ព័ត៌មានជាតិ

ជប៉ុនផ្ដល់ជំនួយជាង ២៧ម៉ឺនដុល្លារ សម្រាប់គម្រោងសាងសង់ អគារសិក្សា និងប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាត នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយ ឥតសំណងចំនួន ២៧៦.២៦៦ដុល្លារ សម្រាប់គម្រោងសាងសង់អគារសិក្សា ក្នុងអនុវិទ្យាល័យបន្ទាយប្រណាក ខេត្តកំពង់ស្ពឺ និងគម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីចុះហត្ថលេខា នារសៀលថ្ងៃទី៥ ខែកុម្ភៈ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន បានមានប្រសាសន៍ថា ជំនួយនេះគឺទី១. រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៩០.៧៥៤ដុល្លារ សម្រាប់គម្រោងសាងសង់ អគារសិក្សាក្នុងអនុវិទ្យាល័យបន្ទាយប្រណាក ខេត្តកំពង់ស្ពឺ ក្នុងនោះសាងសង់អគារសិក្សា១ខ្នង មាន៦បន្ទប់ និងបង្គន់អនាម័យ ចំនួន ២បន្ទប់ ។ ទី២.រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៨៥.៥១២ដុល្លារ សម្រាប់គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការភ្នំឆ័ត្រ នៅខេត្តបន្ទាយមានជ័យ ។

លោកទូតបន្តថា តាំងពីឆ្នាំ១៩៩១ រហូតមកដល់បច្ចុប្បន្ន ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយជាង ៦០០គម្រោង តាមយៈជំនួយគ្រោងការសហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុន ជំនួយឧបត្ថម្ភសុខមនុស្ស ជាតិ(ជំនួយ KUSANOE) សម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតតូចនៅកម្ពុជា។

លោកទូតបន្ថែមថា សម្រាប់គម្រោងសាងសង់ អគារសិក្សា ក្នុងអនុវិទ្យាល័យបន្ទាយប្រណាក ខេត្តកំពង់ស្ពឺ មានគោលបំណងធានាឲ្យបាននូវបរិយាកាស សិក្សាប្រកបដោយសុវត្ថិភាព និងមានផាសុខភាពជាងមុន សម្រាប់សិស្សានុសិស្ស ដោយរំពឹងថា នឹងផ្ដល់ផលប្រយោជន៍ដល់សិស្សានុសិស្ស ព្រមទាំងគ្រូប្រមាណ ៥០០នាក់ តាមរយៈការកែលម្អគុណភាពអប់រំ ។ ដោយឡែកសម្រាប់គម្រោង សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការភ្នំឆ័ត្រ នៅខេត្តបន្ទាយមានជ័យ ក៏រំពឹងដែរថា ប្រជាជនប្រមាណ ១៨០០នាក់ ដែលភាគច្រើនជាជនពិការភាព នឹងទទួលបានទឹកស្អាតតាមរយៈគម្រោងនេះ ។

ប៉ុន្តែទោះបីជាមានការអភិវឌ្ឍ ច្រើនយ៉ាងណាក៏ដោយ ក៏លោកទូតជប៉ុន ទទួលស្គាល់ថាប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅ របស់ប្រជាជន ។ លោកទូតថា ប្រទេសជប៉ុននឹងបន្តចូលរួម ចំណែកក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗរួមបញ្ចូលទាំង KUSANOE ៕

To Top