ព័ត៌មានជាតិ

រួមចិត្ត រួមកម្លាំងគ្នា ពុះពារការលំបាក ជាមួយគ្នា

ភ្នំពេញ ៖ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ផ្ទៃមេឃ នៃរដ្ឋធានីប៉េកាំង កំពុងតែធ្លាក់ព្រិល ។ នាម៉ោង៣រសៀល ជើងហោះហើរផ្ទាល់ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះចត ក្នុងអាកាសយានដ្ឋាន អន្តរជាតិក្រុងប៉េកាំង ។ ក្នុងពេលចុះពីលើយន្តហោះ សម្តេចបានអោបយ៉ាងស្និត ជាមួយ ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋចិន ដែលបានអញ្ជើញ មកទទួលស្វាគមន៍សម្តេច ។ ការអោបនេះបានបង្កប់នូវអត្តន័យ ដ៏សែនជ្រាលជ្រៅជាទីបំផុត ។ ប្រទេសចិន កំពុងតែរួមគ្នា ប្រយុទ្ធប្រឆាំងទប់ស្កាត់ គ្រប់គ្រង និងរារាំងជាមួយនឹងជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណា ប្រភេទថ្មីមួយនេះដ៏លំបាក ។ ការបំពេញទស្សនកិច្ច របស់សម្តេចលើកនេះ ក៏ប្រៀបដូច “បានផ្តល់ធ្យូងកម្តៅ ក្នុងរដូវរងា” ដ៏ជាក់ស្តែងផងដែរ ។

ជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មី ដែលបានកើតមានក្នុងប្រទេសចិន នាពេលនេះ បានជំរុញដល់បេះដូង ប្រជាជនកម្ពុជា ដែលជា “មិត្តដែកថែប” ។ ពីមួយថ្ងៃទៅមួយថ្ងៃ គ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា បានផ្តល់ការគាំទ្រ យ៉ាងមុះមុតដល់ចិន ក្នុងការប្រយុទ្ធប្រឆាំង នឹងជម្ងឺនេះក្រោមរូបភាពគ្រប់ទម្រង់ ។

