ភ្នំពេញ៖ គិតរហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា-ចិន បានសម្របសម្រួលការស៊ើបអង្កេត និងបង្រ្កាបករណី ឧក្រិដ្ឋកម្មឆ្លងដែនប្រភេទផ្សេងៗ ជាង៥០ ចាប់មុខសញ្ញាជាង ៦៤០នាក់កម្ពុជា ក្នុងនោះបានបញ្ជូនត្រឡប់ ទៅចិនវិញជាង ៤២០នាក់ ។
ដោយមានការយកចិត្តទុកដាក់ ផ្ទាល់ពីថ្នាក់ដឹកនាំកម្ពុជានិងចិន និងការយកចិត្តទុកដាក់ និងការណែនាំដោយផ្ទាល់ពី ថ្នាក់ជាន់ខ្ពស់នៃភ្នាក់ងារ អនុវត្តច្បាប់រវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានគោរពគ្នា អធិបតេយ្យភាពតុលាការ និងច្បាប់ បទបញ្ញាទាំងស្រុង បុគ្គលិកភាគីចិននៃការិយាល័យ សម្របសម្រួលសម្រាប់ កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងកម្ពុជា និងចិន បានពឹងផ្អែកលើភ្នាក់ងារអនុវត្តច្បាប់កម្ពុជា និងចិន ធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងពេញទំហឹង ជាមួយនគរបាលជាតិកម្ពុជា ខិតខំប្រឹងប្រែងកម្ចាត់ និងប្រើប្រាស់វិធីសាស្រ្តគ្រប់ប្រភេទ បន្តប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មឆ្លងដែនដ៏លេចធ្លោ ដូចជាការឆរបោកតាមប្រព័ន្ធទូរគមនាគមន៍ ការលេងល្បែងភ្នាល់អនឡាញ បទល្មើសពាក់ព័ន្ធនឹងសង្គមខ្មៅងងឹត ការចាប់ជំរិតទារប្រាក់ ដើម្បីជំរុញជាបន្តបន្ទាប់ និងទទួលបានលទ្ធផលដ៏ល្អប្រសើរ។
រហូតមកដល់បច្ចុប្បន្ន ការិយាល័យនេះ បានសម្របសម្រួល ស៊ើបអង្កេតនិងបង្រ្កាបករណី ឧក្រិដ្ឋកម្មឆ្លងដែនប្រភេទផ្សេងៗ ជាង៥០ ហើយបានចាប់មុខសញ្ញាជាង ៦៤០នាក់ នៅកម្ពុជា និងបានធ្វើមាតុភូមិនិវត្តន៍ ព្រមទាំងអប់រំឲ្យត្រឡប់ទៅចិនវិញ ជាង៤២០នាក់។ ជាពិសេស ក្រោមការសម្របសម្រួលរួមពីការិយាល័យ និងមន្រ្តីទំនាក់ទំនង កិច្ចការនគរបាលចិនប្រចាំកម្ពុជា បានជួយដល់ ក្រុមការងារជំនាញដែលបាន មកពីក្រុងឆុងឈីង ប្រទេសចិន ចុះបង្ក្រាបករណីចាប់ជំរិត និងឃាត់ខ្លួនជនសង្ស័យជាង ២០នាក់ នៅក្រុងព្រះសីហនុ ដោយជោគជ័យ ហើយក្នុងពេលតែមួយ ជនសង្ស័យពាក់ព័ន្ធជាច្រើននាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិន មុនបុណ្យចូលឆ្នាំប្រពៃណីចិន ២០២០។
កាលពីដើមខែសីហាឆ្នាំមុន លោក លីវ ជីងរ៉ុង ប្រធានការិយាល័យសហប្រតិបត្តិការ អន្តរជាតិនៃក្រសួងសន្តិសុខសាធារណៈចិន បានដឹកនាំគណៈប្រតិភូមកកម្ពុជា បានជួបពិភាក្សាជាមួយ មន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់របស់កម្ពុជា ក្នុងគោលបំណងជំរុញ នូវកិច្ចសហប្រតិបត្តិការ ពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ ពាក់ព័ន្ធកិច្ចការដែទ្វេភាគីយកចិត្តទុកដាក់។ទីបំផុត រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តបិទល្បែងតាមប្រព័ន្ធអនឡាញ ហើយបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ជាមួយប្រទេសចិន និងរួមគ្នាបង្ក្រាបករណី ពាក់ព័ន្ធនឹងជនជាតិចិន។
ចាប់តាំងពីសារាចរណ៍បិទល្បែងអនឡាញ ត្រូវបានចេញផ្សាយជាសាធារណៈ ភ្នាក់ងារអនុវត្តច្បាប់កម្ពុជា-ចិន ទទួលបានលទ្ធផលជាផ្លែផ្កា គួរឲ្យកត់សម្គាល់ជាងកាលពីមុន ក្នុងការបង្ក្រាបបទល្មើសល្បែង ភ្នាល់តាមប្រព័ន្ធអនឡាញ។
ចាប់តាំងពីដើមខែមករា ឆ្នាំ២០២០ កម្ពុជានិងចិន បានបង្ក្រាបយ៉ាងខ្លាំងចំពោះក្រុមឧក្រិដ្ឋជន ចាប់ជំរិតជនជាតិចិនខុសច្បាប់ នៅក្រុងព្រះសីហនុ ដើម្បីផ្លាស់ប្តូរស្ថានភាព ចាប់ជំរិតពលរដ្ឋចិននៅកម្ពុជា ដែលទទួលបានកោតសរសើរ ជាឯកច្ឆន្ទពីសហគ្រាស និងក្រុមហ៊ុនចិន ជនជាតិចិននៅប្រទេសកម្ពុជា មតិសាធារណៈ និងសមភាគីអនុវត្តច្បាប់កម្ពុជា។
ដោយឈរលើគោលការណ៍ គោរពអធិបតេយ្យភាព និងច្បាប់គ្នាទៅវិញទៅមក ក្នុងស្មារតីទទួលខុសត្រូវ ការិយាល័យសម្របសម្រួលនឹង បន្តជំរុញនូវកិច្ចការផ្សេងៗ ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យអនុវត្តច្បាប់ បង្ក្រាបអំពើខុសច្បាប់ និងការពារភាពស្របច្បាប់៕ ដោយ៖ ខា ដា