ព័ត៌មានជាតិ

ជិត២ឆ្នាំអង្គភាព ច្រកចេញចូល តែមួយទទួល ចំណូលជាង ១៤លានដុល្លារ

ភ្នំពេញ ៖ ក្រោយពីដាក់ ឲ្យដំណើរ ការអង្គភាពច្រកចេញ ចូលតែមួយទាំង២៥ រាជធានី-ខេត្ត ក្នុងឆ្នាំ២០១៨ ដល់ចុងឆ្នាំ២០១៩ បានផ្ដល់សេវាជូន ប្រជាពលរដ្ឋ ៦៩៤.០០០.៩៦៧សេវា និងទទួលចំណូលជាង៥៦ ពាន់លានរៀល គិតជាដុល្លារជាង១៤លានដុល្លារ។ នេះបើតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន។

ក្នុងពិធីដាក់ឲ្យដំណើរការអង្គភាព ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោក ប្រាក់ សំអឿ បានថ្លែងថា អង្គភាពច្រកចេញចូលតែមួយ មាន៥៥៩សេវា ដែលត្រូវផ្ដល់ ជូនពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ។

លោកមានប្រសាសន៍ថា «ចាប់ពីដាក់ឲ្យដំណើរការ ច្រកចេញចូលតែមួយ ក្នុងអំឡុងឆមាសទី២ ឆ្នាំ២០១៨ រហូតមកដល់ចុង ឆ្នាំ២០១៩ កន្លងនេះ អង្គភាពច្រកចេញចូលតែមួយ ទាំង២៥ រាជធានី-ខេត្ត បានផ្ដល់សេវាសរុបចំនួន៦៩៤.០០០.៩៦៧សេវា និងទទួលបានចំណូលជាង៥៦ពាន់លានរៀល ប្រហែលជា១៤លានដុល្លារ»។

ទន្ទឹងនឹងនេះ អគ្គនាយកដ្ឋាន រដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា ការិយាល័យពលរដ្ឋនេះ ជាយុទ្ធការត្រឹមត្រូវមួយ ដែលត្រូវបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ អភិបាលកិច្ចល្អ ក្នុងការផ្ដល់ សេវាសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈដោះស្រាយ និងសម្រួលបណ្ដឹងក្រៅប្រព័ន្ធតុលាការ ។

អគ្គនាយកដ្ឋានរដ្ឋបាលបន្ថែមថា ការិយាល័យ ពលរដ្ឋទាំង២៥ រាជធានី-ខេត្ត ចាប់ផ្ដើមទទួល និងសម្រួបសម្រួលដោះស្រាយ ពាក្យបណ្ដឹងចុងឆ្នាំ២០១៨ ហើយបើគិត ត្រឹមឆ្នាំ២០១៩ ទទួលពាក្យបណ្ដឹង ២៤៨ករណី ក្នុងនោះ បណ្ដឹងក្នុងសមត្ថកិច្ច១០៥ករណី ដោះស្រាយបញ្ចប់៩០ករណី និងបណ្ដឹងក្រៅសមត្ថកិច្ចដែលបញ្ជូនទៅ ក្រសួងពាក់ព័ន្ធ១៤៣ករណី៕ ដោយ ៖ អេង ប៊ូឆេង

To Top