ព័ត៌មានជាតិ

អាជីវករកាប់ជ្រូក ក្រុងសួង ផ្ទុះការតវា ការប្រមូលពន្ធ លើក្បាលជ្រូក ខណ:ពន្ធលើ សត្តឃាត ត្រូវបានលុបចោល តាំងពី ខែកក្កដា ឆ្នាំ២០១៧

ត្បូងឃ្មុំ ៖ ក្រុមអាជីវករកាប់ជ្រូក គោ ក្រុងសួង បានផ្ទុះការតវ៉ា ចំពោះមន្ត្រីពន្ធដារ ខេត្តត្បូងឃ្មុំ ក្នុងករណីនៅតែបន្តប្រមូលពន្ធ លើក្បាលជ្រូក ខណៈពេលដែល រាជ រដ្ឋាភិបាលបានលុបចោលពន្ធ លើសត្តឃាត ពីខែកក្កដា ឆ្នាំ២០១៧មកម្លេះ ។

តំណាងអាជីវករកាប់ជ្រូកក្រុងសួងប្រមា ណជា៧០នាក់ លោក ហេង ហុងសេង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានឱ្យ ដឹងថារយៈពេលជាង ១០ ឆ្នាំមកហើយ ពួកគាត់ទាំងអស់គ្នា សុទ្ធតែជាអ្នកគោរពច្បាប់ មិនដែលគេចវេស ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋឡើយ ។

ប៉ុន្តែក្នុងកំឡុង ខែកក្កដា ឆ្នាំ ២០១៧ ពួកគាត់ទាំងអស់គ្នា ទទួលបានលិខិតរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ហើយដឹងថា នៅគ្រប់រាជធានីខេត្តក្រុងទូទាំងប្រទេស បញ្ឈប់ការយកពន្ធលើសត្តឃាត ។

ប៉ុន្តែប្រការនោះ ត្រូវបានមន្ត្រីសាខាពន្ធដារខេត្តត្បូងឃ្មុំ នៅតែបន្តការយកពន្ធ លើក្បាលជ្រូក រហូតមកដល់ខែវិច្ឆិកា ចុងឆ្នាំ ២០១៨ ។ លុះចាប់ពីពេលនោះមក ក្រោយពីពួកគាត់បានដឹងថា នៅតាមបណ្ដាល ខេត្តក្រុងផ្សេងទៀត មិនមានការ យកពន្ធលើក្បាលជ្រូកទៀតទេ ដូច្នេះពួកគាត់ ក៏បានឈប់បន្តបង់ពន្ធចាប់ពី ពេលនោះមកដល់បច្ចុប្បន្ន ។

លោកហេង ហុងសេង បានបញ្ជាក់ថា ពន្ធលើក្បាលជ្រូកដែលមន្ត្រីពន្ធដារតម្រូវឲ្យបង់ គឺជ្រូកមួយក្បាល ៤៥០០ រៀល ។ ហើយពួកគាត់បានបង់ ជូនមន្ត្រីពន្ធដារ ក្រុងសួង ចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ ២០១៨ ពោល បានបង់រយៈពេល ១០ខែ ដូច្នេះថវិកាដែលពួក គាត់បានបង់ចំនួន ១០ ខែនេះ ពួកគាត់ចង់ដឹងថា តើថវិកានោះបានចូលទៅ រដ្ឋឬក៏យ៉ាងណា។

ទន្ទឹមនឹងនេះដែរ លោក ហុងសេង សំ ណូមពរឲ្យ ថ្នាក់ដឹកនាំជំនាញ មេត្តា ចុះស៊ើប អង្កេតទៅលើថវិកា ដែលមន្ត្រីសាខា ពន្ធដាខេត្តត្បូងឃ្មុំ បានប្រមូលពន្ធលើ ក្បាលជ្រូក រយៈពេល ១០ ខែ ក្នុងកំឡុងឆ្នាំ ២០១៨ នោះ ដើម្បីប្រាកដថា ថវិកាបានចូលជាតិ ពិតប្រាកដ ដែរឬទេ ។

ចំពោះបញ្ហាខាងលើនោះ អ្នកដើរប្រមូល ប្រាក់ពន្អពីក្រុមអាជីវករ លោក សឹង ហួរ បានបំភ្លឺថា លោកជាមន្ត្រីចូល និវត្តន៍ ហើយការដើរ ប្រមូលពន្ធនេះ លោកត្រូវបានខាងមន្ត្រីសាខាពន្ធដារ ខេត្តត្បូងឃ្មុំ ពឹងពាក់ឲ្យជួយ សម្របសម្រួល ប្រមូលពន្ធពី ក្រុមអាជីវករតែប៉ុណ្ណោះ ។ ចំណែកថវិកា ដែលប្រមូលបានហើយ លោកបានយកទៅបញ្ចូលក្នុងធនាគារ ជូនទៅអោយសាខាពន្ធដារខេត្ត ចំពោះរឿងអ្វីផ្សេងទៀត លោកមិនបានដឹងទេ ។

ទាក់ទិនទៅនឹងករណីខាងលើដែរ សម្រាប់មន្ត្រីសាខាពន្ធដារខេត្តត្បូងឃ្មុំ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០នេះ សារព័ត៌ មានដើមអម្ពិល មិនទាន់អាចសុំការបក ស្រាយបាននោះទេ ៕

To Top