ព័ត៌មានជាតិ

ខ្មាន់កាំភ្លើង បាញ់៦គ្រាប់រំដោះម៉ូតូ នៅហាងម៉ាស្សា លីលី ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញ ក្របួចបាន ដូចកុកជាប់ជង់

ភ្នំពេញ ៖ កាលពីយប់ម៉ោង ៧និង៥០នាទី ថ្ងៃទី ៣១ មករា ឆ្នាំ ២០២០ នៅចំណុចហាងម៉ាស្សាកោសជប់ ឈ្មោះ(លី លី) ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីឈ្លោះប្រកែកគ្នា រវាងភ្ញៀវជាមួយនារីម៉ាស្សា ឈានទៅដល់ការផ្ទុះអាវុធ ចំនួន ០៦គ្រាប់ ដើម្បីរំដោះម៉ូតូចេញ ពីហាងម៉ាស្សា ព្រោះតែគ្មានលុយឲ្យថ្លៃម៉ាស្សា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់មហាជន ជាខ្លាំង ។

រហូតមកដល់វេលាម៉ោង៤ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ គឺរយៈពេល៦ថ្ងៃ ជនដៃដល់ដែលជាខ្មាំន់កាំភ្លើង ត្រូវបានកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូត ឈានដល់ធ្វើការកំណត់មុខសញ្ញា ដែលរត់គេចខ្លួនទៅខេត្តកោះកុង ទើបកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តទៅសហការជាមួយកម្លាំងអាវុធហត្ថខេត្តកោះកុង ធ្វើការឃាត់ខ្លួនជនសង្ស័យ មកកាន់ទីបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ តែម្តង។

តាមវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ លន់ ជីវ័ន ហៅមាស ជាមន្ត្រីយោធា បានសារភាពឲ្យដឹងថា ដើមហេតុ ដែលនាំឲ្យរូបខ្លួនបាញ់នោះ គឺដោយសារដំបូងឡើយ នៅថ្ងៃកើតហេតុ រូបគេមិនស្រួលខ្លួនរសេះរសោះ ក៏សម្រេចចិត្តទៅកោសខ្យល់ នៅហាងម៉ាស្សាខាងលើ នៅពេលដែលចូល ដល់ក្នុងបន្ទប់ រូបខ្លួនបានដោះអាវ ឲ្យគេកោសខ្យល់ ស្រាប់តែនារីកោសខ្យល់ ដែលចូលក្នុងបន្ទប់ជាមួយ បានស្ទាបអង្អែលខ្លួនប្រាណ និងលូកដៃចាប់ប្រដាប់ភេទ របស់ខ្លួន ហើយរូបខ្លួន ក៏មើលមុខនារីនោះដឹងថា ជាខ្ទើយ(ប្រុសតែងខ្លួនធ្វើស្រី) រូបខ្លួនមិនចូលចិត្ត ក៏បានហាមឃាត់ និងរុញច្រាននារីខ្ទើយនោះចេញ បណ្តាលឲ្យមានការប្រតាយប្រតប់គ្នា ដាច់ឡេវអាវរហែក និងដាច់សាច់បំពង់ក ព្រោះតែនារីខ្ទើយនោះខ្វាចនឹងក្រចក ធ្វើឲ្យខ្លួនខឹងជាខ្លាំង ក៏បានចេញក្រៅបន្ទប់ បម្រុងយកម៉ូតូចេញ ពីកន្លែងកើតហេតុ តែអ្នកនៅហាង មិនព្រមឲ្យយកម៉ូតូចេញ និងទាមទារ លុយចំនួន១០ម៉ឺនរៀល ហើយរូបខ្លួនសុំសម្រួលត្រឹម ១ម៉ឺន៥ពាន់រៀល តែអ្នកនៅហាងម៉ាស្សានោះមិនព្រម ទើបពេលនោះរូប ខ្លួនខឹងខ្លាំង ក៏សម្រេចចិត្ត ទៅលួចយកកាំភ្លើងនៅអង្គភាព មកបាញ់គម្រាមនៅកន្លែង កោសខ្យល់ចំនួន ០៦គ្រាប់ ដើម្បីយកម៉ូតូត្រឡប់ទៅវិញ ។ ក្រោយពេលបាញ់រួចរូប ខ្លួនបានយកកាំភ្លើង ទៅទុកក្នុងអង្គភាពវិញ ដោយមិនឲ្យមានគេដឹង រួចក៏ទៅសម្ងំលាក់ខ្លួន គីឡូម៉ែត្រលេខ១០ ខណ្ឌឬស្សីកែវ១យប់ បន្ទាប់មកគេចទៅលាក់ខ្លួន នៅខេត្តឧត្តមមានជ័យ៤ថ្ងៃ ក្រោយមកបានប្តូរមកលាក់ខ្លួន នៅខណ្ឌឬស្សីកែវវិញ បាន០២ថ្ងៃ ចុងក្រោយបានរត់គេចទៅខេត្តកោះកុង ស្រាប់តែដល់ចំណុចវត្តគងឆាង ភូមិជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក៏ត្រូវបានកម្លាំងជំនាញអាវុធហត្ថឃាត់ខ្លួន មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញតែម្តង ដូចពាក្យចាស់ពោលថា កុកអាចភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ ទោះបីជនសង្ស័យមានភាពវៃឆ្លាតយ៉ាងណាមុននិងក្រោយ នៅតែមិនអាចរត់រួចខ្លួន ពីការតាមប្រម៉ាញ់របស់សមត្ថកិច្ចដដែល ៕

To Top