ព័ត៌មានជាតិ

នាយក ប.ស.ស. ទទួលជួបពិភាក្សាការងារ ជាមួយ ភារៈធារី នៃស្ថានទូត សាធារណរដ្ឋ ហ្វីលីពីន ប្រចាំកម្ពុជា លើការអនុវត្ត វិស័យសន្តិសុខសង្គម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក បេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួប ពិភាក្សាការងារ ជាមួយ លោកស្រី Myca Magnolia M. FISCHER ភារៈធារី នៃស្ថានទូត សាធារណរដ្ឋហ្វីលីពីន ប្រចាំប្រទេសកម្ពុជា លើការអនុវត្ត ស្តីពីវិស័យសន្តិសុខសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការកណ្តាល ប.ស.ស. កម្ពុជា រាជធានីភ្នំពេញ។

នាឱកាសនោះ លោកប្រតិភូរាជរដ្ឋាភិបាល បានសំដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនហ្វីលីពីន ដែលតែងតែ ជួយផ្តល់ការគាំទ្រ ដល់កម្ពុជា ពិសេសលើកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសន្តិសុខសង្គម។

លោកប្រតិភូរាជរដ្ឋាភិបាល បានរៀបរាប់អំពីសារបានខ្លះៗ ស្តីពីការអនុវត្ត របបសន្តិសុខសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ន ប.ស.ស. បានកំពុងនឹងអនុវត្ត របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់វិស័យឯកជន ចាប់តាំងពីចុងឆ្នាំ ២០០៨ និងរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពសម្រាប់វិស័យឯកជន នៅឆ្នាំ២០១៦ និងសម្រាប់វិស័យសាធារណៈ (មន្ត្រីរាជការ) នៅឆ្នាំ២០១៨។ ចំណែក របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន នឹងត្រូវអនុវត្ត នាពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ លោកស្រីភារៈធារី នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីន បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើររវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ លើគ្រប់វិស័យទាំងអស់ ដែលក្នុងនោះក៏មាន កិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខសង្គមផងដែរ ដែលកន្លងមក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) និងអង្គភាពធានារ៉ាប់រង សុខភាពហ្វីលីពីន (PhilHealth) បានចុះអនុស្សារណៈនៃការយោគយល់ ស្តីពីភាពជាដៃគូរួមគ្នា កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។

លោកស្រីភារៈធារី បានបន្ថែមទៀតថា លោកស្រីនឹងជម្រុញស្ថាប័ន/អង្គភាព ពាក់ព័ន្ធនឹង សន្តិសុខសង្គម របស់ប្រទេសហ្វីលីពីន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខសង្គម ជាមួយ ប.ស.ស. ពិសេសលើ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលពាក់ព័ន្ធនឹងចល័តភាពរបបសន្តិសុខ សម្រាប់ពលករ ទេសន្តរប្រវេសន៍ រវាងប្រទេសទាំងពីរផងដែរ៕

To Top