ព័ត៌មានជាតិ

ក្រសួងការបរទេស ស្នើរាជរដ្ឋាភិបាល បើកស្ថានទូត ២បន្ថែមទៀត នៅទ្វីបអាហ្វ្រិក និងអាមេរិកឡាទីន

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើរាជរដ្ឋាភិបាល បើកស្ថានទូតចំនួន ២បន្ថែមទៀតនៅទ្វីបអាហ្វ្រិក និងអាមេរិកឡាទីន ។

ការស្នើរបស់ប្រមុខការទូតនេះ គឺធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងការងារប្រកាសជាផ្លូវការ កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ (ASEM13) នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន ១៧៤ និងមានស្ថានតំណាង ប្រចាំនៅបរទេសចំនួន៦៣ ។ ជាមួយគ្នានោះ ក្នុងឆ្នាំ២០១៩ កម្ពុជាក៏បានចាប់ផ្តើមស្តារ ទំនាក់ទំនងការទូត និងមិត្តភាពជាមួយប្រទេសនានា ដែលជាមិត្តចាស់ មានសាធារណរដ្ឋឆែក ប៊ុលហ្គារី ហុងគ្រី រូម៉ានី ស៊ែប៊ី ។

កម្ពុជាបានទិញអគាររៀបចំ ស្ថានទូតនៅទីក្រុងអង់ការ៉ា ចាប់ផ្តើមជួសជុលស្ថានទូត យើងនៅទីក្រុងសូហ្វីយ៉ា និងបែលក្រាដ បើកស្ថានអគ្គកុងស៊ុលថ្មីនៅទីក្រុងហៃគូ និងកំពុងគិតគូរបើកស្ថានទូតថ្មី នៅប៊ូដាប៉េស្ត៍ផងដែរ ៕ដោយ៖ ខា ដា

To Top