោក ហ៊ុន ម៉ាណែត នឹងបន្តនូវទំនៀមទម្លាប់ កិច្ចសហប្រតិបត្តិការល្អនេះជាបន្តទៀត។
ក្នុងឱកាសនោះផងដែរសម្ដេចតេជោ នាយករដ្ឋមន្រ្តី បានទទួលការស្វាគមន៍ចំពោះកិច្ចពិភាក្សា រវាងមេបញ្ជាការកងទ័ពជេីងគោកសឹង្ហបុរីនិង លោក ហ៊ុន ម៉ាណែត ហើយសម្ដេចតេជោក៏បាន មានប្រសាសន៍ផងដែរថា ជាការពិតណាស់ កងទ័ពទាំងពីរ ចាំបាច់ត្រូវចែករំលែក បទពិសោធន៍រវាងគ្នានឹងគ្នា ទៅវិញទៅមក ក៏ដូចជាការហ្វឹកហាត់ រួមគ្នាផងដែរ។

សម្ដេច បានមានប្រសាសន៍ បញ្ជាក់ថា “នៅពេលនេះ ពិភពលោក មានការរត់ប្រណាំង សព្វាវុធកាន់តែខ្លាំង ឡើង បើប្រៀបធៀបទៅនឹង ជំនាន់សង្គ្រាមត្រជាក់ ក្នុងន័យនេះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ពិតជាមានសារៈសំខាន់ “។
សម្ដេច ក៏បានប្រាប់លោក Goh Si Hou អំពីនយោបាយរបស់កម្ពុជា គឺប្រជាពលរដ្ឋគឺជាខឿន ការពារជាតិកម្ពុជា កងទ័ពមានតួនាទីសំខាន់ ក្នុងការការពារជាតិ ក៏ប៉ុន្តែក្រៅពីនេះកងទ័ពកម្ពុជា ក៏មានតួនាទីចូលរួម ក្នុងការជួយបង្កបង្កើនផល ចូលរួមជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលដែលមាន គ្រោះអន្តរាយ និងចូលរួមការថែរក្សា សន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ទៀតថា សម្ដេចពុំមានការជឿជាក់ថា ការប្រើកម្លាំង ក្នុងការដោះស្រាយ បញ្ហានោះបានទេ ផ្ទុយទៅវិញ ការចរចា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទេ ដែលដោះស្រាយ រាល់បញ្ហាទាំងឡាយបាន។
ក្នុងន័យនេះសម្ដេច បានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រឹងប្រែង ធ្វើយ៉ាងណា កែប្រែព្រំប្រទល់កម្ពុជា ជាមួយនឹងប្រទេសជិតខាង អាចក្លាយជាព្រំប្រទល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ លើសពីនោះទៅទៀត គឺការកែប្រែតំបន់ដែលធ្លាប់ ជាអតីតសមរភូមិប្រយុទ្ធ ឲ្យទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ៕ដោយ បាន ធារ៉ូ

To Top