ប្រទេសថៃ៖ នៅក្នុងសន្និសីទរយៈពេល ៦ថ្ងៃ ស្តីពីពានរង្វាន់ព្រះអង្គម្ចាស់ MAHIDOL នៅទីក្រុងបាងកក ប្រទេសថៃ ប្រតិភូ ជាថ្នាក់ដឹកនាំ ប.ស.ស. ចំនួន ០២រូប ក្រោមការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជានាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានទៅចូលរួម សិក្សាស្វែងយល់ និងពិភាក្សាលើប្រធានបទ “ការពន្លឿនវឌ្ឍនភាព ដើម្បីឆ្ពោះទៅការគ្របដណ្តប់សុខភាពសកល (Universal Health Coverage)” ។
តាមការបញ្ជាក់ប្រាប់ពីសំណាក់ លោក ស៊ុំ សោភ័ណ នាយករង ប.ស.ស. បានឱ្យដឹងថា សន្និសីទខាងលើ គឺផ្តោតទៅលើការពិភាក្សា នូវចំណុចសំខាន់ៗចំនួន ៦ រួមមាន ៖
១. វឌ្ឍនភាពស្តីពីគោលដៅ នៃការគ្របដណ្តប់ សុខភាពសកល (UHC Goals) និងបញ្ហាប្រឈម សម្រាប់ទសវត្សបន្ទាប់ នៅក្នុងបរិបទ នៃនិន្នាការសកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
២. អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ដែលផ្តោតលើការថែទាំសុខភាពបឋម ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតប តំរូវការរបស់ប្រជាពលរដ្ឋ
៣. ផ្លាស់ប្តូរគំរូនៃការផ្តល់សេវាកម្ម និងអនុវត្តយុទ្ធសាស្ត្របង្កើនគុណភាព នៃការផ្តល់សេវាសុខាភិបាល
៤. អនុវត្តនិងបង្កើន នូវគោលការណ៍ និងយុទ្ធសាស្រ្តស្នូលនៃហិរញ្ញប្បទានសុខាភិបាល សម្រាប់ការគ្របដណ្តប់ សុខភាពសកល (UHC)
៥. ជំរុញឲ្យមានទំនួលខុសត្រូវ បែបសង្គម និងសមធម៌ដើម្បីបង្កើននវានុវត្តន៍នៅក្នុងបច្ចេកវិទ្យាផ្នែកវេជ្ជសាស្ត្រ, សុខភាពឌីជីថល, ការផ្តល់សេវា, និងហិរញ្ញប្បទាន សុខាភិបាល ដែលជួយពន្លឿនវឌ្ឍនភាព ដើម្បីឆ្ពោះទៅដល់គោលដៅ ការគ្របដណ្តប់ សុខភាពសកល
៦. ពង្រឹងភាពជាអ្នកដឹកនាំ និងគណនេយ្យភា ពដើម្បីពន្លឿនវឌ្ឍនភាព ដើម្បីឆ្ពោះទៅដល់គោលដៅ ការគ្របដណ្តប់សុខភាពសកល និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងតួនាទី នៃអាជ្ញាធ័រមូលដ្ឋាន និងសង្គមស៊ីវិល ក្នុងការពាំនាំពីការប្តេជ្ញាចិត្តទៅជាសកម្មភាព។
សន្និសីទស្តីពីពានរង្វាន់ ព្រះអង្គម្ចាស់ MAHIDOL ខាងលើនេះ ត្រូវបានរៀបចំឡើង ក្រោមការសហការ និងគាំទ្រដោយទីភ្នាក់ងារ សហប្រតិបត្តិការអន្តជាតិជប៉ុន ( JICA ) និងប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែមករា ដល់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួម ពីបណ្តា អង្គភាព/ស្ថាប័ន ពាក់ព័ន្ធទៅនឹង វិស័យសុខាភិបាល នៃបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ សរុបប្រមាណជាង ១០០០នាក់ នៅទីក្រុងបាងកក ប្រទេសថៃ៕