ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ រវាងយន្តពេទ្យសង្គ្រោះបន្ទាន់ ព្រលះជាមួយម៉ូតូបទឆ្វេងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១៨នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះKmលេខ(១២៦/១២៧ )ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាង រថយន្ដពេទ្យ និង ម៉ូតូ ( ទិសដៅផ្ទុយគ្នា) បុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នកខាងក្រោយ ស្លាប់បាត់បង់ជីវិតទាំងពីរនាក់។
សមត្ថកិច្ចបានបន្តទៀតថា រថយន្តដែលបុកម៉ូតូ ជាប្រភេទរថយន្តពេទ្យសង្គ្រោះបន្ទាន់ ពណ៌ ស ពាក់ផ្លាកលេខ រដ្ឋ.១២.២.០៧៣៥ បើកបរ ដោយឈ្មោះ ង៉ែត ពិសិដ្ឋ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពេទ្យ រស់នៅភូមិ ឫស្សីអម ឃុំ ខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច រថយន្ដខូចខាតធ្ងន់ ។
ចំណែកម៉ូតូម៉ាក្ស ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១D ៤៧៥៩ បើកបរដោយឈ្មោះ ហាស់ ចន អាយុ ៧០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ស្វាយរូង ឃុំ កំពង់ចក ស្រុក រំដួល ខេត្ត ស្វាយរៀង( ស្លាប់នៅកន្លែងកើតហេតុ ) មិនពាក់មួកសុវត្ថិភាព បើកបរពីលិចទៅកើត ។
រីឯអ្នករួមដំណើរឈ្មោះ តូច សុខ ភេទ ស្រី អាយុ ៦៨ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ) មិនពាក់មួកសុវត្ថិភាព ។
បច្ចុប្បន្នមធ្យោបាយរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង រីឯសពតម្កល់ទុកវត្តជម្ពូព្រឹក្សា ។ មូលហេតុ : អ្នកបើកបរម៉ូតូបត់ឆ្វេង ៕