នាថ្ងៃទី៣០ ខែមករា សម្តេចតេជោ បានថ្លែងមតិក្នុងប៉ុស្តិ៍ទូរទស្សន៍កម្ពុជាទាំងអស់ ដោយបានវាយ តម្លៃខ្ពស់ ចំពោះការចាត់វិធានការ ទប់ស្កាត់គ្រប់គ្រង របស់ភាគីចិន ប្រកបដោយការស្វះស្វែង ភាពទាន់ពេល និងប្រសិទ្ធភាព ហើយលោក មានប្រសាសន៍ថា កម្ពុជាមិនជម្លៀសប្រជាជនខ្លួន ដែលកំពុងស្នាក់អាស្រ័យ ក្នុងប្រទេសចិនមកវិញទេ ក៏មិនបញ្ឈប់ជើងហោះហើរ ដែលទាក់ទងជាមួយ នឹងប្រទេសចិនដែរ ហើយក្នុងប្រទេសកម្ពុជា ក៏មិនត្រូវរើសអើងប្រជាពលរដ្ឋចិន ក្នុងវិស័យកម្សាន្តទេសចរណ៍ និងវិស័យសេវាកម្ម និងដឹកជញ្ជូនផងដែរ ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងរួមសុខរួមទុក្ខ ជាមួយនឹងរដ្ឋាភិបាល និងប្រជាជនចិន ដើម្បីឆ្លងផុតនូវគ្រា ដ៏លំបាកជាមួយគ្នា។
ពាក្យពេចន៍របស់សម្តេច ក៏ទទួលបានការកោតសរសើរ ពីសំណាក់ប្រជាជនចិន យ៉ាងច្រើនផងដែរ ។
នាថ្ងៃទី៥ ខែកុម្ភៈ សម្តេច បានបំពេញទស្សនកិច្ច ក្នុងប្រទេសកូរ៉េខាងត្បូង រួចក៏បានសម្រេចចិត្តភ្លាមៗ ក្នុងការបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន លោកបានយកសកម្មភាព ផ្ទាល់មកបញ្ជាក់ពីការរស់នៅ ជាមួយគ្នារវាងកម្ពុជា និងចិន ជារៀងរហូត ។
លោកក៏ជាថ្នាក់ដឹកនាំកំពូល បរទេសទី១ ដែលបានបំពេញទស្សនកិច្ច ក្នុងប្រទេសចិន ក្នុងអំឡុងពេល ដែលកើតឡើងនូវវីរុសមួយនេះ ។ ដូចសម្តីរបស់សម្តេច ដែលបានលើកឡើងថា ការសម្រេចចិត្តភ្លាមៗ ក្នុងការបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ក្នុងអំឡុងពេល ដ៏ពិសេសនេះ បានបង្ហាញឲ្យឃើញពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា គាំទ្រយ៉ាងពេញទំហឹង ចំពោះការប្រយុទ្ធប្រឆាំង នឹងវីរុសមួយនេះ នៃរដ្ឋាភិបាល និងប្រជាជនចិន ។ ក៏ព្រោះតែដើម្បីបង្ហាញពីអាកប្បកិរិយា ជាក់ស្តែង របស់ ប្រជាជនកម្ពុជា ក្នុងការពុះពារលំបាក ជាមួយនឹងប្រជាជនចិន ។ ក៏ព្រោះតែចង់ប្រាប់ពី “មិត្តដែកថែប” និងសហគមន៍ជោគវាសនា រួមយ៉ាងពិតប្រាកដរវាងចិន និងកម្ពុជាជូន ទៅកាន់មនុស្សលើពិភពលោកផងដែរ ។
មានមិត្តបណ្តាញអ៊ីនធើណេត បានលើកឡើងថា ប្រសិនមិនមែនជាបងប្អូន ស្លាប់រស់ក៏មិនអាចធ្វើបែបនេះបានដែរ ហើយប្រសិនមិនមែនជាមិត្តដែកថែបក៏ពិបាកនឹងធ្វើបែបនេះបានដែរ។
សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យផ្ញើព្រះរាជសារលិខិត ពិសេសជូនដល់ប្រធានាធិបតីចិន Xi Jinping បង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខលំបាក ដែលប្រជាជនចិនកំពុងជួបប្រទះ ក៏សូមសរសើរប្រទេសចិន ដែលបានចាត់វិធានការ យ៉ាងតឹងរឹង ទូលំទូលាយ មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងគ្រប់គ្រង ជឿជាក់ថារដ្ឋាភិបាល និងប្រជាពលរដ្ឋចិននឹងយកឈ្នះលើវីរុសនេះក្នុងពេលឆាប់ៗ ។ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ដើម្បីជាកម្លាំងដល់ភាគីចិន ក្នុងការប្រយុទ្ធចំពោះវីរុស ដែលកំពុងរាតត្បាតនេះ។ ថវិកាសប្បុសធម៌ដ៏មានតម្លៃ មនោសញ្ចេតនាមិត្ដភាព មិនអាចកាត់ថ្លៃបាន ប្រជាជនចិន នឹងចងចាំពីមិត្តភាពនេះជារៀងរហូត ។

