ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនដែលភ្លេចកំណើត និងឧត្តមគតិរបស់ខ្លួនឡើយហើយ តែងតែឈរ នៅជាមួយប្រជាពលរដ្ឋ មិនរត់ចោលពលរដ្ឋ ជាពិសេស ស្លាប់រស់ជាមួយពលរដ្ឋផងដែរ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារស្នាក់ការ សាលប្រជុំ និងសមិទ្ធផលនានារបស់ គណបក្សប្រជាជនកម្ពុជា នៅ ស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ សម្ដេច ស ខេងមានប្រសាសន៍ថា «ខ្ញុំចង់បញ្ជាក់ថា យើងគណបក្សប្រជាជនកម្ពុជា មិនបានភ្លេចពីកំណើតទេ មិនភ្លេចពីឧត្តមគតិរបស់ខ្លួនទេ គឺជានិច្ចកាឈរនៅមួយប្រជាជន ស្លាប់រស់នៅជាមួយប្រជាជន ហើយមិនរត់ចោលប្រជាជន នេះជាការពិតជាក់ស្ដែងមិនមែនយើងចេះតែថាទេ ចេះតែនិយាយទេ គឺយើងបានធ្វើ និងកំពុងធ្វើ ហើយយើងកំពុងធ្វើតទៅមុនទៀត»។
សម្ដេចបន្ដថា «គណបក្សប្រជានកម្ពុជាយើង ជាគណបក្សប្រកាន់ភ្ជាប់នៅឧត្តមគតិរបស់ខ្លួន តាំងពីដើមរៀងរហូតមកដល់បច្ចុប្បន្ននេះ។ឧត្តមគតិរបស់ខ្លួនចង់និយាយថា ការតស៊ូរបស់ខ្លួនគឺដើម្បីជាតិ ដើម្បីប្រជាជន និងប្រជាពលរដ្ឋ ដើម្បីសុខសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិ»។
សម្ដេចបន្ថែមថា ជាក់ស្ដែងរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការដឹកនាំរបស់ គណបក្សកុម្មុយនីស្តកម្ពុជា ដែលមានពួកប៉ុលពតជាមេក្លោង បានធ្វើបាបពលរដ្ឋយ៉ាងច្រើន។
សម្ដេចរៀបរាប់ថា នៅពេលដែលពួកគេត្រូវការពលរដ្ឋ ពួកគេដើរគៀងគរ និងនិយាយលួងលោមពលរដ្ឋ ដើម្បីមកគាំទ្រខ្លួន ដល់ពេលខ្លួនឡើងកាន់អំណាច បានសម្លាប់ពលរដ្ឋដោយគ្មានហេតុផល។ដូច្នេះ និយាយបានថាពួកគេ «ក្បត់ឆន្ទៈ និងក្បត់ឧត្តមគតិ ខ្លួនឯង»។
ជាងនេះទៅទៀត អនុប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថា គណបក្សប្រជាជន ក្រោយឆ្នាំ១៩៧៩ មកទល់ពេលបច្ចុប្បន្ននេះ គណបក្ស នៅបន្ដរក្សាឧត្តមគតិរបស់ខ្លួន ជាពិសេស មន្ដ្រីរបស់គណបក្ស តែងតែរួមសុខ រួមទុក្ខជាមួយពលរដ្ឋជារៀងជាប់ជាប្រចាំនៅតាមមូលដ្ឋាន បើពលរដ្ឋចង់បានអ្វីគណបក្សប្រជាជន ដោះស្រាយជូនភ្លាមៗ៕ដោយ៖ អេង ប៊ូឆេង