ព័ត៌មានជាតិ

ពិធីបិទ កិច្ចប្រជុំ បូកសរុប លទ្ធផល ការងារ ឆ្នាំ២០១៩ អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញនូវលទ្ធផលស្នាដៃ គួរឲ្យកត់សម្គាល់!

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធី បិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅ ការងារឆ្នាំ២០២០ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើ ផ្ទៃប្រទេស និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជា ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ដែលជាថ្នាក់ដឹកនាំ តាមបណ្តាកងឯកភាព ស្ថាប័ន មន្ទីរ ខណ្ឌ ជុំវិញរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ។

តាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី០៦/១២/២០១៨ ដល់ ថ្ងៃទី០៥/១២/២០១៩ បទល្មើសកើតឡើងក្នុងរាជធានីភ្នំពេញ ដែលអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ និងកត់ត្រាបាន សរុបមានចំនួន៦៥២លើក ក្នុងនោះ ម្ចាស់ការបង្ក្រាប សរុប បានចំនួន ៤៨៦លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន ១,២០៣នាក់ (បញ្ជូនទៅតុលាការចំនួន ១,០៩៥នាក់, ប្រគល់ឲ្យអង្គភាពពាក់ព័ន្ធចំនួន២៦នាក់ និង បានអប់រំឲ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញចំនួន ៨២នាក់)។ ចាប់យកវត្ថុតាង រួមមាន៖ អាវុធខ្លីចំនួន ១៦ដើម, រថយន្ត ចំនួន១៦គ្រឿង, ម៉ូតូចំនួន ៣៦៤គ្រឿង និងថ្នាំញៀនប្រភេទ មេតំហ្វេតាមីនទឹកកក សរុបចំនួន ១,៣៥៩កញ្ចប់ (ស្មើនឹង ៤ គីឡូក្រាម ២៦៥.៧៦ ក្រាម) ព្រមទាំងថ្នាំញៀនប្រភេទចម្រុះមួយចំនួនទៀត៕

To Top