ព័ត៌មានជាតិ

ម្ចាស់ជំនួយវិហារឥស្លាម អន្តរជាតិបឹងកក់ មានគម្រោងចង់សាងសង់ព្រះវិហារឥស្លាមខ្នាតអន្តរជាតិ មួយទៀតនៅកណ្តាល ក្រុងវៀងចន្ទ ប្រទេសឡាវ

ភ្នំពេញ: ឆ្លើយតបនឹងសំណើរបស់លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ម្ចាស់ជំនួយរបស់ព្រះវិហារឥស្លាមខ្នាតអន្តរជាតិអាល់សារកាល បឹងកក់ ភ្នំ ពេញ និងវិហារ សាលារៀនមួយចំនួននៅកម្ពុជា  លោក Sheikh Eisa Bin Nassir Al Serkal គ្រោងនឹងចុះសិក្សាលម្អិតស្តីពីគម្រោងសាងសង់ព្រះវិហារឥស្លាមអន្តរជាតិមួយទៀត នៅកណ្តាលទីក្រុងវៀងចន្ទប្រទេសឡាវ។

 នេះជាគោលដៅទី២ ក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលលោកបានចំនាយថវិកាផ្ទាល់ខ្លួនក្នុងនាមគ្រួសារវង្សត្រកូលរបស់លោក នាមអាល់សារកាល ខណៈព្រះវិហារឥស្លាមអន្តរជាតិអាល់សារកាលបឹងកក់នៅរាជធានីភ្នំពេញ ក៏ជាអំណោយដោយផ្ទាល់របស់លោកផងដែរ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥។ 

នេះជាការលើកឡើងរបស់លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នេះ ស្តីពីជំនួបរបស់ឯកឧត្តមជាមួយលោក Sheikh Eisa Bin Nassir Al Serkal  នៅទីក្រុងឌូបៃ ដែលបានធ្វើឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង រីយ៉ាដ ក្រុងជិដះ និងក្រុងម៉ាកាស់ នៃប្រទេសអារ៉ាប៊ីសាអូឌីត និងទីក្រុងអាប៊ូដាប៊ី ក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ។ 

ក្នុងដំណើរទស្សនកិច្ចកន្លងទៅនេះ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ក៏បានបន្តជួបពិភាក្សាការងារជាមួយ លោក Sheikh Abdul Gaffar Al Khoory ម្ចាស់អំណោយសាងសង់វិហារឥស្លាម គីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ។

លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ថាជាមួយនឹងការលើកសំណើអោយជួយសង់ព្រះវិហារឥស្លាមនៅក្រុងវៀងចន្ទ សម្រាប់អ្នកកាន់សាសនាឥស្លាមនៅទីក្រុងនេះ ដែលមានបងប្អូនខ្មែរឥស្លាមរស់នៅច្រើនផងដែរនោះ  លោកក៏បានស្នើទៅភាគីម្ចាស់ជំនួយទាំងពីរ អោយបន្តជួយឧបត្ថម្ភការសាងសង់វិហារ និងសាលារៀន នៅតាមបណ្តាខេត្តមួយចំនួន ដែលពុំទាន់មានព្រះវិហារនិងសាលារៀនសមរម្យ ហើយភាគីម្ចាស់ជំនួយក៏ទទួលយកសំណើនេះដោយនឹងធ្វើការសិក្សាជាបន្តបបន្ទាប់។ 

តាមការបញ្ជាក់បន្ថែមរបស់ លោកទេសរដ្ឋមន្រ្តី ក៏បានអោយដឹងថា ម្ចាស់ជំនួយទាំងពីរខាងលើ ក៏បានសន្យានឹងផ្តល់អំណោយជាផ្លែល្មើសម្រាប់សាសនិកឥស្លាមកម្ពុជា តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា  សម្រាប់ទទួលទានក្នុងខែបួសរ៉ាម៉ាឌន ដែលនឹងឈានមកមកដល់ក្នុងខែមេសាខាងមុខនេះ ដែលម្ចាស់ជំនួយម្នាក់ៗ នឹងផ្តល់ជូនប្រមាណ ៣០តោន ដូចច្នេះសរុបប្រមាណ ៦០តោនគិតជាទឹកប្រាក់ប្រមាណ ៩ម៉ឺនដុល្លារអាមេរិក។ 

ជាមួយគ្នានេះដែរ ម្ចាស់ជំនួយទាំងពីររូបខាងលើ ក៏បានសម្តែងនូវការអបអរសាទរ នឹងជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចំរើនកើនឡើងដោយឥតឈប់ឈរ និងរក្សាបាន នូវសុខសន្តិភាពជូនប្រជាជនកម្ពុជា ហើយបានធ្វើអោយមាន នូវភាពសុខដុមនីយកម្ម ជាតិសាសន៍ សាសនានៅកម្ពុជា ។ លោកទាំងពីរ ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និង ក្តីនឹករលឹកមកជូនសម្តេចដោយក្តីគោរពស្រលាញ់បំផុត ។

To Top