ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានវិធានការចំពោះរថយន្ត បំពាក់ស្លាកលេខ ខេមរភូមិន្ទក្លែងក្លាយ

ភ្នំពេញ៖មជ្ឈដ្ឋានជាច្រើន មើលឃើញថា បញ្ហារថយន្តអ្នកធំ អ្នកមានលុយ និង មានអំណាច បំពាក់សុទ្ធតែស្លាកលេខខេមរភូមិន្ទ គឺ បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លា នាពេលកន្លងមក ព្រោះតែមានសកម្មភាព បទល្មើសមួយចំនួន ។ លើសពីនេះ ទៅទៀត ពេលខ្លះ សមត្ថកិច្ចរកឃើញថា ស្លាកលេខខេមរភូមិន្ទ គឺជាស្លាកលេខក្លែងក្លាយថែមទៀតផង ។

ទោះបីយ៉ាងណា នៅពេលនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្តើមប្រតិបត្តិការ និង មានវិធានការហើយ ចំពោះរថយន្តបំពាក់ស្លាកលេខ ខេមរភូមិន្ទក្លែងក្លាយ ទាំងនេះ ។

ហ្វេសប៊ុកផេក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ នេះថា កាលពីថ្ងៃទី៤ ខែកុម្ភៈ កម្លាំងជំនាញមន្ទីរសម្ភារៈបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអនុវត្តការងារ រថយន្ត បំពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយ ប័ណ្ណបើកបរខេមរភូមិន្ទ វិទ្យុទាក់ទង ដោយគ្មានការអនុញ្ញាត ពីក្រសួង និង អង្គភាព នៅលើកំណាត់ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ដោយពុំខ្លាចពីភាពនឿយហត់ឡើយ ។

ប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ចនឹងមានវិធានការ អោយមានប្រសិទ្ធភាព ចំពោះរថយន្តបំពាក់ ស្លាកលេខខេមរភូមិន្ទក្លែងក្លាយ ទាំងនេះ ៕

To Top