ដើមឈើមិត្តភាពចិន និងកម្ពុជា ហេតុបានជាមានការរីកលូតលាស់ល្អ ព្រោះតែមិត្តភាពនេះបានចាក់ឫសយ៉ាងជ្រៅ ក្នុងជម្រៅចិត្តរបស់ប្រជាជនទាំងពីរ។ ប្រឈមនឹងជម្ងឺវីរុសថ្មីនេះ អង្គការសង្គមស៊ីវិលប្រជាជនទូទៅក្នុងកម្ពុជា បានប្រើសកម្មភាពជាក់ស្តែង ដើម្បីបកស្រាយ ពីចំណងមិត្តភាព ។ ក្នុងរយៈពេលកន្លងមកនេះ មិត្តកម្ពុជាជាច្រើន បានរិះរកមធ្យោបាយ ដើម្បីរៃអង្គាសថវិកា និងសម្ភារៈការពារវីរុស ដើម្បីបញ្ជូនទៅកាន់ប្រទេសចិន ។
កុមារកម្ពុជាដែលមានជំងឺបេះដូង ពីកំណើតចំនួន៨៦គ្រួសារ ដែលធ្លាប់ទទួលបានការព្យាបាល នៅក្នុងប្រទេសចិន ដោយឥតគិតថ្លៃ គ្រួសារទាំងនោះបានបញ្ចេញ ប្រាក់សន្សំដ៏ស្តួចស្តើង ដើម្បីទិញម៉ាសការពារ ចំនួនលើសពី៥០០០ដល់ ខេត្តយូណាន ប្រទេសចិន ។ “ចិនធ្លាប់ជួយដល់ពួកយើង ហើយពេលនេះចិនកំពុងជួបការលំបាក យើងមិនអាចអោបដៃឈរមើលទេ ថ្វីបើថវិកាមិនច្រើន តែវាជាទឹកចិត្ត របស់យើង។” សម្ដីរបស់ពួកគាត់បង្កប់នូវអត្ថន័យសាមញ្ញ ជាក់ស្តែង និងពោរពេញទៅដោយភាពកក់ក្តៅ។ ទន្ទឹមនឹងនេះ មានប្រជាជនកម្ពុជាជាច្រើន បានផ្ញើសារលើកទឹកចិត្តដល់ប្រទេសចិន និងអ៊ូហាននៅតាមបណ្ដាញ សង្គមនាៗ លើប្រព័ន្ធអ៊ីនធើណេត។

“ផ្លូវឆ្ងាយដឹងពីកម្លាំងសេះ ពេលវេលាយូរ នឹងស្គាល់ពីអត្តចរិតមនុស្ស ។” ប្រទេសចិន ជួបប្រទះនូវវីរុសនេះ ហាក់ដូច ជាកញ្ចក់មួយ អាចឲ្យយើងឃើញយ៉ាងច្បាស់ នូវមនុស្សណា ដែលយើង អាចទុកចិត្តបាន មិត្តអាចរួមសុខទុកជាមួយគ្នាបាន ។ ពួកយើងមានហេតុផល អាចជឿបានថា ស្ថិតនៅក្រោមការ លើកទឹកចិត្ត និងជួយពីមិត្ត បណ្តាប្រទេស ដែលរាប់បញ្ចូល ទាំងប្រទេសកម្ពុជា ហើយស្ថិតនៅក្រោមការដឹកនាំ ដ៏មុះមុត នៃបក្សកុម្មុយនីស្តចិន ដែលមាន ឯកឧត្តម Xi Jinpingជាស្នូល ប្រាកដជាអាចយកជម្នះលើវីរុសនេះយ៉ាងឆាប់រហ័ស។
ឆ្នាំនេះគឺជាខួប ១០ ឆ្នាំ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ការស្ថាបនាសហគមន៍ ជោគវាសនារួមរវាងចិន និងកម្ពុជា នឹងឈានចូល ដល់ដំណាក់កាលថ្មីមួយ ។ ក៏ដូចនូវអ្វី ដែលលោកប្រធានាធិបតី Xi Jinping បានបញ្ជាក់ មិត្តភាពចិន និងកម្ពុជាបានបង្ហាញ ទៅកាន់ពិភពលោកពីមិត្តភាព ដ៏ពិតប្រាកដរវាងប្រទេស និងរវាងប្រជាជន ក៏ក្លាយជារឿងដំណាលដ៏ស្រស់បវរ នៃកិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ ។ ក្នុងឆ្នាំថ្មីនេះ ភាគីចិនស្ម័គ្រចិត្ត បន្ដកិច្ចសហការយ៉ាងជិតស្និត ជាមួយភាគីកម្ពុជា ដើម្បីសម្រេចឲ្យបាននូវផែនការ សកម្មភាពកសាងសហគមន៍ ជោគវាសនារួមរវាងចិន និងកម្ពុជា ដើម្បីជំរុញឲ្យទំនាក់ទំនង នៃប្រទេសទាំងពីរ ឈានដល់កម្រិតថ្មីមួយទៀត ៕

To Top