ព័ត៌មានជាតិ

អ្នកនាំពាក្យ រាជរដ្ឋាភិបាល ៖ អ្នកបំភ្លៃព័ត៌មាន កម្ពុជាមានជំងឺ រលាកសួត ចម្លងដោយ វីរុសកូរ៉ូណា ចាត់ទុក ជាបទឧក្រិដ្ឋ

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា អ្នកណាបំភ្លៃព័ត៌មានថា កម្ពុជាកំពុងមានជំងឺ រលាកសួតចម្លងដោយ វិរុសកូរ៉ូណា នឹងចាត់ទុកជា បទឧក្រិដ្ឋ ខណៈក្រសួងសុខាភិបាល បញ្ជាក់ថា កម្ពុជាមិនមានជំងឺប្រភេទថ្មីនេះឡើយ។

ក្រោយជំងឺប្រភេទនេះកំពុងរីករាលដាល នៅប្រទេសក្បែរខាង នៅកម្ពុជា ក៏មានបុគ្គលមួយចំនួនបំផ្លើសព័ត៌មានថា នៅមន្ទីរពេទ្យរុស្ស៊ីមាន មនុស្ស២ទៅ៣នាក់បាននិងកំពុងមានជំងឺនេះ តែក្រសួងលាក់បាំង ប៉ុន្តែក្រសួងចេញមកបដិសេធ ជាបន្តបន្ទាប់ថា គ្មានឡើយ។

ក្នុងនោះ ដើម្បីបង្ការក្រសួងបាន ឲ្យពលរដ្ឋពាក់ម៉ាស់គ្រប់គ្នា។ ចំណែកសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលក៏បានឲ្យ ពលរដ្ឋប្រុងប្រយ័ត្នផងដែរ ចំពោះការធ្វើដំណើរ ទៅប្រទេសមានផ្ទុកវីរុសនេះ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាព ក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា នា ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លោក ផៃ ស៊ីផាន បានឲ្យដឹងថា កម្ពុជាមិនទាន់មានជំងឺរលាកសួត ចម្លងដោយ វីរុសកូរ៉ូណា នេះទេ ។

លោកមានប្រសាសន៍ថា «ដូច្នេះ សូមអធ្យាស្រ័យ ចំពោះបងប្អូនដែលបំភិតបំភ័យ ខំសរសេរបង្អើរ ចាត់ទុកជាបទឧក្រិដ្ឋ មួយដែរ។ក្នុងការបំភ្លៃព័ត៌មាន មួយនេះ សូមបន្ថយ ឬបញ្ចប់ នៃការផ្សព្វផ្សាយមិនពិត»។

ចំពោះតម្លៃម៉ាស់ឡើងថ្លៃវិញលោកសំណូមពរ ពាណិជ្ជករលក់ម៉ាស់ កុំធ្វើព្យុះភ្លៀង ។

លោកថា “ពីព្រោះការពារជំងឺនេះ ជាជំងឺទូទៅ មិនមែនគ្រាន់តែ ព្រះរាជាណាចក្រកម្ពុជាទេ គឺទាំងពិភពលោក ។បើមានការតំឡើងថ្លៃ ម៉ាស់ហ្នឹងគឺ ចូលបទវិច្ឆិទកម្ម ដែល យើងចោទជាបញ្ហានឹងបាន ។ សូមរក្សាតម្លៃដដែល ដើម្បីផ្ដល់លទ្ធភាព ប្រជាពលរដ្ឋយើង»។

ក្រោយពលរដ្ឋមួយចំនួន មានការភ័យខ្លាចចំពោះខ្យល់បកពីចិនមក កម្ពុជាថា មានការឆ្លងនោះ អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារ បរិស្ថាន នៃក្រសួងបរិស្ថាន លោក ហេង ណារ៉េត បានអះអាងថា ជំងឺរលាកសួតចម្លងដោយ វីរុសកូរ៉ូណា មិនអាចមកដល់កម្ពុជានោះទេ ។លោកថា ជំងឺរលាកសួត មិនអាចរស់នៅបរិយាកាស ខាងក្រៅ ឬរស់នៅក្នុងលំហខ្យល់បានយូរឡើយ។

យោងតាមសារព័ត៌មានរបស់ចិន បានចេញផ្សាយនៅ ថ្ងៃទី២៧ មករា នេះ បានឲ្យដឹងថា ជំងឺរលាកសួត ចម្លងដោយវីរុសកូរ៉ូណា ប្រភេទថ្មី បានសម្លាប់មនុស្សកើន ដល់៨០នាក់ ។ ចំណែកអ្នកឆ្លងបានកើនឡើង រហូតដល់២៧៦១នាក់ ខណៈប្រមាណ៣៧ ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន៕ ដោយ អេង ប៊ូឆេង

To Top