ភ្នំពេញ ៖ តាមរយៈការអញ្ជើញរបស់ ក្រសួងការបរទេសជប៉ុន និស្សិតកម្ពុជាចំនួន១២រូប មកពី៧សាកលវិទ្យាល័យ រួមជាមួយនឹង និស្សិតបណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYS 2019។
យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិល ទទួលបាន នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា
និស្សិតប្រតិភូ នឹងត្រូវបែងចែកជា៥ក្រុម ទៅតាមប្រធានបទផ្សេងៗដូចជា ,ទី ១- វិស័យ ទេសចរណ៍ និងការអភិវឌ្ឍទេសចរប្រកបដោយចីរភាព ,ទី២-ពលករអន្តោប្រវេសន៍ ,ទី៣-ការអប់រំប្រកបដោយគុណភាព ,ទី៤- ការខ្ជះខ្ជាយអាហារ និងទី៥-ការយល់ដឹងអំពីការកាត់បន្ថយគ្រោះមហន្តរាយ។
ទូតជប៉ុនបន្ដថា ពួកគាត់ នឹងស្វែងយល់កាន់តែស៊ីជម្រៅលើបញ្ហានីមួយៗ តាមរយៈការពិភាក្សា ការចូលរួមសិក្ខាសាលាដែលឧទេ្ទសនាមដោយអ្នកឯកទេស និងទស្សនកិច្ចនៅទីកន្លែងមួយចំនួនជាមួយនិស្សិតប្រតិភូមកពី បណ្តាប្រទេសអាស៊ាន និងជប៉ុន។ ពួកគាត់ ក៏នឹងមានឱកាសទទួលបានបទពិសោធន៍ពីវប្បធម៌ជប៉ុនផងដែរ។
សូមរំលឹកថា កម្មវិធី JENESYS មានគោលបំណងជម្រុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២១០០នាក់ហើយ តាំងពីឆ្នាំ២០០៧មក៕ ដោយ អេង ប៊ូឆេង