ភ្នំពេញ ៖ លោកស្រី Liurka Rodriguez Barrias ឯកអគ្គរដ្ឋទូតគុយបាថ្មី ប្រចាំកម្ពុជា បានធ្វើការប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងជំរុញ កិច្ចសហប្រតិបត្តិការ ឲ្យមានសភាពកាន់តែសកម្មបន្ថែមទៀត ជាពិសេសអភិវឌ្ឍន៍លើ វិស័យសុខាភិបាល អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតនៅកម្ពុជា ។
ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០លោកស្រី Liurka Rodriguez Barrias បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-គុយបា គឺជាទំនាក់ទំនងប្រវត្តិសាស្រ្ត មិត្តភាពជិតស្និទ្ធហើយក៏ជាទំនាក់ទំនាងមួយ ដែលមានអាយុកាលជាង៦០ឆ្នាំហើយ។
លោកស្រីបន្តថា បេសកកម្មមកកម្ពុជានេះ ធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងចំណងមិត្តភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-គុយបាកាន់តែរឹងមាំបន្ថែមទៀត ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទំនាក់ទំនង ជាប្រវត្តិសាស្រ្ត រវាងប្រទេសទាំងពីរ។
លោកស្រីឲ្យដឹងទៀតថា “ខ្ញុំនឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការ ឲ្យមានសភាពកាន់តែសកម្មបន្ថែមទៀត ជាពិសេសលើវិស័យ សុខាភិបាល វិស័យអប់រំ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត” ។
ជាការឆ្លើយតប សម្ដេចតេជោ យល់ស្របនិងការវាយតំលៃ របស់លោកស្រី ទាក់ទងទៅនឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ហើយសម្តេចក៏បានយល់ស្របផងដែរ ទាក់ទងទៅនឹងការពង្រីក ពង្រឹងទំនាក់ទំនងរវាងប្រទេស ទាំងពីរតាមរយៈជំរុញនូវកិច្ចសហប្រតិបត្តិការនូវវិស័យផ្សេងៗ ដែលប្រទេសទាំងពីរមានស្រាប់។
ក្នុងឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានឲ្យភាគីគុយបា ធ្វើយ៉ាងណាពិនិត្យលើកិច្ចព្រមព្រៀងដែល ភាគីទាំងពីរបានចុះហត្ថលេខារួច ហើយត្រូវជំរុញការអនុវត្តនេះ តាមកិច្ចព្រមព្រៀង។ សម្ដេចក៏បានឲ្យគុយបាពិនិត្យទៅលើអ្វីផ្សេងៗទៀត ដែលប្រទេសទាំងពីរអាចសហការគ្នាបានផងដែរ ៕ ដោយ៖ធី លីថូ