ភ្នំពេញ៖ ស្របពេលដែល ប្រទេសចិន កំពុងតែផ្ទុះជំងឺ រលាកផ្លូវដង្ហេីម បង្កដោយវីរុសកូរ៉ូណា និងមានការរីករាលដាល យ៉ាងខ្លាំងនោះ ក្រសួងការបរទេស និងបណ្តាស្ថានតំណាង របស់កម្ពុជា នៅសាធារណរដ្ឋ ប្រជាមានិតចិន កំពុងធ្វើការទាក់ទង យ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរ និងក្រសួងការបរទេសចិន ដើម្បីតាមដានបច្ចុប្បន្នភាព នៃសុខុមាលភាព របស់ពលរដ្ឋខ្មែរ ជាពិសេសនិស្សិតខ្មែរ ដែលកំពុងសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន។
សូមរំលឹកថា មកដល់ព្រឹកថ្ងៃ៤ កុម្ភៈនេះ អ្នកស្លាប់ដោយ មេរោគកូរ៉ូណាប្រភេទថ្មី មានជាង ៤០០នាក់ និងអ្នកឆ្លងជាង ២ម៉ឺនករណី សម្រាប់ប្រទេសទាំងអស់ ដែលមានការឆ្លង ជំងឺនេះ។ ក្នុងនោះកម្ពុជាបានរកឃើញ ករណីឆ្លងជំងឺប្រភេទថ្មីនេះ កាលពីថ្ងៃ២៧ មករា លើបុរសជនជាតិចិនម្នាក់ អាយុជាង៦០ឆ្នាំ ដែលធ្វើដំណើរ មកពីក្រុងវូហាន ប្រទេសចិន ជាទីដែលនាំឲ្យ កើតជំងឺកូរ៉ូណានេះ ប៉ុន្តែបច្ចុប្បន្នជនជាតិចិននោះ មានសុខភាពល្អ និងទទួលបានការ យកចិត្តទុកដាក់ខ្ពស់ ពីក្រសួងសុខាភិបាល ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ខ្មែរ នៅថ្ងៃទី៣ កុម្ភៈ បានឲ្យដឹងថា ពាក់ព័ន្ធនឹងសភាពការណ៍ វិវឌ្ឍនៃជំងឺឆ្លង ផ្លូវដង្ហើមកូរ៉ូណា នៅក្នុងប្រទេសចិន កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយ យកចិត្តទុកដាក់ខ្ពស់ បំផុត ចំពោះស្ថានការណ៍វិវត្ត នៃការរាលដាល ជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ។
សេចក្ដីប្រកាសបញ្ជាក់ថា “ក្រសួងការបរទស និងបណ្តាស្ថានតំណាង របស់កម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន បានធ្វើការទាក់ទង យ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរ និងក្រសួងការបរទេសចិន ដើម្បីតាមដានបច្ចុប្បន្នភាព នៃសុខុមាលភាព របស់ពលរដ្ឋខ្មែរ ជាពិសេសនិស្សិតខ្មែរ ដែលកំពុងសិក្សា នៅសាធារណរដ្ឋ ប្រជាមានិតចិន”។
ទន្ទឹមនឹងការផ្តល់ទំនុកចិត្ត លើចំណាត់ការ ប្រកបដោយការទទួលខុសត្រូវ របស់អាជ្ញាធរចិន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឱ្យស្ថានតំណាង ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ ប្រជាមានិតចិន ទាក់ទងជាប្រចាំ ជាមួយនឹងអាជ្ញាធរ ពាក់ព័ន្ធ របស់ចិន ដើម្បីផ្ញើជូននិស្សិតខ្មែរ នូវគ្រឿងបរិក្ខារ អនាម័យចាំបាច់នានា។
ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក៏បានទទួល ការបញ្ជាក់ ប្រកបដោយភាពកក់ក្តៅថា សាកលវិទ្យាល័យចិន បានឧបត្ថម្ភស្បៀង និងសម្ភារៈចាំបាច់នានា ដល់និស្សិត ហើយបានសំណូមពរ អោយអនុវត្ត និងគោរពតាមវិធានការបង្ការ និងទប់ស្កាត់ដែលអាជ្ញាធរចិន បានដាក់ចេញ ដើម្បីធានានូវសុវត្ថិភាព និងសុខភាព ផ្ទាល់ខ្លួនផង និងសាធារណៈផង។
ក្នុងសេចក្ដីប្រកាស បានគូសបញ្ជាក់ផងដែរថា “មកដល់បច្ចុប្បន្ននេះ ពុំមានករណីឆ្លងមេរោគនេះ លើពលរដ្ឋខ្មែរទេ”។ ក្នុងស្មារតីយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងតាមដាន សុខុមាលភាព របស់ពលរដ្ឋយើង ជាពិសេសនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅ និងសិក្សានៅប្រទេសចិន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជា នៅសាធារណរដ្ឋ ប្រជាមានិតចិន បានបង្កើតបណ្តាញ WeChat ជាមួយនិស្សិតខ្មែរនៅតាមតំបន់នានា នៅប្រទេសចិន ដើម្បីសម្រួលដល់ ទំនាក់ទំនង និងការផ្តល់ព័ត៌មាន បានទាន់ពេលវេលា។
ទន្ទឹមនឹងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក៏បានរៀបចំ ជាប្រព័ន្ធទូរស័ព្ទ សម្រាប់មាតាបិតា អាណាព្យាបាល និស្សិត ដែលកំពុងស្នាក់ អាស្រ័យ នៅប្រទេសចិន ដែលចង់បានព័ត៌មានបន្ថែម ឬមានចំងល់ទាក់ទង នឹងសុវត្ថិភាព និងសុខភាពនិស្សិត តាមលេខទំនាក់ទំនង ដូចខាងក្រោម៖
+លោក ជ័យ រដ្ឋា 077575807
+លោក យស សុខេមរិន 012445959
+លោក ហន ឧសភា 089216599៕
ដោយ៖ ខា ដា