ស្ទឹងត្រែង: នគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនជាតិឡាវ២នាក់ដកហូតមួយចំនួនធំ បន្ទាប់ពីឆ្លងដែននាំគ្រឿងញៀនចូលមកជួញដូរ នៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរ ស្វាយសែនជ័យ កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាងអោយដឹងថា កម្លាំងជំនាញគ្រឿងញៀននៃអធិកាដ្ឋាននគរបាលស្រុកសៀមប៉ាង និងប៉ុស្តិ៍រដ្ឋបាលឃុំសេកុង ឃុំព្រែកមាស និងឃុំស្រែសំបូរ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ បានមួយករណី នៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរ ស្វាយសែនជ័យ ដោយបានឃាត់ខ្លួនជនជាតិឡាវចំនួន២នាក់ និងបានដកហូតវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន WY ចំនួន២កញ្ចប់តូច ស្មើនឹង៣៨២គ្រាប់។ប្រតិបត្តិការខាងលើនេះ ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី នូ ហួរស្នងការស្តីទីនគរបាលខេត្តស្ទឹងត្រែង។
ជនសង្ស័យជនជាតិឡាវទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះហៀវ ប៊ុតទីវង្ស ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិឡាវ និងម្នាក់ទៀតឈ្មោះ វង់ អុឹង ភេទប្រុស អាយុ១៦ឆ្នាំ ជាជនជាតិឡាវ ។ ជនសង្ស័យទាំង២នាក់នេះរស់នៅភូមិប៉ាគៀប ស្រុងមឿងឃូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។
ក្រោយពីការចាប់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្តតាមនីតិវិធី៕