ព័ត៌មានជាតិ

អាគារថ្មី របស់ក្រសួងរៀបចំដែនដី លើទឹកដីខណ្ឌសែនសុខ នឹងលេចចេញជារូបរាង នាពេលឆាប់ៗនេះហើយ

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានរៀបចំពិធីក្រុងពាលី ចាប់ផ្ដើមបើកការដ្ឋាន សាងសង់អាគារទីស្តីការថ្មី ក្នុងផ្ទៃដី៣ហិកតា ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាប់ក្លោងទ្វារហ្គ្រេនភ្នំពេញផ្នែកខាងកើត។

សមិទ្ធផលថ្មីដែលក្រសួង បើកការដ្ឋានសាងសង់ នាពេលនេះ មានទំហំ៥ម៉ឺនម៉ែត្រការ៉េ កម្ពស់៥ជាន់ ហើយបែងចែកជាពីរ គឺអគារទីស្ដីការក្រសួង និងមន្ទីរពិសោធន៍ ដោយគ្រោងនឹងចំណាយពេលសាងសង់ជាង២ឆ្នាំ។

ក្រសួងរៀបចំដែនដី សម្រេចផ្លាស់ប្ដូរអគារទីស្ដីការថ្មី យោងលើហេតុផលសំខាន់ដូចជា ៖ ដោយសារទីតាំងចាស់មានភាពតូចចង្អៀត ប្រឈមនឹងការកកស្ទះចរាចរណ៍ និងឯកសារសុរិយោដី (Hard Copy) បានកើនឡើងច្រើនដល់កម្រិតច្រើនតោន ដែលពិបាកគ្មានកន្លែងទុកដាក់ ឲ្យបានត្រឹមត្រូវ រួមជាមួយ ហេតុផលចាំបាច់មួយចំនួនទៀតផងដែរ ។

សូមបញ្ជាក់ថា បន្ទាប់ពីអាគារទីស្តីការ ក្រសួងរៀបចំដែនដីថ្មី សាងសង់រួចរាល់ជាស្ថាពរ អាគារទីស្ដីការបច្ចុប្បន្ន ដែលស្ថិតនៅតាមបណ្ដោយ ផ្លូវព្រះមុនីវង្ស ត្រូវប្រគល់ឲ្យមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ។
អគារទីស្តីការក្រសួងថ្មីនេះ មានរចនាបថខ្មែរ លម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិធវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ ។ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ។

សំណង់នេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ ក្នុងសម័យតេជោ ដែលបងា្ហញពីសន្តិភាព ស្ថេរភាព ការវិវឌ្ឍ និងសង្គ្រោះសំណង់ប្រភេទនេះ ឲ្យរស់ឡើងវិញជាសំណង់របស់រដ្ឋទុកតជំនាន់ក្រោយទៀត៕

ដោយ ៖ អេង ប៊ូឆេង

To Top